Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​អាយុ​៤០​ទៅ​៥០​ឆ្នាំ​ទំនង​មាន​​​បញ្ហា​យូរ​ទៀត ក្រោយ​​ព្យាបាល​កូវីដ-១៩ជាហើយ, ការសិក្សាបង្ហាញ

បានផុស

នៅ

ស្ត្រី​អាយុ​ខ្ទង់​៤០​​ និង​៥០​ឆ្នាំ​ទំនង​ជា​បន្ត​មាន​បញ្ហា​​​ខ្ពស់​នៃ​​អាការៈ​​ធ្វើ​ទុក្ខ​រយៈ​​ពេលវែង​ទៀត​ បន្ទាប់​​ពី​ចាក​ចេញ​ពី​​​​មន្ទីរពេទ្យ ក្រោយ​ពេល​ព្យាបាល​​​​កូវីដ-១៩​រួច​ ដែល​ការ​ធ្វើ​ទុក្ខ​អាច​ច្រើន​ខែ​ដូច​ជា​អស់​កម្លាំង ពិបាក​ដក​ដង្ហើម និង​ភ្លេច​ភ្លាំង​​ជា​ដើម។ នេះ​បើ​តាម​ការ​សិក្សា​ពីរ​របស់​ចក្រ​ភព​​អង់គ្លេស​ដែល​បាន​រក​ឃើញ​នៅ​ថ្ងៃ​ពុធ​ ម្សិល​មិញ។

ការ​សិក្សា​ទី​១​​បាន​រក​ឃើញ​ថា រយៈ​ពេល​៥​ខែ បន្ទាប់​ពី​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ អ្នក​ជំងឺ​កូវីដ-១៩ ដែល​ជា​ស្ត្រី​​​វ័យ​កណ្តាល ស្បែក​ស និង​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ដូច​ជាទឹក​នោម​ផ្អែម ជំងឺ​សួត ឬ​ជំងឺ​បេះដូង ទំនង​ជា​មាន​បញ្ហា​ច្រើន​​ទៀត​​ដោយ​សារ​កូវីដ-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chris Brightling សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ផ្លូវ​ដង្ហើម​នៅ​សកល​វិទ្យាល័យ Leicester University ដែល​​​សហ​សិក្សា​​ឈ្មោះ PHOSP-COVID បាន​និយាយ​ថា ៖«ការ​សិក្សា​របស់​យើងរក​ឃើញ​ថា អ្នកដែល​មាន​បញ្ហា​ធ្ងន់​ធ្ងរ​​​ច្រើន​ជា​ស្ត្រី​ស្បែក​ស​ដែល​មាន​អាយុ​ចន្លោះ​ពី​៤០​ឆ្នាំ ទៅ​៦០​ឆ្នាំ ដែល​មានបញ្ហា​សុខភាព​រយៈ​ពេលវែង​យ៉ាង​ហោច​ណាស់​២​ប្រភេទ»។

ការ​សិក្សា​ទី​២​ធ្វើ​ឡើង​ដោយ​ International Severe Acute Respiratory និង​ emerging Infections Consortium (ISARIC) បាន​រក​ឃើញ​ថា ស្ត្រី​អាយុក្រោម​​៥០​ឆ្នាំមាន​​បញ្ហា​សុខភាព​​អាក្រក់​រយៈ​ពេល​យូរជាង​បុរស និង​​ជាង​អ្នក​ចូល​រួមសិក្សា​​​​វ័យ​ច្រើន​ជាង​ បើ​ទោះ​ជា​ពួក​គេ​មិន​មាន​បញ្ហា​សុខភាព​ក៏​ដោយ។

អ្នក​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ Edinburgh University សហការ​សិក្សា​ជា​មួយ ISARIC លោក Tom Drake បាន​និយាយ​ថា  ៖«​វា​កាន់​តែ​ច្បាស់​ថា កូវីដ-១៩​ នៅ​តែ​បន្ត​​មាន​​ផល​លំបាក​ខ្លាំង​សម្រាប់​អ្នក​រស់​រាន​ពី​ជំងឺ​នេះ»។

ការ​សិក្សា ISARIC ដែល​បាន​ធ្វើ​លើ​អ្នក​ជំងឺ​៣២៧​នាក់​បាន​រក​ឃើញ​ថា ស្ត្រី​អាយុ​ក្រោម​៥០​ឆ្នាំ​គឺ​​​ហាក់​ដូច​ជា​មាន​អាការៈ​​អស់​កម្លាំង​ពីរ​ដង មាន​បញ្ហាផ្លូវ​​ដង្ហើម​៧​ដង ហើយ​ក៏​ទំនង​ជា​មាន​បញ្ហា​ដល់​ការ​ចង​ចាំ ចលភាព និង​ការ​ទំនាក់​ទំនង។

ការ​សិក្សា​របស់ PHOSP បាន​វិភាគ​លើ​អ្នក​ជំងឺប្រុស និង​ស្រី​ចំនួន​១០៧៧​នាក់​ដែលបាន​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ចក្រ​ភព​អង់គ្លេស​ចន្លោះ​ពី​ខែ​មីនា​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពីព្យាបាល​ជំងឺ​កូវីដ-១៩។

ភាគ​ច្រើន​នៃ​អ្នក​ជំងឺ​ត្រូវ​បាន​រក​ឃើញ​ថា នៅ​តែ​មាន​សញ្ញាជាប់លាប់​ច្រើន បន្ទាប់​ពី​ចេញ​ពី​មន្ទីរ​ពេទ្យ​៥​​ខែ​ហើយ ដែល​រោគ​សញ្ញាស្រដៀង​ៗ​គ្នា​គឺ​ឈឺ​ចាប់សាច់ដុំ ឈឺ​សន្លាក់​ដៃ​ជើង អស់​កម្លាំង ចុះ​ខ្សោយ ពិបាក​ដក​ដង្ហើម និង​ភ្លេច​ភ្លាំង។

ជាង​មួយ​ភាគ​បួនមាន​អ្វី​ដែល​វេជ្ជបណ្ឌិត​បាន​និយាយ​ថា មាន​រោគសញ្ញា​ថប​បារម្ភ និង​ធ្លាក់​ទឹក​ចិត្ត ក្នុង​រយៈ​ពេល​៥​ខែ ហើយ​១២​%​មាន​រោគ​សញ្ញា​នៃជំងឺ​ស្ត្រេស​ក្រោយ​​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត (PTSD)។

សាស្ត្រាចារ្យ និង​អ្នក​ឯកទេស​ផ្លូវ​ដង្ហើម​នៅ​សកល​វិទ្យាល័យ Leicester University ​សហការ​សិក្សាជាមួយ​ PHOSP អ្នក​ស្រី​ Louise Wain និយាយ​ថា ភាព​ខុស​គ្នា​នៅ​ក្នុងប្រតិកម្ម​​ភាព​ស៊ាំ​របស់​បុរស និង​ស្ត្រី ប្រហែលជា​អាច​ពន្យល់បាន​ថា ហេតុ​អ្វី​បាន​ជា​រោគ​សញ្ញា​ក្រោយ​ពេល​ព្យាបាល​កូវីដ-១៩​ កើត​មាន​ជា​ទូទៅ​ចំពោះ​ស្ត្រីច្រើន​ជាង។

អ្នក​ស្រី​បាន​និយាយ​ថា ៖«​យើងដឹង​ថា ស្វ័យភាព​ដែលរាង​កាយ​មាន​ប្រតិកម្មភាព​ស៊ាំ​​ទៅ​នឹង​កោសិកា និង​ស​រីរាង្គ​ល្អ​​ដែល​វា​ច្រើន​កើត​លើ​ស្ត្រី​វ័យ​កណ្តាល» ប៉ុន្តែ​«ត្រូវ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដើម្បី​ស្វែង​យល់ឲ្យ​កាន់​តែ​ពេញ​លេញ​នូវ​ដំណើរ​ការ​ដែល​ពាក់​ព័ន្ធ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម