ព័ត៌មានជាតិ
អ្នកនាំពាក្យរងមហាផ្ទៃ៖ ថ្ងៃចូលឆ្នាំ និងចប់ចូលឆ្នាំ កុំបៀតបៀននារី បើមិនចង់ត្រូវថ្មោងរបស់សមត្ថកិច្ច
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ហៅយុវជនមួយចំនួនដែលលេងប៉ាតម្សៅ ប៉ុន្តែឆ្លៀតឱកាសបៀតបៀនកេរភេទនារី ថាជាយុវជនឈាមរាវ។ ជាមួយគ្នាលោក ព្រមានយុវជនមួយចំនួន មិនឱ្យលេងប៉ាតម្សៅ និងជះទឹក បន្លំបៀតបៀនកេរភេទនារី ឬបន្លំយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃឡើយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរបញ្ចប់ទៅឡើយ បើមិនចង់ត្រូវថ្មោង ឬការទទួលខុសត្រូវចំពោះមុខច្បាប់។ លោក ដាក់ក្ដីសង្ឃឹមថា ចប់ចូលឆ្នាំ យុវជន នឹងមិនត្រូវចូលខ្លួនទៅការិយាល័យនគរបាលជំនាញឡើយ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានទៅកាន់យុវជនបែបនេះ តាមរយៈវីដេអូរយៈពេលជាង១០នាទី ផ្សាយលើទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមេសា។

ការចេញមកព្រមានរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបែបនេះ គឺក្រោយពីមួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការបង្ហោះអំពីវីដេអូក្មេងស្រីត្រូវបានយុវជនមួយចំនួនបន្លំបៀតបៀន ក្នុងពេលលេងប៉ាតម្សៅ ក្នុងថ្ងៃពិធីសង្ក្រាន្តតាមសាលា។

អ្នកនាំពាក្យរូបនេះ ក៏លើកទឹកចិត្តយុវជនទាំងអស់ឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុស បញ្ចៀសការលេងល្បែងណា ដែលបង្កជាបញ្ហា និងគ្រោះថ្នាក់ រហូតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោក ទូច សុខៈ ព្រមានចំៗទៅកាន់យុវជន ដែលលោកថាយុវជនឈាមរាវដូច្នេះ៖ «ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ ឬការិយាល័យនគរបាលជំនាញណាមួយ។ អ៊ីចឹងចូលឆ្នាំចប់រាល់ល្បែងផ្សេង រាល់ការលេង ត្រូវចប់ដូចគ្នា ជាពិសេសរឿងប៉ាតម្សៅ ប៉ះថ្ពាល់ ជះទឹកអីនេះ។ ក្នុងរដូវលេងយើងលេងទៅ លេងឱ្យត្រឹមត្រូវ គឺគេអត់ប្រកាន់ទេ តែហួសពីរយៈពេលនៃលេងហើយ យើងនៅបន្តលេងទៀត គេនឹងចាប់ផ្ដើមប្រកាន់ហើយ។ បើគេប្រកាន់ គឺ ខុសច្បាប់ បើយើងយកដៃទៅ ច្បូតថ្ពាល់គេ បៀតបៀនកេរភេទគេ បន្លំថើបគេជាដើម សុទ្ធតែត្រូវថ្មោងរបស់សមត្ថកិច្ចហើយ! »។

លោក ទូច សុខៈ ក៏ប្រាប់យុវជនឱ្យបញ្ចប់ពិធីបុណ្យចូលឆ្នាំជាមួយសកម្មភាពវិជ្ជមាន ពោលគឺមិនត្រូវយកគំនុំដែលថ្នាំងថ្នាក់ចិត្ត ឬមានបញ្ហាជាមួយគ្នាក្នុងថ្ងៃបុណ្យចូលឆ្នាំ ទៅសងសឹកគ្នា បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ឬស្រាលឡើយ។
លោក ក៏បានហាមមិនឱ្យយុវជន ការកាន់កាប់អាវុធ ឬដាក់ដាវ កាំបិតតាមខ្លួន ជក់ឬលក់បារីអេឡិចត្រនិច និងជួញដូរគ្រឿងញៀន មិនប្រមូលផ្ដុំគ្នា បង្ហោះម៉ូតូ និងកែច្នៃភ្លើងម៉ូតូខុសបច្ចេកទេសឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា កម្លាំងនគរបាល ចាប់ពីថ្នាក់ដល់មូលដ្ឋាន រៀបចំផែនការរួចជាស្រេច ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដោះស្រាយបញ្ហាចរាចរណ៍ នឹងអន្តរាគមន៍ ចំពោះសកម្មភាពរបស់យុវជន និងបុគ្គលណា ដែលបង្កបញ្ហាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


