វប្បធម៌ ជំនឿ
បទយកការណ៍៖ ក្រុមល្ខោនបាសាក់ល្បី ៣ រាជធានីខេត្ត ថ្លៃសម្ដែង ១ យប់ មានដល់ ៥ ពាន់ដុល្លារ
នៅក្នុងកម្មវិធីបុណ្យវត្ត បុណ្យភូមិ ឬបុណ្យដែលផ្ដួចផ្ដើមដោយម្ចាស់ដើមបុណ្យផ្ទាល់ក្ដី គេឧស្សាហ៍ឃើញមានការជួលសិល្បៈល្ខោនបាសាក់ ទៅសម្ដែងកំដរបុណ្យនាពេលរាត្រីទល់ភ្លឺ។ ការសម្ដែងនេះ ត្រូវបានលើកយករឿងព្រេង ពិសេសគឺអក្សរសិល្បិ៍បែបពុទ្ធសាសនា បង្ហាញពី កម្ម និង ផល ដើម្បីផ្ដល់នូវទស្សនីយភាពកែកម្សាន្ត និងចំណេះដឹងដល់អ្នកភូមិស្រុក និងញ៉ាំងកម្មវិធីបុណ្យឱ្យកាន់តែអធិកអធម។

តើការជួលក្រុមសិល្បៈល្ខោនបាសាក់ទៅសម្ដែងម្ដងៗ ត្រូវចំណាយទឹកប្រាក់ប៉ុន្មាន? តើតម្លៃជួលនោះខុសគ្នាដូចម្ដេច?
លោក អុល សំអាង ប្រធានក្រុម ល្ខោនបាសាក់មហាជន វង់ទី១ អុល សំអាង រាជធានីភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ចំពោះតម្លៃជួលល្ខោនបាសាក់ គឺអាស្រ័យតាមភាពជាក់ស្ដែង ដូចជាចម្ងាយជាដើម ដូចជាបើនៅជុំវិញរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងជាដើម តម្លៃគឺ ១ យប់គឺ ២ ០០០ ដុល្លារ ឬ ២ ៥០០ ដុល្លារ តែបើនៅខេត្តឆ្ងាយៗដូចជាខេត្ត បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារ សៀមរាបជាដើមនោះ អាចតម្លៃមួយយប់ ៣០០០ ឬ ៣ ៥០០ ដុល្លារ។ ប៉ុន្តែបើជួល ២-៣ យប់ ឬ ៤ យប់ លោកអាចបន្ធូរបន្ថយ ដោយតម្លៃជួលត្រូវបានរាប់បញ្ចូលទាំងម្ហូបអាហារសិល្បៈករ ដោយមិនទាមទារម្ចាស់បុណ្យរៀបចំបាយទឹកជូននោះទេ។

ប្រធានក្រុម ល្ខោនបាសាក់មហាជន វង់ទី១ អុល សំអាង រាជធានីភ្នំពេញ ខាងលើ បានបញ្ជាក់បន្ថែមថា វិស័យសិល្បៈវប្បធម៌បុរាណ មិនដូចជាការធ្វើជំនួញផ្សេងៗនោះទេ គឺមានមនោសញ្ចេតនាខ្លាំង ដូចជាពេលជួលសម្រាប់កម្មវិធីបុណ្យផ្សេង លោកមិនដាច់ណាត់ ដាច់អហង្ការ នោះទេ ពោលពេលព្រះគ្រូចៅអធិការ ម្ចាស់ដើមបុណ្យសុំបញ្ចុះតម្លៃ លោកក៏បន្ធូរបន្ថយដោយមនោសញ្ចេតនាក្នុងកម្មវិធីបុណ្យ។
លោក ណុល សំអាង បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមល្ខោនរបស់លោកមានសមាជិតក្បែរ ៥០ នាក់ ដែលមានអ្នកគ្រូ និងសិល្បៈការិនី ចំនួន ២០ នាក់។

ពិតណាស់ ល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ ទឹកដីកម្ពុជាក្រោមនេះត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅ ឱ្យវៀតណាម ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៤៩។ ឥឡូវស្ថិតនៅ ភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសព្វថ្ងៃ។ ល្ខោនបាសាក់ មានប្រភពមកពីល្ខោនទ្រើងឃ្លោង ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅ ជ្រះខាងអក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំរបស់អតីតចៅអធិការ វត្តខ្សាច់កណ្ដាល “បាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ឈ្មោះលោកគ្រូ “សួរ”។

