ព័ត៌មានជាតិ
៣ថ្ងៃ នៃបុណ្យទន្លេខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង៣១ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជិត១ពាន់នាក់
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៩ ដែលរៀបចំឡើងនៅសួនច្បារមាត់ទន្លេ ក្រុងដូនកែវ ខេត្តតាកែវគឺទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ដោយក្នុងនោះមានភ្ញៀវបរទេសជិត១ពាន់នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ លោក ឈូក ប៊ុនថន ឲ្យដឹងថារយៈ ពេល ៣ថ្ងៃនៃពិធីបុណ្យទន្លេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចំនួន ៣១៩ ៤៥៦ នាក់ ចូលរួមដើរលេងកម្សាន្តក្នុងនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៩៦០នាក់ផងដែរ។

ដោយឡែកពាក់ព័ន្ធ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល៣ ថ្ងៃនៃពិធីបុណ្យទន្លេនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង២ពាន់នាក់ បានចូលរួមការពារសុវសុវត្ថិភាពជូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន ថ្លែងបន្តថានៅថ្ងៃទី២នៃពិធីបុណ្យទន្លេសន្តិសុខ ត្រូវបានរឹតបន្តឹង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បើកជាផ្លូវការពិធីបុណ្យទន្លេ ដូច្នេះមានការការពារតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ តែទោះយ៉ាងណាក៏សមត្ថកិច្ចរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់ បាន យ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលរួមកម្សាន្ត។

សម្រាប់បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ដែលរៀបចំឡើងនៅក្នុង ខេត្តតាកែវ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ រដ្ឋបាលខេត្តតាកែវ សហការជាមួយអន្តរក្រសួង រៀបចំឱ្យមានព្រឹត្តិការណ៍នានា ដូចជា ការជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកទីរួមខេត្តតាកែវ ការរត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ការដាំ ដើមឈើរួមគ្នា កីឡាប៉េតង់មហាជន កីឡាអុកចត្រង្គ កីឡារែក លោតមឹក កីឡាបាល់ទះ មហាជន កីឡាប៉ារ៉ាម៉ូទ័រ ប្រដាល់គុនខ្មែរ និងការជិះទូកកាយ៉ាកជា និងការរៀបចំពិព័រណ៌ផលិតផលពាណិជ្ជកម្មគ្រប់ប្រភេទចំនួន២៤៥ស្តង់ និងការអុជកំាជ្រួចជាដើម។

គួរឱ្យដឹងថា នេះគឺជាលើកទី១ ហើយដែលខេត្តតាកែវ រៀបចំពិធីបុណ្យទន្លេឡើងជាផ្លូវការ។ បុណ្យទន្លេត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធ្វើឡើង ក្នុងបំណងចំនួន៣ គឺទី១)ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ។ ទី២)ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា និងទី៣)បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

នៅឆ្នាំក្រោយ ឆ្នាំ២០២៦ ពិធីបុណ្យទន្លេលើកទី១០ នឹងត្រូវរៀបចំឡើងនៅក្នុងខេត្តពោធិ៍សាត់ ហើយកាលពីល្ងាចថ្ងៃទី២៣ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ប្រគល់ទង់នៃពិធីបុណ្យទន្លេ ទៅឱ្យលោកអភិបាលខេត្តពោធិ៍សាត់ ខូវ រីដា រួចរាល់ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់៕
អត្ថបទ៖ វីរ:

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
សន្តិសុខសង្គម៩ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា