Connect with us

អត្ថាធិប្បាយ

ការផ្សាយពាណិជ្ជកម្មលើកទឹកចិត្តហួស​ហេតុ​ឱ្យ​ផឹក​​ស្រា ត្រូវហាមឃាត់ តែហេតុអីនៅតែកើតមាន?

បានផុស

នៅ

ការសេពគ្រឿងស្រវឹង ឬគេហៅយ៉ាងពេញនិយមថា ផឹកស្រា ផឹកប៊ីយ៉ែ នៅក្នុងសង្គមកម្ពុជា ហាក់កំពុងមានការពេញនិយមណាស់នាពេលបច្ចុប្បន្ននេះ។ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរទាំងស្រី ទាំងប្រុស ទាំងចាស់ ទាំងយុវវ័យ តែងតែទទួលទានគ្រឿងស្រវឹងជារើយៗ ខ្លះទទួលទានសឹងរាល់ថ្ងៃក៏មានដែរ។ ការទទួលទានរបស់ពលរដ្ឋ ជារឿងមួយ ប៉ុន្តែ រឿងដែលគួរឱ្យកត់សម្គាល់មួយទៀត គឺក្រុមហ៊ុនផលិត ចែកចាយ និងផ្គត់ផ្គង់គ្រឿងស្រវឹង កំពុងផ្សាយពាណិជ្ជកម្មហាក់«ហួសហេតុពេក»ដើម្បីលើកទឹកចិត្ត ឬល្បួង ឬទាក់ទាញឱ្យសេពគ្រឿងស្រវឹង ដោយមិនខ្វល់ខ្វាយពីបំរាមរបស់ក្រសួងពាក់ព័ន្ធបន្តិចសោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ផឹកស្រា ត្រូវរង្វាន់នេះ ត្រូវរង្វាន់នោះ គាស់ភ្លាម ត្រូវភ្លែត ត្រូវឡាន ត្រូវម៉ូតូ ត្រូវរង្វាន់ដុល្លារ មានប្រាក់ខែ..» សុទ្ធសឹងតែជាការឃោសនា ជាការផ្សាយពាណិជ្ជកម្មដែលតែងតែលឺជារៀងរាល់ថ្ងៃ។ ទាំងនេះ គឺជាសារឃោសនាទាក់ទាញ លើកទឹកចិត្ត និងល្បួងឱ្យប្រជាពលរដ្ឋ ជាពិសេស យុវវ័យឱ្យសេពគ្រឿងស្រវឹង។ ជាលទ្ធផល គឺគ្រឿងស្រវឹង មានស្រាបៀរជាអាទិ៍ បានលក់ដាច់ណាស់ ហើយប្រជាពលរដ្ឋផឹកស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនថាថ្ងៃបុណ្យ ថ្ងៃឈប់សម្រាក ឬថ្ងៃធ្វើការងារនោះទេ ពោល គឺឱ្យតែបានជួបគ្នា ខ្លះនឹកឃើញតែរឿងផឹកស៊ី សប្បាយតែម្តង។

ពេលខ្លះ គួរឱ្យកោតសរសើរដែរចំពោះក្រុមហ៊ុនស្រាបៀខ្លះ ដែលពូកែណាស់រកឃើញគំនិតផ្យាយពាណិជ្ជកម្មថ្មី ប្លែក ដែលអាចជំរុញចិត្តឱ្យ​ប្រជាពលរដ្ឋឱ្យមកទទួលទានស្រាបៀរបស់ពួកគេបានយ៉ាងសប្បាយរីករាយ ដោយលែងគិតពីសុខភាព គិតតែផឹកសប្បាយ ផឹកបានរង្វាន់ ផឹកបានលុយ បានឡាន ម៉ូតូ ផឹកបានផ្ទះអីជាដើម។ ប៉ុន្តែ គំនិតច្នៃប្រឌិតរបស់ពួកគេខ្លះនោះ ហាក់ដូចជាដើរហួសបន្ទាត់ព្រំដែនដែលកំណត់ដោយក្រសួងពាក់ព័ន្ធហើយ។ ការផ្សាយពាណិជ្ជកម្មលើកទឹកចិត្តហួសហេតុពេក ដើម្បីបង្វក់ស្មារតីប្រជាពលរដ្ឋឱ្យមកសេពគ្រឿងស្រវឹង ត្រូវបានហាមឃាត់ មិនអនុញ្ញាតឱ្យធ្វើនោះទេ។

ជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជា កាលពីអំឡុងខែមករា ដើមឆ្នាំ២០២៤នេះ បានចេញលិខិតប្រាប់ទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់អំពីព្រំដែនកម្រិតនៃការផ្សាយពាណិជ្ជកម្មពីគ្រឿងស្រវឹង។ ក្រសួងព័ត៌មាន បានតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្ត៤ចំណុចចំពោះការផ្សាយពាណិជ្ជកម្មពីគ្រឿងស្រវឹង។ ទី១. គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.មសរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន។

ទី២. គឺហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។ ទី៣. គឺហាមយកស្រ្តី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និងទី៤. គឺរាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារព្រមាន«ពិសារគ្រឿងស្រវឹង សូមកុំបើកបរ» ឬ«ពិសារដោយការទទួលខុសត្រូវ»។

មែនទែនទៅ វិធានការទាំង៤ចំណុចរបស់ក្រសួងព័ត៌មាននេះ គឺពិតជាល្អ ហើយរឹតតែល្អថែមទៀតនោះ គឺនៅចំណុចទី២។ ប៉ុន្តែ បញ្ហានៅត្រង់ថា មកដល់ពេលនេះ តើភាគីពាក់ព័ន្ធទាំងអស់ បានអនុវត្តតាមដោយភាពស្មោះត្រង់ហើយ ឬនៅ? ចម្លើយ គឺសូមពិនិត្យមើលជាក់ស្តែងទាំងអស់គ្នា នឹងបានឃើញហើយ។ ចំពោះក្រុមហ៊ុនផលិត ចែកចាយ ផ្តត់ផ្តង់ស្រាបៀ គួរតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការតម្រូវរបស់ក្រសួងព័ត៌មាន ហើយការអនុវត្តនេះ ត្រូវតែធ្វើឱ្យបានស្មើភាព និងឱ្យបានគ្រប់ៗក្រុមហ៊ុនតែម្តង ទើបមានប្រសិទ្ធភាព។ ការអនុវត្តនេះ មិនអាចធ្វើឱ្យការផលិត និងលក់ស្រាបៀ មានការធ្លាក់ចុះទេ បើសិនអនុវត្តមានតម្លាភាពគ្រប់ក្រុមហ៊ុន ហើយក៏បង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គមផងដែរ។

ចំណែក ក្រសួងពាក់ព័ន្ធ ជាពិសេស ក្រសួងព័ត៌មាន គួរតែមានយន្តការតាមដាន និងត្រួតពិនិត្យឱ្យបានដិតដល់បន្ថែមទៀតលើអ្វីដែលខ្លួនបានចេញចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីដឹងបានប្រាកដថា មានការអនុវត្តតាមដែរ ឬអត់? យ៉ាងហោចណាស់ ក៏អាចដឹងថា មានការអនុវត្តបានកម្រិតណានោះដែរ។ បើមិនមានការអនុវត្ត ឬអនុវត្តផ្ទុយពីបំរាម ក្រសួងព័ត៌មាន ឬក្រសួងពាក់ព័ន្ធ គួរមានតែមានចំណាត់ការណាមួយភ្លាមៗ ដើម្បីទប់ស្កាត់ កុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយ ឬទប់ស្កាត់កុំឱ្យក្រុមហ៊ុនផ្សេងៗ យកតម្រាប់តាម។

ដោយឡែក ប្រជាពលរដ្ឋដែលជាអ្នកទទួលទានវិញ គួរតែគិតឱ្យបានច្បាស់លាស់ កុំទទួលទាន ដោយជឿទៅលើការផ្សាយពាណិជ្ជកម្មលើកទឹកចិត្តឱ្យទទួលទានហួសហេតុ។ មួយវិញទៀត កុំទទួលទាន ដើម្បីតាមរង្វាន់ រហូតក្លាយខ្លួនជាជនប្រមឹក ផ្តាច់ស្រាមិនបាន។ ការទទួលទានគ្រឿងស្រវឹង គឺជារឿងធម្មតា និងមិនខុសច្បាប់អ្វីនោះទេ ប៉ុន្តែ គួរទទួលទានក្នុងកម្រិតសមល្មមទៅសមត្ថភាពរបស់ខ្លួន និងទៅតាមកាលៈទេសៈ។ មិនតែប៉ុណ្ណោះ គួរតែអនុវត្តទៅសារព្រមានថា «ពិសារគ្រឿងស្រវឹង សូមកុំបើកបរ» ឬ«ពិសារដោយការទទួលខុសត្រូវ» ដើម្បីជៀសវាងការកើតមានបញ្ហា ឬគ្រោះថ្នាក់ណាមួយដល់ខ្លួន ជាពិសេស គ្រោះថ្នាក់ចរាចរណ៍៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៧ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម