ព័ត៌មានអន្ដរជាតិ
១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាននាក់
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ១៩ ថ្ងៃដើមខែមករា ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសប្រមាណជាង ២,១៣ លាននាក់ ដោយកើនឡើងរហូតដល់ ១៨,៦៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នាថ្ងៃពុធនេះ។

បើតាមក្រសួង ការមកដល់របស់ភ្ញៀវទេសចរទាំងនេះ បានបង្កើតចំណូលប្រមាណ ១០៧,៣៧ ប៊ីលានបាត (៣,១៧ ប៊ីលានដុល្លារ) សម្រាប់អាជីវកម្មថៃ។
ចិននាំមុខគេលើប្រភពលំហូរទេសចរបរទេសសម្រាប់ថៃ ដោយមានភ្ញៀវប្រមាណជាង ៣៥៤ ០០០ នាក់ ហើយបន្ទាប់មកគឺម៉ាឡេស៊ី (ជាង ២១៦ ០០០ នាក់) រុស្ស៊ី (ជាង ១៦៥ ០០០នាក់) កូរ៉េខាងត្បូង (ជាង ១២៤ ០០០ នាក់) និងឥណ្ឌា (ជាង ១១៧ ០០០ នាក់)។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បានរាយការណ៍ថា សប្តាហ៍មុន (ថ្ងៃទី ១៣-១៩ ខែមករា) ការមកដល់នៃភ្ញៀវបានកើនឡើង ២,២៧ ភាគរយ ធៀបនឹងសប្ដាហ៍មុនមួយទៀត។ ក្នុងនោះ ការមកដល់របស់ភ្ញៀវទេសចរចិន មានរហូតដល់ ៩,២៦ ភាគរយ ដោយសារតែអំណោយផលនៃកិច្ចព្រមព្រៀង «លើកលែងទិដ្ឋាការអចិន្ត្រៃយ៍» រវាងរដ្ឋាភិបាលថៃ និងចិន។
លោក Sorawong បានលើកឡើងផងដែរថា និន្នាការទេសចរណ៍កើនឡើងនៅឆ្នាំនេះ ត្រូវបានគាំទ្រដោយការបង្កើនសមត្ថភាពកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ និងគោលនយោបាយធ្វើដំណើររបស់រដ្ឋាភិបាល រួមទាំងការលើកលែងទិដ្ឋាការសម្រាប់ប្រទេសមួយចំនួនជាដើម។

គួរគូសបញ្ជាក់ថា ថៃបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់ និងចំណូលពីទេសចរណ៍ចំនួន ៣ ទ្រីលានបាតក្នុងឆ្នាំ ២០២៥។ ក្នុងនោះផងដែរ ថៃកំណត់ទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨,៨-៩ លាននាក់។
ខណៈអាជ្ញាធរថៃនៅតែមានសុទិដ្ឋិនិយមលើកំណើនភ្ញៀវទេសចរបរទេស រួមទាំងភ្ញៀវទេសចរចិន គេក៏ឃើញមានការព្រួយបារម្ភខ្លាំងក្លាផងដែរ ជុំវិញករណី «ជួញដូរមនុស្ស» ពាក់ព័ន្ធនឹងតួសម្ដែងចិនដែលធ្វើដំណើរមកថៃកាលពីដើមខែមករា ហើយបាត់ខ្លួននៅព្រំដែនជាប់មីយ៉ានម៉ា មុនពេលរកឃើញវិញនៅកន្លែងមជ្ឍមណ្ឌលប្រតិបត្តិការឆបោកអនឡាញ នៅមីយ៉ាន់ម៉ា។
តាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) អ្នកស្រី Thapanee Kiatphaibool រាយការណ៍ថា ភ្ញៀវទេសចរចិនប្រហែល ១០ ០០០ នាក់បានលុបចោលការមកលេងថៃរបស់ខ្លួនមកទល់ពេលនេះ។ ស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរឡើងៗដោយការផ្សព្វផ្សាយលើបណ្ដាញសង្គមជាអវិជ្ជមាននៅក្នុងប្រទេសចិន ជាពិសេសទាក់ទងនឹង «ករណីជួញដូរមនុស្ស និងសកម្មភាពឆបោក» នៅក្នុងប្រទេសថៃ។
ជុំវិញបញ្ហានេះផងដែរ ប្រធានសមាគមសណ្ឋាគារថៃ (THA) លោក Thienprasit Chaiyapatranun បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសបានលុបចោលការកក់បន្ទប់ជាង ១២ ៤០០ នៅទូទាំងប្រទេស «មកត្រឹមពេលនេះក្នុងខែនេះ» ដោយក្នុងនោះរួមមានពីភ្ញៀវចិន ៤ ៥៧២ បន្ទប់ និងភ្ញៀវអន្តរជាតិផ្សេងៗទៀត ៧ ៨៥៦ បន្ទប់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