ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អ៊ុយក្រែន ទើបភ្ញាក់ពីដេកយកដំណោះស្រាយសន្តិភាពរបស់ ចិន ដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយ រុស្ស៊ី?
ក្រោយលង់លក់អស់រយៈពេលជិត ១ ឆ្នាំលើដំណោះស្រាយសន្តិភាព ១២ ចំណុចដែលដាក់ចេញដោយក្រសួងការប្រទេសចិន ពេលនេះអគ្គសេនាធិការចម្រុះអ៊ុយក្រែនតំណាងឲ្យរដ្ឋាភិបាលទីក្រុងកៀវបានចាត់ទុកផែនការទាំងនោះគឺជារឿងចាំបាច់ និងបើកចិត្តទទួលយកវាដាក់លើតុចរចាដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។

ថ្លែងនៅមុនកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន, ប្រមុខអគ្គសេនាធិការចម្រុះរបស់អ៊ុយក្រែនលោក Andrey Yermak បានលើកឡើងថា “វត្តមានចិនកាន់តែសំខាន់ក្នុងដំណើរការកិច្ចចរចាដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី ហើយវាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូមួយនេះមកអង្គុយនៅតុរកដំណោះស្រាយ ឬផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន” ។
ដូច្នេះតើហេតុអ្វីបានជាអ៊ុយក្រែនទើបនឹកឃើញយល់ព្រមទទួលយកដំណោះស្រាយសន្តិភាព ១២ ចំណុចដែលដាក់ចេញដោយចិនដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ីនៅពេលនេះ?
ច្បាស់ណាស់ថា នេះគឺជាពេលវេលាសមប្រកបដែលរដ្ឋាភិបាលទីក្រុងកៀវត្រូវភ្ញាក់ពីដំណេកដោយមិនចាំបាច់ដាស់ ហើយព្រមទទួលយកផែនការសន្តិភាព ១២ ចំណុចដែលក្រសួងការបរទេសចិនដាក់ចេញមកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលចំខួប ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដំណោះស្រាយទាំងនោះផ្ដោតសំខាន់លើបទឈប់បាញ់ ការចរចារកសន្តិភាព ការដោះស្រាយវិបត្តិមនុស្សធម៌ ការបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ការការពារជនស៊ីវិល និងអ្នកទោសសង្គ្រាមជាដើម ។

ជាក់ស្ដែង ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ ស្របពេលដែលសម្ព័ន្ធមិត្តដែលជាម្ចាស់ជំនួយដូចជា បងធំអាមេរិកប្រកាសអស់ជំនួយគ្រាក់ៗទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវតាំងតែពីចុងឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលសំណើដាក់ទៅកាន់សភាអាមេរិកដើម្បីសុំថវិកាបន្ថែមសម្រាប់ផ្ដល់ទៅឲ្យរដ្ឋបាលលោក Volodymyr Zelensky នៅនឹងថ្កល់ ហើយវាក៏ចំពេលពិភពលោកកំពុងដុនដាបផ្នែកសេដ្ឋកិច្ចផងដែរ ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះកំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson ដែលមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ។

ទន្ទឹមនោះ ការចាត់ទុកដំណោះស្រាយសន្តិភាពរបស់ចិនថាជាសន្លឹកបៀដ៏មិនអាចខ្វះបានទៀតនោះ ក៏ដោយសារតែព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដែលជាការបាញ់បោះគ្រាប់រ៉ុកកែត និងការវាយឆ្មក់របស់ក្រុមហាម៉ាសចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។ មិនទុកយូរឡើយ អ៊ីស្រាអែលត្រូវបង្ខំចិត្តបើកការវាយសន្ធាប់មិនប្រណីដៃទាំងផ្លូវអាកាស និងផ្លូវគោកទៅលើតំបន់ហ្គាហ្សាដើម្បីជាការសងសឹកទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ដោយរហូតមកដល់ពេលនេះបានសម្លាប់ប្រជាជនស្លូតត្រង់ជាង ២៤,០០០ នាក់ និងរបូសជាង ៦១,១០០ នាក់ ខណៈ ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ។
ក្រោយឃើញស្ថានភាពបែបនេះ រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបេះពីមាត់ពី ក ផ្ដល់ជំនួយជាសព្វាវុធ និងគ្រាប់កាំភ្លើងក្នុងទំហំទឹកប្រាក់ប្រមាណ ១០៦.៦ លានដុល្លារទៅឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ហើយវាក៏ជាសញ្ញាមួយបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងបែកចិត្តពីភ្លើងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។

ចំណែកសេណារីយ៉ូមួយទៀតដែលឲ្យអ៊ុយក្រែនស្រវ៉ាចាប់យកផែនការសន្តិភាពរបស់ចិន គឺរឿងរ៉ាវពាក់ព័ន្ធរវាងចិន និងតៃវ៉ាន់នេះផ្ទាល់តែម្ដង ។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ តៃវ៉ាន់ជ្រើសរើសបានប្រធានាធិបតីថ្មីគឺលោក Lai Ching-te មកពីគណបក្សវឌ្ឍនាភាពប្រជាធិបតេយ្យ (DPP) ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ។
ការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បានលើកឡើង ក្រោយលទ្ធផលជាប់ឆ្នោតរបស់លោក Lai ថា ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់គឺជារឿងចៀសមិនរួច ស្របពេលអនាគតប្រធានាធិបតីរបស់ដែនកោះមួយនេះនៅតែរក្សាគោលនយោបាយការបរទេស “ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក” និង “ទប់ទល់មិនឲ្យចិនច្បាមយកតៃវ៉ាន់ត្រលប់ទៅវិញ” ។

ម្យ៉ាងទៀតគោលជំហរប្រកាសឯករាជ្យភាពតៃវ៉ាន់ពីសំណាក់លោក Lai ក៏រឹតតែទាញឲ្យចិនក្ដៅស្លឹកត្រចៀកផងដែរ ព្រោះថាចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដូច្នេះប្រសិនបើមេដឹកនាំជាប់ឆ្នោតថ្មីរូបនេះនៅតែរឹងចចេសបន្តសកម្មភាពយ៉ាងគឃ្លើនបែបនេះនោះ មិនយូរមិនឆាប់ឡើយភាពតានតឹងនឹងផ្ទុះឡើងនៅពេលណាមួយជាក់ជាមិនខាន ។
ច្បាស់ណាស់ បើអរិភាពណាមួយកើតឡើងមែន សហរដ្ឋអាមេរិកនឹងលូកដៃជួយតៃវ៉ាន់ ខណៈកន្លងមករដ្ឋបាលរបស់លោក Biden បានជ្រោមជ្រែងទាំងកញ្ចប់ជំនួយយោធា និងសន្តិសុខៗក្នុងទំហំទឹកប្រាក់ជិត ៤០០ លានដុល្លារទៅឲ្យដែនកោះមួយនេះ ដូច្នេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកាន់តែរវល់បន្ថែមទៀតក្នុងការដកជំនួយចេញពីហោប៉ៅផ្ដល់ទៅអ៊ីស្រាអែលផង និងឲ្យតៃវ៉ាន់ផង ហើយក្រឡាអុកនេះនឹងទាញអ៊ុយក្រែនកាន់តែឯកោ ក៏ដូចជាកាន់តែត្រដាបត្រដួស ម្យ៉ាងនេះក៏ជាពេលវេលាអំណោយផលសម្រាប់រុស្ស៊ីផងដែរ ជាពិសេសកងកម្លាំងទីក្រុងមូស្គូក៏មិនតឹងដៃក្នុងការវាយសង្គ្រប់លើអ៊ុយក្រែនដូចគ្នា ៕
ដោយ ៖ សុខ ជីវ័ន្ត

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង