កូរ៉េខាងត្បូង ប្តឹងទារសំណង ៦,៧ពាន់​លាន​វុន​ពី Facebook ពាក់ព័ន្ធ​ចែក​រំលែកព័ត៌មាន​អ្នក​ប្រើ​ប្រាស់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ប្តឹងទារសំណង ៦,៧ពាន់​លាន​វុន​ពី Facebook ពាក់ព័ន្ធ​ចែក​រំលែកព័ត៌មាន​អ្នក​ប្រើ​ប្រាស់

Published

on

កូរ៉េខាងត្បួង កាល​ពី​ថ្ងៃ​ពុធ បាន​សម្រេច​ប្តឹង​ទាម​ទារសំណង​ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស Facebook Inc ជាទឹក​ប្រាក់​សរុប ៦,៧ពាន់​លាន​វុន ស្មើ​ប្រមាណ​ជាង ៦លាន​ដុល្លារ​អាមេរិក ​ពាក់ព័ន្ធ​ករណីផ្តល់​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​ខ្លួន​ទៅ​កាន់​បណ្តាញ​ប្រតិបត្តិការ​ផ្សេង​ទៀត ដោយ​មិន​មាន​ការ​អនុញ្ញាត។

គណៈកម្មាធិការ​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង បាន​បើក​ការស៊ើប​អង្កេត​ករណី​បញ្ចេញ​ព័ត៌មាន​អ្នក​ប្រើប្រាស់​ Facebook ដោយគ្មាន​ការ​អនុញ្ញាត​ចាប់​តាំង​ពី​ខែសីហាមក​​ម៉្លេះ ដោយក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ពួក​គេ​បញ្ជាក់​រក​ឃើញ​ភស្តុតាងពាក់​ព័ន្ធ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ Facebook ៣,៣លាននាក់ ក្នុង​ចំណោមអ្នក​ប្រើ​ប្រាស់​សរុប ១៨លាននាក់ ត្រូវ​បាន​គេផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ប្រតិបត្តិការ​ផ្សេង​ទៀត ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​គណនី​ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០១២ ដល់​ខែមិថុនា ឆ្នាំ២០១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters។

យោង​តាម​ខ្លឹម​សារ​សរសេរ​ដោយ​ភ្នាក់​ងារ Reuters នៅ​ពេល​អ្នក​ប្រើ​ប្រាស់ Facebook ណា​ម្នាក់​ប្រើ​កម្ម​វិធី​ប្រតិបត្តិការ​ផ្សេង​ទៀត​ដោយ​ចូល​ទៅ​តាម Facebook នោះ​ព័ត៌មាន​ពាក់ព័ន្ធ​និង​មិត្តភ័ក្តិ​របស់​គេ នឹង​ត្រូវ​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​ប្រតិបត្តិការ​នោះ ដោយ​មិន​ដឹង​ខ្លួន។

គណៈ​កម្មាធិការនៅកូរ៉េ និយាយ​ថា ខ្លួន​នឹងប្តឹង​ក្រុមហ៊ុន Facebook នៅ​អៀរឡង់ Facebook Ireland Ltd ដើម្បី​ទទួល​ខុស​ត្រូវ​ប្រាក់​ជំងឺចិត្ត ខណៈ​អ្នក​ច្បាប់​របស់​ប្រទេស​កូរ៉េ ក៏​កំពុងដាក់​ពាក្យ​បណ្តឹង​ឧក្រិដ្ឋកម្មប្រឆាំង​ Facebook Ireland Ltd ដូចគ្នា។

គួរ​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ Facebook កំពុង​រងសម្ពាធ​ខ្លាំង​ពី​បណ្តា​រដ្ឋាភិបាល​ប្រទេស​ជាច្រើន ដែល​កំពុង​ប្តឹង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ខណៈ​ករណី​ភាគ​ច្រើន គឺ​ពាក់​ព័ន្ធ​ការ​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម