Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលហ្គាហ្សា៖ អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ១០០នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន

បានផុស

នៅ

របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលពីការិយាល័យព័ត៌មានរដ្ឋាភិបាលហ្គាហ្សាបង្ហាញថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច៩៧នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០ខែតុលាមក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Anadolu នៅថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥ រដ្ឋាភិបាលហ្គាហ្សា បានកត់ត្រាអំពីការរំលោភបទឈប់បាញ់ចំនួន៨០លើក ក្នុងនោះមានរហូតដល់ទៅ២១លើកដែលកើតឡើងត្រឹមមួយថ្ងៃអាទិត្យទី១៩។

ប្រភពដដែលបន្តថា ការរំលោភបទឈប់បាញ់ទាំងនោះមានដូចជា៖ ការបាញ់លើជនស៊ីវិលដោយផ្ទាល់ ការផ្តក់គ្រាប់ចូលតំបន់ធានាសន្តិសុខ និងការចាប់ខ្លួនជនស៊ីវិល។

(រូបថត៖ Reuters)

ការអះអាងនេះកើតឡើងចំពេលអ៊ីស្រាអែល បើកការវាយប្រហារក្នុងតំបន់ហ្គាហ្សា កំណត់គោលដៅលើទីតាំងក្រុមភេរវកម្មនិងយកលេសថា ក្រុមហាម៉ាសរំលោភបទឈប់បាញ់។

RT រាយការណ៍កាលពីថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារច្រើនទីតាំងក្នុងទឹកដីហ្គាហ្សា។

(រូបថត៖ Reuters)

IDF អះអាងថា ខ្លួនបានកម្ទចបន្ទាយក្រុមភេរវកម្មនៅហ្គាហ្សា ក្នុងនោះមានទាំងឃ្លាំងស្តុកអាវុធ ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធហាម៉ាសផងដែរ ដើម្បីឆ្លើយតបទៅការវាយប្រហារលើកងកម្លាំងរបស់ខ្លួនពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅទីក្រុង Rafah។

ទន្ទឹមនោះ អ៊ីស្រាអែល ក៏បានបិទច្រកផ្អាកការដឹកជំនួយចូលហ្គាហ្សាជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រោយមកក៏បើកវិញ បន្ទាប់ពីវាយប្រហារលើគោលដៅទាំងនេះរួច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល​ប្រាប់​ថា​បន្ត​​អនុវត្ត​បទ​ឈប់​បាញ់វិញ​ហើយ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​៤៥​នាក់​នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម