Connect with us

KPT+

ស្វែងយល់អំពីដំណោះស្រាយ ក្រោយពេលមានការរំលោភបំពានផ្លូវភេទ

បានផុស

នៅ

ការរំលោភបំពានផ្លូវភេទ មានលក្ខណៈស្មុគស្មាញជាងទម្រង់ នៃការរំលោភបំពានផ្សេងៗ។ ការរំលោភបំពានផ្លូវភេទភាគច្រើន កើតឡើងចំពោះស្រ្តី និងកុមារ ហើយដែលជនល្មើសភាគច្រើន ជាមនុស្សដែលស្ថិតក្នុងចំណោមសាច់ញាតិ មិត្តភក្តិ ឬមនុស្សក្នុងសហគមន៍ជាមួយគ្នា។ នៅថ្ងៃនេះកម្ពុជាថ្មី សូមលើកយកចំណេះដឹង និងដោះស្រាយក្រោយមានការរំលោភបំពានផ្លូវភេទ រួមជាមួយនឹងសកម្មភាពដែលជនរងគ្រោះត្រូវធ្វើ និងស្ថាប័នមួយចំនួនដែលអាចជួយពួកគេបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើអ្វីជាការរំលោភផ្លូវភេទ?

ការរំលោភផ្លូវភេទ គឺជាការរួមភេទដែលគ្មានការព្រមព្រៀង និងប្រើប្រាស់កម្លាំងកាយ ដើម្បីបង្ខិតបង្ខំ ឬដោយការគំរាមកំហែង។

២. តើតើជនរងគ្រោះ ត្រូវប្រមូលភស្តុតាងយ៉ាងដូចម្ដេច ជុំវិញអំពើរំលោភផ្លូវភេទមកលើខ្លួន?

ការប្រមូលភស្តុតាង ត្រូវធ្វើឡើងតាមលំអានដូចខាងក្រោម៖

ក. ត្រូវប្រមូលវត្ថុតាង ដែលជនប្រព្រឹត្តិអំពើរំលោភបានបន្សល់ទុក ដូចជាសម្លៀកបំពាក់ វត្ថុដែលនៅនឹងខ្លួន សក់ក្បាល។ល។

ខ. មិនត្រូវងូតទឹកលាងសម្អាតខ្លួន ឬផ្លាស់ប្ដូរសំលៀកបំពាក់ឡើយ ដើម្បីទុកឲ្យពេទ្យធ្វើកោសល្យវិច្ឆ័យ ការពិនិត្យរក ភិនភាគរបួស និងទឹកកាម។

គ. ត្រូវរាយការណ៍ទៅសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទផ្លូវច្បាប់ជាបន្ទាន់។

ឃ. ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការថែទាំការព្យាបាលការឆ្លងជំងឺ និងការបង្ការការមានផ្ទៃពោះ។

ង. ត្រូវពិគ្រោះយោបល់ជាមួយអាណាព្យាបាល ឬអ្នកជិតស្និទ្ធ ដើម្បីស្វែងរកជំនួយ។ ការរំលោភផ្លូវភេទ ធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ ហើយគឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។

៣.តើស្ថាប័នណាខ្លះ ដែលអាចជួយផ្ដល់សេវាផ្លូវច្បាប់ ដល់ជនរងគ្រោះបាន?

នៅពេលត្រូវគេចាប់រំលោភ ស្រ្តី ឬអាណាព្យាបាល គួរស្វែងរកសេវាផ្នែកច្បាប់ ដើម្បីជួយដោះស្រាយបញ្ហា ហើយស្ថាប័នទាំងនោះមាន៖

ក. មន្ទីរពេទ្យទីក្រុងភ្នំពេញ និងគ្រប់មន្ទីរពេទ្យបង្អែកទាំងអស់

ខ. អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា ទូរសព្ទលេខ ០២៣ ២១៤ ៨២៤

