ព័ត៌មានជាតិ
លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេសគឺការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

ការកោតសរសើររបស់លោក ម៉ប់ សារិន បែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ មិនា ឆ្នាំ២០២៥នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ដោយវត្តមានលោក ឆាយ វីរៈ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានលើកឡើងថា ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ បើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ រាល់បទល្មើសព្រហ្មទណ្ឌ ដែលបានកើតឡើង គឺកងកម្លាំងបង្ក្រាបបានស្ទើតែ១០០%។ ក្នុងន័យនេះ លោក ម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត សម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការឆ្លើយតបបានល្អប្រសើរជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street)។ ការងារទាំងពីរនេះពិតជាទទួលបាននូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ លោក ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ជួយធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យមកលេងនៅផ្លូវថ្មើរជើងនេះឱ្យកាន់តែបានច្រើនថែមទៀត បើទោះបីពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ ទទួលបានកំណើនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ កើនឡើងយ៉ាងណាក៏ដោយ។

លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណចំពោះការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះកិច្ចការងារ ដែលរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តកន្លងមក។ លោក បន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាមរបាយការណ៍របស់លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ គឺក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ មានបទល្មើសព្រហ្មទណ្ឌ បានកើតមាន៤៨លើក/៣៨លើក កើនឡើង១០លើក។ ក្នុងនោះ កម្លាំងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៤៦ករណី ឃាត់ខ្លួន៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។

ដោយឡែក បង្ក្រាបក្មេងទំនើង បាន២៦ករណី ឃាត់ខ្លួន៩៧នាក់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន៩ករណី ឃាត់ខ្លួន៨៣នាក់។ ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញ បានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វាំង ១លើក៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


