ព័ត៌មានជាតិ
បន្ថែមពីគ្រឿងស្រវឹង រដ្ឋមន្ត្រីមហាផ្ទៃឱ្យអាជ្ញាធរពិចារណាកាត់បន្ថយប៉ាណូពាណិជ្ជកម្មភេសជ្ជៈផ្អែម
បន្ថែមពីការហាមផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើប៉ាណូនៅតាមទីសាធារណៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកទឹកចិត្តដល់អាជ្ញាធររាជធានីខេត្ត ពិចារណាកាត់បន្ថយការដាក់ប៉ាណូពាណិជ្ជកម្មផ្សាយអំពីផលិតផលភេសជ្ជៈផ្អែម ខណៈភេសជ្ជៈផ្អែមកំពុងវាយលុកដល់សុខភាពពលរដ្ឋ ពិសេសកុមារតូចៗ។

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ធ្វើផែនការគ្រប់គ្រងតម្រាយផ្លូវ និងប៉ាណូផ្សាយពាណិជ្ចកម្ម ជាពិសេសគួរត្រូវមានការគិតគូ និងកំណត់ទីតាំងហាមឃាត់សម្រាប់ប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ដើម្បីជាផ្នែកមួយនៃការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុខភាពសាធារណៈ។
កន្លងទៅ ដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជន ដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយព្រោតព្រាតគ្រប់ច្រកល្ហកនោះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ។ ក្រោយមានការណែនាំនេះ អាជ្ញាធររាជធានីខេត្តបានចាប់ផ្ដើមទម្លាក់ប៉ាណូគ្រឿងស្រវឹងតាមដងផ្លូវជាបន្តបន្ទាប់។

ថ្លែងពីវេទិកាសន្និបាតការងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងអរគុណអភិបាលរាជធានីខេត្តមួយចំនួន ដែលមានឆន្ទៈក្នុងការសម្អាតប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ក៏ប៉ុន្តែយ៉ាងណា លោករដ្ឋមន្ត្រីមហាផ្ទៃ ក៏បានណែនាំដល់រាជធានីខេត្តទាំងអស់ឱ្យបន្តសិក្សាកំណត់ទីតាំងហាមការផ្សព្វផ្សាយគ្រឿងស្រវឹង រួមទាំងគ្រឿងកំប៉ុងមានជាតិផ្អែមបន្ថែមទៀត។
ពាក់ព័ន្ធនឹងការងារនេះ លោក ថា ទាមទារឱ្យអាជ្ញាធរមានការប្ដេជ្ញាចិត្តមួយប្រកបដោយឆន្ទៈ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនផលិត និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងផលិតផលភេសជ្ជៈផ្អែម ដើម្បីកាត់បន្ថយលើកាផ្សាយពាណិជ្ជកម្មទាំងនេះ។ រដ្ឋមន្ត្រីមហាផ្ទៃ ចាត់ទុកចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម គឺជាចំណូលក្ដៅក្រហាយ មិនគួរយកមកអោបដាក់ខ្លួនទេ។

លោករដ្ឋមន្ត្រី លើកឡើងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ សូម្បីតែថ្ងៃនេះ ក៏មានការប្រជុំដើម្បីបញ្ចប់ និងមានការណែនាំរួមមួយដែរ ឥលូវយើងត្រូវប្រជុំ កន្លែងណាជាសាធារណៈយើងមិនគួរ ហើយកន្លែងណាដែលយើងមិនគួរផ្សព្វផ្សាយគ្រឿងស្រវឹង ជាពិសេសគ្រឿងកំប៉ុង មានជាតិផ្អែមដែលអាចប៉ះពាល់ដល់សុខភាពក្មេងៗ។ ការផ្សព្វផ្សាយពាណិជ្ជកម្ម ជាសិទ្ធិរបស់ខេត្តទេ ទាល់តែមានការប្ដេជ្ញាចិត្តមួយ ថ្វីត្បិតតែវាបានបាត់ចំណូលតិចតួច ប៉ុន្តែខ្ញុំជឿជាក់ថា ចំណូលក្ដៅក្រហាយ មិនគួរយកមកអោបដាក់ខ្លួនទេ ហើយបំផ្លាញជាតិ»។
គួរម្លឹកថា កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញនូវការព្រួយបារម្ភពីផលប៉ះពាល់សុខភាពរបស់សិស្សបណ្តាលមកពីការទទួលទាននូវភេសជ្ជៈប៉ូវកម្លាំងមានជាតិផ្អែមខ្លាំង។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំក្រសួងអប់រំ និងក្រសួងសុខាភិបាល ពិនិត្យផ្សព្វផ្សាយអប់រំ និងទប់ស្កាត់ការទទួលទាន និងការលក់ភេសជ្ជៈប៉ូកម្លាំងនៅតាមសាលារៀន។

ក្នុងស្មារតីនេះ ដើម្បីបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ បានហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


