Connect with us

កូវីដ-១៩

ដឹងថាហានិភ័យខ្ពស់ តែមន្ត្រីសមត្ថកិច្ចនៅតែចុះជួយប្រជាពលរដ្ឋ រហូតឆ្លងកូវីដខ្លួនឯង

បានផុស

នៅ

ដឹងថាក្នុងចំណោមប្រជាពលរដ្ឋទាំងនោះនឹងមានអ្នកវិជ្ជមានកូវីដ ប៉ុន្តែកងកម្លាំងអាវុធហត្ថ នគរបាល និងមន្ដ្រីមូលដ្ឋាននៅតែចុះបំពេញភារកិច្ច រហូតបានឆ្លងជំងឺកូវីដ-១៩ នៅពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម នៅពេលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ និងពេលចុះយាមប្រចាំការនៅមណ្ឌលព្យាបាលកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទម្លាយការពិតនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍លើកឡើងថា តំបន់ក្រហមជាតំបន់មួយគ្រោះថ្នាក់ ផ្លូវចូលនៅផ្ទះជួលរបស់បងប្អូនខ្លះមានទំហំត្រឹមតែ១ម៉ែត្រ ឬ១ម៉ែត្រជាងទេ អ៊ីចឹងហានិភ័យនៃការឆ្លងគឺខ្ពស់។

លោក នួន ផារ័ត្ន មានប្រសាសន៍បញ្ជាក់ថា៖ “មកដល់ពេលនេះយើងហ៊ាននិយាយថា បងប្អូនមន្ត្រីអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏បានឆ្លងមេរោគកូវីដ-១៩ រួចហើយ នៅពេលបំពេញភារកិច្ចចែកស្បៀងនេះ”។

លោកមានប្រសាសន៍បន្តថា៖ “យើងចែកស្បៀងជូនប្រជាពលរដ្ឋទាំងយើងដឹងថា ក្នុងចំណោមពួកគាត់នៅសល់អ្នកវិជ្ជមាន យើងដឹងច្បាស់។ ហើយប្រសិនអនុវត្តតាមវិធានការសុខាភិបាលឱ្យបានហ្មត់ចត់១០០ភាគរយនោះ សឹងតែមន្ត្រីយើងមួយចំនួនត្រូវធ្វើចត្តាឡីស័កទៀត តែបើយើងដកមន្ត្រីរាជការមកធ្វើចត្តាឡីស័កទាំងអស់ តើអ្នកណាមកបំពេញភារកិច្ចក្នុងវិធានការបិទខ្ទប់ និងវិធានការជំនួយសង្គមនេះឱ្យបានទាន់ពេលវេលា?”។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារដែលឆ្លងមេរោគកូវីដ១៩ ពេលបំពេញបេសកកម្មនោះមានទាំង​ មន្ត្រីអាវុធហត្ថ មន្ត្រីនគរបាល និងមន្ត្រីមូលដ្ឋានផងដែរ។  លោកបានឱ្យដឹងបន្ថែមថា៖ “ក្រៅពីមន្ដ្រីដែលចុះចែកអំណោយនៅតំបន់ក្រហមបានឆ្លងហើយនោះ ក៏មានមន្ដ្រីមួយចំនួនទៀត ដែលយាម ឬប្រចាំការនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ ក៏បានឆ្លងដូចគ្នាផងដែរ”។

លោកបានបន្ដថា៖ “តំបន់ខ្លះពេលកំពុងចុះចែកចាយ ស្រាប់តែរថយន្ដសាមុយរបស់មន្ទីរពេទ្យ ចុះមកអ្នកដែលមានវិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមអ្នកដែលកំពុងរង់ចាំទទួលអំណោយថែមទៀតផង”។

លោក កើត ឆែ បានឱ្យដឹងថា មន្ដ្រីមួយចំនួនទៀត ក៏កំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីចុះបំពេញការងារនៅតំបន់គ្រោះថ្នាក់។

លោក កើត ឆែ មិនទាន់អាចបញ្ជាក់ឱ្យដឹងពីចំនួនជាក់លាក់នៃមន្ត្រីក្រុមការងារប៉ុន្មាននាក់ដែលបានឆ្លងកូវីដ-១៩ ក្នុងពេលបំពេញការងារជួយសម្រួលភាពលំបាករបស់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ហានិភ័យខ្ពស់នៅឡើយទេ។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៦៥០នាក់ ខណៈអ្នកជំងឺ៧៣៩នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៧,៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៦,៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម