Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ដាក់គោលដៅចាក់វ៉ាក់សាំងឲ្យបានលឿនបំផុត ក្រោយផ្ទុះឆ្លងកូវីដខ្លាំងឡើងៗ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសវៀតណាមមានគោលបំណងចាក់វ៉ាក់សាំងឲ្យបាន ៥០ ភាគរយ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅចុងឆ្នាំនេះ និង ៧០ ភាគរយនៅចុងខែមីនាឆ្នាំក្រោយ ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ គឺជាវិធានការចាំបាច់ និងមានសារៈសំខាន់ដើម្បីទប់ស្កាត់វីរុសនេះ ហើយក៏ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅចុងក្រោយរបស់រដ្ឋាភិបាលនេះធ្វើឡើង បន្ទាប់ពីបាននិយាយកាលពីពេលកន្លងមកថា រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងឲ្យបាន ៧០ ទៅ ៧៥ ភាគរយ ដល់ប្រជាជនចំនួន ៩៨ លាននាក់របស់ប្រទេសនេះនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។

ទន្ទឹមនោះ ក្រសួងបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តចំពោះការចាក់វ៉ាក់សាំងចំនួន ១០៥ លានដូស ប៉ុន្តែទាបជាងគោលដៅដំបូងដែលត្រូវចាក់ឲ្យបាន ១៥០ លានដូស ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលនូវវ៉ាក់សាំងប្រហែល ៦ លានដូស ដែលភាគច្រើនស្ថិតនៅក្រោមការចែកចាយពីគម្រោង COVAX ។ ក្នុងនោះជិត ៤ លានដូស ត្រូវបានចាក់ ហើយមានតែមនុស្សប្រមាណ ២៥ ម៉ឺននាក់ប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងពេញ ២ ដូស ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ២៤,៨១០ ករណី និងមានអ្នកស្លាប់ចំនួន ១០៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វៀតណាម រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុត បំបែកកំណត់ត្រាថ្មីទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម