ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៩ចំណុចក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីធានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំចំនួន៩ចំណុច ក្នុងនោះក៏បានហាមមិនឱ្យមានការដុតផាវ កាំជ្រួច លេងល្បែងជះទឹក និងមិនឱ្យមានការលេងល្បែងស៊ីសងផងដែរ។

តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិយើង ក្នុងការចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងរាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬ ប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមាន របួស ឬខូចខាតទ្រព្យសម្បត្តិមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

២- បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

៣- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេលចាកចេញ ដើម្បី បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ។

៤- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួល ចរាចរណ៍នៅតាមតំបន់គោលដៅដែលមានការកកស្ទះ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ ត្រៀមរថយន្តពន្លត់អគ្គិភ័យ និង ត្រៀមរៀបចំមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ និងប្រចាំការដើម្បីជួយសង្គ្រោះ បន្ទាន់នៅពេលមានបញ្ហាគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ក្នុងអំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

៥- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន និងបង្កើនស្មារតីម្ចាស់ការក្នុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរជូនដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមលេងកម្សាន្តបានច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

៦- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវជំរុញ និងចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានសកម្មផុលផុស ជាពិសេសការផ្សព្វផ្សាយអប់រំលើក កម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងគ្រប់ប្រភេទ សុវត្ថិភាពចរាចរណ៍ ព្រមទាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់នូវគ្រប់ មុខសញ្ញាក្មេងទំនើងនៅតាមសហគមន៍ ភូមិ និងសង្កាត់ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន។

៧- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្ត ទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់នៅ តាមគោលដៅប្រមូលផ្តុំទេសចរណ៍ វត្តអារាម និងរមណីយដ្ឋាននានាជាដើម។

៨- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៩- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមសេចក្តីណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