ចំណែកវង់ល្ខោនបាសាក់ខេត្តកំពង់ចាម លោក ស៊ាន សុផល ហៅ នាយប៉េងប៉ោះ ប្រធានក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះ បានឱ្យ “កម្ពុជាថ្មី” ដឹងដែរថា មិនមានតម្លៃថេរទេ គឺអាស្រ័យតាមទីតាំងជិត ឬឆ្ងាយ អាចមានតម្លៃពី ១ ០០០ ទៅ ១ ៧០០ ដុល្លារក្នុង ១ យប់ ហើយជួនកាលកន្លែងខ្លះបានក្រោមហ្នឹងទៀតក៏មាន បើនៅជិត ឬតាមការធ្លាប់ស្គាល់ និងយោគយល់គ្នា។ លោកបានបញ្ជាក់ថា ពីមុនក្រុមល្ខោនរបស់លោកមានសមាជិកជាង ៤៥ នាក់ តែក្រោយមក សម្រិតសម្រាំងខ្លះ ដើម្បីឱ្យមានតុល្យភាពលើការចំណាយ ក្នុងបរិបទកូវីដ-១៩ផង ឥឡូវក្រុមរបស់លោកមានសមាជិក ៣៥ នាក់។
លោក ស៊ាន សុផល បានឱ្យដឹងបន្ថែមថា ក្រុមល្ខោនបាសាក់របស់លោកបានចាប់ផ្ដើមសម្ដែងឡើងវិញ ចាប់តាំងពីពេលក្រសួងវប្បធម៌ចេញសេចក្ដីប្រកាស កាលពីចុងឆ្នាំ ២០២១ កន្លងទៅ ដោយគោរពគោលការរបស់ក្រសួងសុខាភិបាលផងដែរ។ ក្រុមលោកបានសម្ដែងជាបន្តបន្ទាប់តាមកម្មវិធីកម្សាន្តតាមភូមិ។

ដូចយើងបានដឹងហើយថា បាសាក់ ជាឈ្មោះទន្លេមួយដែលជា ខ្នែងមួយនៃទន្លេទាំងបួនដែលប្រសព្វគ្នានៅ ភ្នំពេញ “ចតុម្មុខ”។ ទន្លេនេះបានហូរកាត់ទៅ ទិសខាងត្បូងចាក់ទៅ ក្នុងឈូងសមុទ្រចិន ហើយនៅលើដងទន្លេនេះហើយដែលជាទីតាំងនៃស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខនឹងខេត្តព្រះត្រពាំង ដែលល្ខោនបាសាក់បានចាប់កំណើតឡើង។ តំបន់នេះក៏ដូចជាតំបន់ដទៃទៀត មានប្រជាជនខ្មែររស់នៅ ច្រើនជាតំបន់មានអារ្យធម៌ និងមានកេរដំណែលវប្បធម៌ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ ដូចជាយីកេ និងល្ខោនយក្សរាំជាដើម។ល។

ចូលមកជួបវង់ល្ខោនខេត្តតាកែវវិញម្ដង លោក ផន ភី ប្រធានក្រុម សិល្បៈវង់ ភី សុគន្ធី បានឱ្យ “កម្ពុជាថ្មី” ដឹងថា តម្លៃជួលគឺអាស្រ័យតាមទីជិតទីឆ្ងាយ បើនៅជិត គឺតម្លៃសម្ដែងក្នុងមួយយប់ ៣ ០០០ ដុល្លារ។ ចំណែកនៅទីឆ្ងាយៗដូចជានៅខេត្ត សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យជាដើមនោះ គឺការសម្ដែងមួយយប់ថ្លៃ មានពី ៤ ០០០ ដុល្លាររហូតដល់ ៥ ០០០ ដុល្លារ។ ប៉ុន្តែបើជួលសម្ដែងច្រើនយប់ គឺចាប់ពីយប់ទី ២ ទៅ យកថ្លៃតែ ៣ ០០០ ដុល្លារទេ។

លោក ផន ភី បានឱ្យដឹងទៀតថា ការសម្ដែងម្ដងៗ ក្រុមល្ខោនរបស់លោកមានគ្នាសរុបចំនួនសរុប ៦៥ នាក់ ក្នុងនោះទាំងផ្នែកតួសម្ដែង អ្នកកាន់ឧបករណ៍ភ្លេង ក៏ដូចជាផ្នែករៀបចំឆាក គឺមាន២ក្រុម ដើម្បីត្រៀមផ្លាស់ប្ដូរវេនគ្នា និងត្រៀមបម្រុងក្រែងលោសិល្បករណាមានបញ្ហាសុខភាពជាដើម។

គួរបញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋបានទទួលចាក់វ៉ាក់សាំង និងស្ថានភាពប្រសើរឡើងនៃហានិភ័យការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅ តាមបណ្តាខេត្តទូទាំងប្រទេស កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១។ ជាមួយគ្នានេះ សិល្បៈល្ខោនបាសាក់ ដែលមានប្រជាប្រិយនៅគ្រប់ស្រទាប់វណ្ណៈ ពិសេសប្រជាពលរដ្ឋតាមបណ្ដាខេត្តនៅ ក្នុងពិធីបុណ្យទាននានានោះ ក៏ចាប់ផ្ដើមដំណើរការការសម្ដែងរបស់ខ្លួនជាបណ្ដើរៗឡើងវិញផងដែរ។ ក្នុងការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅតាមបណ្តាខេត្តទូទាំងប្រទេសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ឱ្យមហាជនទូទៅ ត្រូវបន្តអនុវត្តឱ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ពោលគឺ វិធានការ ៣កុំ ៣ការពារ ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការសុខាភិបាលផ្សេងៗទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល