ព័ត៌មានជាតិ
អាណាព្យាបាលសិស្សគាំទ្រចំណាត់ការក្រសួងមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលា និងសំណូមពរឱ្យមានវិធានការតឹងរុឹង
អាណាព្យាបាលសិស្សានុសិស្ស ៤រូប ដែលមានកូនៗរៀននៅកម្រិតបឋមសិក្សា បានគាំទ្រដូចគ្នាចំពោះចំណាត់ការរបស់ក្រសួងអប់រំ ដែលហាមមិនឱ្យមានការចែកចាយ លក់ និងផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទជុំវិញបរិវេណសាលារៀនទាំងរដ្ឋ និងឯកជន ព្រមទាំងសំណូមពរឱ្យភាគីពាក់ព័ន្ធមានការអនុវត្តតឹងរ៉ឹងជុំវិញករណីនេះ។

លោក សេង ចាន់ថន បានឱ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះថា លោកគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដែលហាមមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលារៀន ព្រោះអាចផ្តល់ផលប៉ះពាល់សុខភាពខ្លាំងដល់កុមារ ដូចជាខូចក្រលាន ទឹកនោមផ្អែម បញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ លោកបាននិយាយថា៖ “ក្រសួងបានតែហាមឃាត់ ប៉ុន្តែសាលានៅតែមានគោលការណ៍នៅលក់ចឹង គឺប៉ះពាល់ខ្លាំងដល់ក្មេងៗ។ ឥឡូវនេះ យើងគិតថា មើលតាមមន្ទីរពេទ្យគឺមានក្មេងៗកើតទឹកនោមផ្អែមច្រើន ប៉ះពាល់ ការលាងឈាមក៏ច្រើន”។ លោក ចាន់ថន បានសំណូមពរដល់ក្រសួងឱ្យរឹតបន្តឹងចំពោះសាលារៀនមួយចំនួន ដែលមិនទាន់អនុវត្ត និងគោរពតាមគោលការណ៍របស់ក្រសួង ដែលហាមមិនឱ្យមានលក់ភេសជ្ជៈប៉ូវកម្លាំងនេះ។

ជាមួយគ្នានេះ អ្នកស្រី លន ស្រីល័ក្ខ ដែលមានកូនរៀននៅបឋមសិក្សា ក៏បានឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាថា អ្នកស្រីគាំទ្រចំណាត់ការក្រសួងអប់រំ និងព្រួយបារម្ភខ្លាំងចំពោះបញ្ហាទឹកនោមផ្អែមដែលកើតលើកុមារព្រោះតែទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន។ ចំពោះកូនអ្នកស្រីផ្ទាល់ គឺអ្នកស្រីមិនអនុញ្ញាតឱ្យកូនៗទទួលទានភេសជ្ជៈផ្អែមឡើយ ដោយជំនួសឱ្យការរៀបចំអាហារ និងទឹកដោះគោជំនួយឆ្អឹងឱ្យកូនទៅសាលាវិញ។ អ្នកស្រី សង្ឃឹមថា នៅតាមសាលាទាំងអស់ប្រសិនជាអាចលុបបំបាត់ការលក់ភេសជ្ជៈផ្អែមបាននោះកាន់តែប្រសើរ ដោយជំនួសមកវិញនូវការលក់អាហារណាដែលជំនួយដល់ការលូតលាស់កុមារ ទើបជាការល្អ។ អ្នកស្រី ជំរុញឱ្យក្រសួងឧស្សាហ៍ចុះត្រួតពិនិត្យករណីនេះឱ្យបានច្រើន និងហ្មត់ចត់ ហើយអាណាព្យាបាលគ្រប់រូប ក៏ត្រូវចូលរួមជួយជំរុញ ហាមឃាត់ និងណែនាំកូនៗកុំឱ្យបរិភោគភេសជ្ជៈទាំងអស់នេះ ឬអាចផ្តាំផ្ញើតាមរយៈលោកគ្រូ អ្នកគ្រូ បានថែមទៀតផង។

ចំណែក លោក ណន សុវណ្ណរ័ត្ន ជាអ្នករត់តុកៗ កំពុងអង្គុយចាំកូនចេញពីសាលារៀន ក៏យល់ឃើញមិនខុសពីអាណាព្យាបាលខាងលើដែរ។ លោក តែងទូន្មានកូនកុំឱ្យទទួលទានភេសជ្ជៈប៉ូវកម្លាំងទាំងអស់នេះ ព្រោះធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនរបស់លោក។ លោក សុវណ្ណរ័ត្ន តែងឱ្យកូនហូបបាយជំនួសឱ្យការទិញនំចំណីផ្តេសផ្តាស់នៅសាលារៀន។ លោកក៏បានផ្តាំដល់អាណាព្យាបាលគ្រប់រូប គួរមានកិច្ចសហការជាមួយអ្នកគ្រូ លោកគ្រូ ឱ្យបានច្រើនដើម្បីកុំឱ្យមានការកើនឡើងនៃការបរិភោគគ្រឿងកំប៉ុងទាំងអស់នោះ។

រីឯ លោក ក្រូច ឃាន់ ជាអាណាព្យាបាលមួយរូបដែរ ប្រាប់ថា លោកព្រួយបារម្ភច្រើនពីបញ្ហានេះ តែងណែនាំកូនៗរបស់លោកកុំឱ្យទទួលទានគ្រឿងផ្អែមច្រើនពេក ព្រោះប៉ះពាល់ដល់សុខភាព។ លោកក៏បារម្ភដូចគ្នា នៅពេលចេញពីផ្ទះបាត់ កូនៗអាចលួចទិញបរិភោគតាមក្រោយទៀត ហើយខ្លាចថានឹងមានជំងឺទឹកនោមផ្អែម ឬខ្សោយក្រលានជាដើម ព្រោះឃើញផ្ទាល់ភ្នែកច្រើនណាស់នៅតាមមន្ទីរពេទ្យនីមួយៗ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ លើសពីនេះ ក្រសួង ក៏បានឱ្យអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមកផងដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


