ការសិក្សាស្រាវជ្រាវថ្មីបានរកឃើញថា ជំងឺកូវីដ ១៩ មានសកម្មភាព និងវត្តមាននៅក្នុងប្រទេសអ៊ីតាលីប៉ុន្មានខែមុនពេលវាត្រូវបានរកឃើញជាផ្លូវការដែលធ្វើឲ្យមានសំណួរបន្ថែមទៀតអំពីប្រភពដើម វិសាលភាព និងរយៈពេលពិតប្រាកដនៃការបន្តជំងឺរាតត្បាតមួយនេះ ។
ការសិក្សាលើមូលដ្ឋានថ្មីដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានមហារីក Milan Institute of Cancer និងសាកលវិទ្យាល័យ University of Siena ត្រូវបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះដោយទស្សនាវដ្ដី Tumori ។ ការស្រាវជ្រាវនេះគឺផ្អែកលើការវិភាគសំណាកឈាមពីមនុស្សចំនួន ៩៥៩ នាក់ដែលត្រូវបានប្រមូលក្នុងអំឡុងពេលធ្វើតេស្តរកជំងឺមហារីកសួតដែលធ្វើឡើងចន្លោះខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២០ ។
ច្រើនជាង ១១ ភាគរយនៃអ្នកដែលត្រូវបានធ្វើតេស្ត មនុស្ស ១១១ នាក់បានបង្ហាញថាមានអង់ទីគ័រដែលទាក់ទងនឹងវីរុសកូរ៉ូណា ។ អ្នកដែលត្រូវបានគេធ្វើតេស្តទាំងអស់មិនបានបង្ហាញរោគសញ្ញា ហើយមិនបានបង្ហាញសញ្ញាណាមួយនៃជំងឺនេះនោះទេ ។ លទ្ធផលវិជ្ជមានចំនួន ២៣ មានតាំងពីខែកញ្ញា ឆ្នាំ ២០១៩ មកម្ល៉េះដែលបង្ហាញថាវីរុសនេះពិតជាមាននៅក្នុងប្រទេសអ៊ីតាលីនៅដើមរដូវក្តៅមុនពោលគឺប្រហែល ៦ ខែមុនពេលរោគរាតត្បាតនេះចាប់ផ្តើម និងឈានដល់ប្រទេសអ៊ីតាលី ។
ការស្រាវជ្រាវដំបូងបានបង្ហាញរួចហើយថា វីរុសកូរ៉ូណាកើតចេញពីទីក្រុងវូហានរបស់ប្រទេសចិននៅខែធ្នូ ឆ្នាំ ២០១៩ ហើយវាបានប្រែទៅជារោគរាតត្បាតនៅខែមករា ឆ្នាំ ២០២០ ។ ប៉ុន្តែទិន្នន័យពីអ្នកស្រាវជ្រាវជនជាតិអ៊ីតាលីមានតម្លៃពិសេស ព្រោះវាមានមូលដ្ឋានលើសំណាកឈាមពិតៗបើប្រៀបធៀបនឹងការរកឃើញមុនៗដែលមិនមានការសន្និដ្ឋានច្បាស់លាស់ដែលបានលើកឡើងផងដែរថាការកំណត់ពេលវេលារោគរាតត្បាតអាចនឹងខុស ។
ទន្ទឹមនោះការសិក្សាស្រាវជ្រាវថ្មីនេះបានបង្ហាញថា មានភាពស្របគ្នានឹងរបាយការណ៍នៃរោគសញ្ញានៃការដកដង្ហើមធ្ងន់ធ្ងរ និងជំងឺផ្តាសាយខុសពីធម្មតាដែលរីករាលដាលក្នុងចំណោមមនុស្សវ័យចំណាស់របស់អ៊ីតាលីនៅចុងឆ្នាំ ២០១៩ ។
ការរកឃើញស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រមកពីប្រទេសដទៃទៀតផងដែរ ។ អ្នកស្រាវជ្រាវអេស្ប៉ាញបានអះអាងថា ពួកគេបានរកឃើញវីរុសកូរ៉ូណាក្នុងសំណាកទឹកស្អុយដែលបានយកមកនៅដើមខែមីនា ឆ្នាំ ២០១៩ ។
គួរបញ្ជាក់ថា មនុស្សជាង ៥៤ លាននាក់ត្រូវបានរាយការណ៍ថាបានឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក ហើយមនុស្ស ១,៣១២,៣៣៤ នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក គីម ជុងអ៊ុន បញ្ជាឲ្យបន្ថែមការរឹតបន្តឹងលើវិធានការប្រឆាំងជំងឺកូវីដ ១៩ ខណៈករណីឆ្លងលើពិភពលោកកំពុងកើនឡើងខ្លាំង
ចុចអាន ៖ ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៣៤ នាក់ក្នុងការវាយប្រហារលើរថយន្តក្រុងនៅភាគខាងលិចប្រទេសអេត្យូពី