អត្ថាធិប្បាយ
បទវិភាគ៖ តើពេលណាទើប«វប្បធម៌ឡាំប៉ា»ក្រោយការបោះឆ្នោត រលាយរលត់បាត់ពីកម្ពុជា?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ហើយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែដូចសព្វមួយដង បញ្ហាចម្រូងចម្រាសនៅក្រោយការបោះឆ្នោតនេះ នៅតែបន្តកើតមាន។ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចាស់នៅតែបន្ត«វប្បធម៌ឡាំប៉ា»ក្រោយការបោះឆ្នោត។ ទោះជាបែបនេះក្តី គណបក្សជាច្រើនទៀត រួមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផង បានអះអាងថា ការបោះឆ្នោតឃុំ សង្កាត់ បានប្រព្រឹត្តទៅដោយរលូន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សភ្លើងទៀនដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំលោក ទាវ វណ្ណុល លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា បានប្រកាសជារួមថា ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ «មិនសេរី» និង«មិនយុត្តិធម៌»។ ម៉ែត្រវាស់នៃបញ្ហានេះ គឺគណបក្សប្រឆាំងមួយនេះ បញ្ជាក់ថា ពួកគេទទួលការគាបសង្កត់ បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជនរហូតដល់ការដាក់បញ្ជីអ្នកសង្កេតការណ៍ ហើយរាល់សកម្មភាពគៀងគរពលរដ្ឋរតាមរយៈការទិញសន្លឹកឆ្នោត តាមដាន សំឡុត គំរាម មានជាហូរហែរដោយមិនមានការអង្កេត និងហាមប្រាមពីគ.ជ.ប សោះទេ។
សំណួរសួរថា ប្រសិនបើមានករណីកើតឡើងដូចការចោទប្រកាន់របស់គណបក្សភ្លើងទៀនមែននោះ តើគណបក្សមួយនេះ អាចធ្វើសកម្មភាពនយោបាយ ធ្វើការឃោសនារកសំឡេងឆ្នោត និងចូលរួមការបោះឆ្នោតបានដែរទេ? ច្បាស់ណាស់ គឺមិនបានឡើយ។ ប៉ុន្តែ អាចបានដែរ តែបានទាំង«វេទនា» ហើយបើបែបនោះមែន ហេតុអ្វីក៏គណបក្សនេះ នៅតែចូលរួមការបោះឆ្នោតទៀត? ម្តេចមិនព្រមពហិកាចូលរួមការបោះឆ្នោតតែម្តងទៅ? មានសេណារីយ៉ូសំខាន់ៗចំនួន៣ដែលគណបក្សនេះសុខចិត្តចូលរួមការបោះឆ្នោត តែមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។

សេណារីយ៉ូទី១ គឺធ្វើតាមទម្លាប់ចាស់ ដើម្បីទទួលបានគាំទ្រពីអន្តរជាតិ អាចឈរជើងលើឆាកនយោបាយបានតទៅទៀត។ «ក្បាច់ចាស់» ឬ«ល្បិចចាស់»នេះ គឺកើតមានសឹងថា គ្រប់អាណត្តិតែម្តងឲ្យតែមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោត មិនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬការបោះឆ្នោតឃុំ សង្កាត់ឡើយ។ អ្វីដែលរឹតតែត្រូវកត់សម្គាល់ទៀតនោះ គឺថា«វប្បធម៌មិនទទួលលទ្ធផលបោះឆ្នោត» ឬ«វប្បធម៌ឡាំប៉ា»ក្រោយការបោះឆ្នោតនេះ គឺជាកេរ្តិ៍ដំណែលដែលបង្កើតឡើងដោយលោក សម រង្ស៊ី មេបក្សប្រឆាំងដែលមិនដែលឈ្នះនៅកម្ពុជា ហើយពេលនេះ ក្លាយជាទណ្ឌិតទៅទៀត។ «ក្បាច់ចាស់» ឬ«ល្បិចចាស់»នេះ មានប្រសិទ្ធភាពខ្លះដែរនាពេលកន្លងមក។ ប្រសិទ្ធភាពទី១ គឺទទួលបានការគាំទ្រពីអន្តរជាតិ មានមុខមានមាត់លើឆាកអន្តរជាតិអ៊ីចឹងទៅ។ ចំណែក ប្រសិទ្ធភាពទី២ គឺតថ្លៃបែបនេះបែបនោះ ដើម្បីទទួលលាភសក្ការៈ ឬអំណាចផ្នែកណាមួយដែលសម្បទានដោយគណបក្សឈ្នះឆ្នោតដែលតែងតែគិតពីផលប្រយោជន៍ជាតិជាធំ យកប្រជាពលរដ្ឋជាគោល ក្នុងកម្មវិធីនយោបាយរបស់ខ្លួន។
សេណារីយ៉ូទី២ គឺ«វប្បធម៌មិនទទួលលទ្ធផលបោះឆ្នោត» ឬ«វប្បធម៌ឡាំប៉ា»ក្រោយការបោះឆ្នោតនេះ ដើម្បីផ្គាប់ចិត្តសហគមន៍អន្តរជាតិ ជាពិសេស សភាអឺរ៉ុប។ សភាអឺរ៉ុប តាំងពីមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មកម្លេះ បានព្រលយពាក្យសម្តីមករដ្ឋាភិបាលកម្ពុជាថា ប្រសិនបើ ការបោះឆ្នោតឃុំ សង្កាត់នៅកម្ពុជាមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ពួកគេនឹងស្នើឲ្យគណៈកម្មការអឺរ៉ុបដកប្រព័ន្ធអនុពន្ធEBAបន្ថែមទៀតពីកម្ពុជា។ ឃើញទេ ពាក្យព្រមានរបស់សភាអឺរ៉ុប និងពាក្យមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់គណបក្សភ្លើងទៀន គឺរំលេចដោយពាក្យ«មិនសេរី មិនយុត្តិធម៌» ដូចគ្នាបេះបិតតែម្តង។ នេះ គេហៅថា ប្រើប្រាស់យុទ្ធសាស្រ្ត«រុញទូកបណ្តោយទឹក» ពោល គឺផ្គាប់ចិត្តបានទាំងសភាអឺរ៉ុបផង និងផ្គាប់ចិត្តបានទាំងសមាជិក និងអ្នកគាំទ្ររបស់ខ្លួនផង ដើម្បីឲ្យបន្តការជឿជាក់លើគណបក្សនេះ។

សេណារីយ៉ូទី៣ គឺការចូលរួមការបោះឆ្នោត តែមិនទទួលយកលទ្ធផលបោះឆ្នោតនេះ គណបក្សភ្លើងទៀនដែលគេដឹងគ្រប់ៗគ្នាថា មានលោក សម រង្ស៊ី និងបក្ខពួកនៅពីក្រោយនោះ ចង់បង្ហាញទៅលោក កឹម សុខា ដែលធ្លាប់ជាមេដឹកនាំរបស់ពួកគេថា ទោះអត់លោក កឹម សុខា ក៏ពួកគេនៅតែអាចធ្វើនយោបាយបានដូចដើម។ សេណារីយ៉ូនេះ ទំនងជាបង្កើតឡើងដោយលោក សម រង្ស៊ី ព្រោះលោក សម រង្ស៊ី ចង់សងសឹកទៅលោក កឹម សុខា ដែលមិនគាំទ្រសកម្មភាពរបស់លោកនៅឯបរទេសក្រោមដំបូលអតីតគណបក្សសង្រ្គោះជាតិ។ មួយវិញទៀត លោក សម រង្ស៊ី ទំនងជាចង់បញ្ជាក់ថា «អត់កឹម សុខា» ក៏«សម រង្ស៊ី» អាចដើរទៅមុខបានដដែល។ បន្ថែមលើនេះ លោក សម រង្ស៊ី ក៏ត្រូវមានគណបក្សមួយក្នុងដៃផងដែរ ដើម្បីបន្តដំណើរជីវិតនយោនបាយរបស់លោក ព្រោះរូបលោកផ្ទាល់ និងបក្ខពួកដទៃទៀត រួមទាំង លោក កឹម សុខា ផង សុទ្ធតែដឹងច្បាស់ថា អតីតគណបក្សសង្រ្គោះជាតិ មិនអាចរស់ឡើងវិញបានឡើយ។
យ៉ាងណាក៏ដោយ «វប្បធម៌ឡាំប៉ា»ក្រោយការបោះឆ្នោតនេះ មិនគួរបន្តកើតមាននៅក្នុងប្រទេសកម្ពុជាទៀតនោះទេ។ ការបន្តមានវប្បធម៌នេះ គឺវាប៉ះពាល់កិត្តិយសប្រទេសជាតិលើឆាកអន្តរជាតិ បង្កើត និងបង្កើនការមិនជឿទុកចិត្តគ្នា និងបន្តនាំឲ្យមានជម្លោះផ្ទៃក្នុង ក្នុងនាមជាខ្មែរដូចគ្នា ព្រមទាំង ធ្វើឲ្យខាតប្រយោជន៍របស់ជាតិថែមទៀតផង។ ដើម្បីលុបបំបាត់បញ្ហានេះ ចំណុចសំខាន់បំផុត គឺគណបក្សប្រឆាំងខ្លួនឯងតែម្តង។ គណបក្សប្រឆាំង មិនថា គណបក្សភ្លើងទៀន ឬគណបក្សណាឡើយ ត្រូវគិត និងចែកឲ្យដាច់រវាង «ផលប្រយោជន៍បក្ស» និង«ផលប្រយោជន៍ជាតិ»។ បើគិត«ផលប្រយោជន៍ជាតិ»ជាធំ ត្រូវតែបញ្ឈប់«វប្បធម៌ឡាំប៉ា»ក្រោយការបោះឆ្នោតនេះ ហើយរួមគ្នាជជែកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយមួយដែលអាចទទួលយកបានទាំងអស់គ្នា ក្នុងនាមជា«ខ្មែរ»។ ការអង្គុយឡាំប៉ាមិនទទួលលទ្ធផលបោះឆ្នោត ពុំមែន និងពុំអាចជាដំណោះស្រាយឡើយ៕
ដោយ៖ កម្ពុជាថ្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី