សុខភាព
ក្រសួងសុខាភិបាល ប្រាប់ពីរបៀបបង្ការជំងឺផ្លូវដង្ហើម ស្របពេលអាកាសធាតុចុះត្រជាក់
ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្នឺម៉ូវីរុស <human metapneumovirus (HMPV)» បង្កឱ្យមានជំងឺផ្លូវដង្ហើម។ បើតាមក្រសួងសុខាភិបាល វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ យូមិនមេតាភ្នឺម៉ូវីរុស អាចបណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី ៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសនេះ ឆ្លងតាមការក្អក និងកណ្តាស់ ឬការប៉ះពាល់ជិតស្និទ្ធ ដូចជាការប៉ះ ឬចាប់ដៃគ្នា ឱប ថើប ប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ បន្ទាប់មកប៉ះ មាត់ ច្រមុះ ឬភ្នែក។ រោគសញ្ញានៃជំងឺនេះ រួមមាន ក្អក គ្រុនក្តៅ តឹងច្រមុះ ហូរសំបោរ និងហត់(ដង្ហើមខ្លី) អាចវិវត្តទៅជាជំងឺ រលាកទងសួត ឬជំងឺរលាកសួត ហើយស្រដៀងគ្នាទៅនឹងរោគសញ្ញានៃជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីមេរោគ ផ្សេងទៀត។ រយៈពេលពីការឆ្លងទៅដល់ចេញរោគសញ្ញា (រយៈពេលសំងំ) គឺពី៣ ទៅ ៦ថ្ងៃ។
ដើម្បីបង្ការសម្រាប់គ្រប់ប្រភេទវីរុស និងមេរោគបង្កជំងឺផ្លូវដង្ហើម ក្រសួងសុខាភិបាល បានប្រាប់ឱ្យប្រកាន់ខ្ជប់នូវអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ ហើយចៀសវាង យកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់ ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។ ពេលក្អក ឬ កណ្តាស់ សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត ប្រើផ្នត់កែងដៃអាវខ្ទប់មាត់ និងពាក់ម៉ាស់ ដើម្បីបង្ការការចម្លងទៅអ្នកដទៃ។ មិនត្រូវប្រើបាតដៃខ្ទប់មាត់របស់អ្នកផ្ទាល់ទេ។

បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគ ដោយត្រូវពាក់ម៉ាស និងអនុវត្តវិធានការបង្ការការចម្លងដូចរៀបរាប់ខាងលើ។ ចៀសវាងការចែករំលែកកែវទឹក និងបរិក្ខារបរិភោគជាមួយអ្នកដទៃ នៅពេលអាកាសធាតុចុះត្រជាក់ សូមស្លៀកពាក់សម្លៀកបំពាក់ក្រាស់សមស្រប ដើម្បីបង្ការភាពត្រជាក់ ជាពិសេសទារក កុមារនិង មនុស្សវ័យចំណាស់ ដែលងាយនឹងឈឺដោយសារអាកាសធាតុត្រជាក់។ ត្រូវស្វែងរកការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដក ដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត។ ក្នុងករណីឃើញមានជំងឺផ្តាសាយកើតឡើងច្រើនក្នុងសហគមន៍ សូមរាយការណ៍ជាបន្ទាន់ទៅលេខ ១១៥។
សូមបញ្ជាក់ថា យូមិនមេតាភ្នឺម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថាប្រហែល ១០ ទៅ ១២% នៃជំងឺផ្លូវដង្ហើមចំពោះកុមារ គឺបណ្តាលមកពីយូមិនមេតាភ្នំម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦%នៃកុមារ នឹងវិវត្តទៅជាជំងឺរលាកទងសួត និងរលាកសួត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


