ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ហាមឃាត់មិនឱ្យប្រើប្រាស់ឱសថ ២ប្រភេទ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានប្រកាសហាមឃាត់មិនឱ្យប្រើប្រាស់ឱសថចំនួន ២ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម ដោយសារមានផ្ទុកសារធាតុ Sildenafil ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់បេះដូង និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។

ការហាមឃាត់នេះ ក្រោយការស្រាវជ្រាវរបស់ភ្នាក់ងារត្រួតពិនិត្យឱសថ និងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា ផលិតផលចំនួន ២មុខ ឈ្មោះ ១.SUPER XL ២.AMOUR ដែលបាន និងកំពុងផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម មានផ្ទុកសារធាតុ Sildenafil ដែលជាឱសថប្រើ សម្រាប់វិបត្តិសរីរាង្គភេទបុរស។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញ នៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរ ពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២កន្លែង នៅរាជធានី ភ្នំពេញ ដោយបានកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការតាមនីតិវិធីផងដែរ។
ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផល SUPER XL និង AMOUR ទាំងនេះជាបន្ទាន់។ ទន្ទឹមនេះដែរ ក្រសួងសុខាភិបាល បានឱ្យដឹងថា រាល់ផលិតផលជំនួយផ្លូវភេទ គ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួង សុខាភិបាលនោះទេ ហើយតាមការស្រាវជ្រាវកន្លងមកភាគច្រើន នៃផលិតផលទាំងនោះមិនមែនជាផលិតផល បំប៉នសុខភាពនោះទេ គឺជាទូទៅមានដាក់សារធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អ្នកប្រើប្រាស់ ឬឈានដល់បាត់បង់អាយុជីវិតទៀតផង។ ដូច្នេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងឈប់ជឿលើការផ្សព្វផ្សាយទាំងនោះទៀត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលទាំង២ ខាងលើ ឬផលិតផល ជំនួយផ្លូវភេទគ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផល ប៉ះពាល់សុខភាពគ្មានលេខបញ្ជីកាខាងលើ ឬផលិតផលគ្មានលេខបញ្ចិកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


