សេដ្ឋកិច្ច
Elon Musk គំរាមហាមឧបករណ៍ Apple ក្នុង ក្រុមហ៊ុនខ្លួន ប្រសិនបើបំពាក់មុខងារ OpenAI ក្នុងប្រព័ន្ធប្រតិបត្តិការ
មហាសេដ្ឋី លោក អេឡុន ម៉ាសក៍ បាននិយាយគំរាមកាលពីថ្ងៃចន្ទថា លោកនឹងហាមឃាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផលិតដោយក្រុមហ៊ុន Apple ក្នុងក្រុមហ៊ុនផ្សេងៗរបស់លោក ប្រសិនបើក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone មួយនេះ ដាក់បញ្ជូលមុខងាររបស់ OpenAI ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។

លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX បាននិយាយក្នុងការបង្ហាញសារនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) ដែលជាក្រុមហ៊ុនរបស់លោកផងដែរនោះថា៖ «នោះ(ទង្វើរបស់ Apple)គឺជាការរំលោភលើសុវត្ថិភាពដែលមិនអាចទទួលយកបាន»។ លោកបន្តថា អ្នកទៅទស្សនា នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យរកមើលឧបករណ៍ Apple របស់ខ្លួននៅមាត់ទ្វារ ហើយរក្សាឧបករណ៍នោះនៅក្នុងទ្រុង Faraday ដែលគេសំដៅលើបន្ទប់ផ្ដាច់រលកអេឡិចត្រូម៉ាញេទិក។
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ឬបញ្ញាសិប្បនិម្មិត (AI) OpenAI មិនបានប្រតិកម្មយ៉ាងណាភ្លាមៗនោះទេ ប៉ុន្តែគេមើលឃើញថា ការគំរាមរបស់លោក អេឡុន ម៉ាសក៍ ធ្វើឡើងប៉ុន្មានក្រោយក្រុមហ៊ុន Apple បានប្រកាសអំពីមុខងារ AI មួយចំនួននៅក្នុងកម្មវិធី និងវេទិកាប្រតិបត្តិការផ្សេងៗរបស់ខ្លួន និងភាពជាដៃគូជាមួយ OpenAI ដើម្បីដាក់បញ្ជូលសុសវ៉ែរឆ្លើយតបសារស្វ័យប្រវត្តិ ChatGPT ទៅក្នុងឧបករណ៍របស់ខ្លួន។

ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបានបង្កើត AI ដោយដាក់ឯកជនភាពជាស្នូល ហើយថាខ្លួននឹងប្រើការរួមបញ្ចូលគ្នានៃដំណើរការលើឧបករណ៍ និងបច្ចេកវិទ្យាពពក ដើម្បីដំណើរការមុខងារទាំងនោះ។
លោក ម៉ាសក៍ ថ្លែងបន្តយ៉ាងដូច្នេះថា៖ «វាជារឿងមិនសមហេតុផលទេ ដែល Apple មិនឆ្លាតគ្រប់គ្រាន់ក្នុងការបង្កើត AI ដោយផ្ទាល់ខ្លួនឯង ប៉ុន្តែបែរជាធានាថា OpenAI នឹងការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នក»។
គួរគូសបញ្ជាក់ថា កាលពីមុន លោក ម៉ាសក៍ ធ្លាប់បានគាំទ្រ OpenAI ប៉ុន្តែក្រោយមកក៏ដកខ្លួនវិញ ហើយប្រកូកប្រកាសថា AI នឹងបង្កហានិភ័យដ៏ធ្ងន់ធ្ងរចំពោះសង្គម។ មិនបានប៉ុន្មានផង មហាសេដ្ឋីរូបនេះ ក៏បង្កើតក្រុមហ៊ុន AI ផ្ទាល់ខ្លួនថ្មីមួយ ដែលមានឈ្មោះថា xAI ដើម្បីជាគូប្រជែងនឹង OpenAI៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?