គ. អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ទូរសព្ទលេខ ០២៣ ៩៩៧ ៩៦៧

ឃ. អង្គការការពាសិទ្ធិមនុស្សលីកាដូ ទូរស័ព្ទលេខ ០២៣ ៧២៧ ១០២ និង០២៣ ២១៦ ៦០២

ង. សមាគមការពារសិទ្ធិមនុស្សអាដហុក ទូរស័ព្ទលេខ ០២៣២១៨៦៥៣ និង០២៣៩៩០៥៤៤

ច.នាយកដ្ខានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទូរស័ព្ទលេខ ០២៣ ៧២០ ៥៥៥។

៤. តើជនល្មើសប្រឈមនឹងការជាប់ពន្ធនាគារដែរឬទេ?

ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា បុគ្គលដែលប្រព្រឹត្តបទល្មើសរំលោភសេពសន្ទវៈ ធម្មតានឹងត្រូវជាប់ពន្ធនាគារចន្លោះពី ៥ ទៅ ១០ឆ្នាំ តាមមាត្រា ២៣៩។ ដោយឡែក ប្រសិនបើមានស្ថានទម្ងន់ទោសវិញ នៅក្នុងមាត្រា ២៤០ និងមាត្រា ២៤១ ជនល្មើសនឹងត្រូវជាប់ពន្ធនាគារពី ៧ទៅ ១៥ឆ្នាំ។ ចំណែកមាត្រា ២៤២ ជនល្មើសត្រូវជាប់ពន្ធនាគារពី ១០ទៅ ២០ឆ្នាំ និងមាត្រា ២៤៣វិញ ជនល្មើនឹងត្រូវជាប់ពន្ធនាគារពី ១០ ដល់ ៣០ឆ្នាំ ខណៈមាត្រា ២៤៤ ជនល្មើនឹងត្រូវជាប់ពន្ធនា​​គារពី ១៥ដល់ ៣០ឆ្នាំ

៥. តើត្រូវធ្វើអ្វីខ្លះក្រោយត្រូវគេរំលោភ?

ក្រោយត្រូវគេរំលោភភ្លាមៗ ស្រ្តីគួរទៅពិគ្រោះពិភាក្សាពីសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដើម្បីបង្ការ​ជំងឺកាមរោគ ការឆ្លងមេរោគអេដស៍ និងការមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ ប្រសិនបើមានរបួស ស្រ្តីនឹងទទួលបានវ៉ាក់សាំងការពារតេតាណូសបន្ថែមទៀត។ ជាងនេះទៅទៀត ស្ត្រីគួរទៅពិគ្រោះ និងតាមដានសុខភាពបន្ត ទៅតាមការណាត់ជួបរបស់គ្រួពេទ្យ។

ទន្ទឹមនឹងនេះដែរ ស្រ្តីគួរពិនិត្យឈាមរកជំងឺស្វាយ រលាកថ្លើមបេ និងមេរោគអេដស៍ ដើម្បីបញ្ជាក់នូវសុខភាពពីមុន។ ការបង្ការ និងការព្យាបាលខាងលើមានប្រសិទ្ធិភាពខ្ពស់ ប្រសិនបើជនរងគ្រោះឆាប់មកទទួលយកសេវាបង្ការ ខណៈដែលការយឺតយ៉ាវ អាចធ្វើឲ្យលទ្ធភាពក្នុងការបង្ការការឆ្លងនឹងធ្លាក់ចុះ។ ជាមួយគ្នានេះ ក្រោយការកើតឡើងនូវបញ្ហានេះចំនួន ៣ខែ ស្រ្តីគួរទៅទទួលយកការផ្ដល់ប្រឹក្សា និងពិនិត្យឈាមរកមេរោគអេដស៍ ជំងឺស្វាយ រលាកថ្លើមបេ ដើម្បីបញ្ជាក់ការឆ្លងក្រោយពីការរំលោភ។ ស្រ្តីគួរចងចាំផងដែរថា ជំងឺខ្លះមិនមានរោគសញ្ញាទេក្រោយពេលឆ្លងរួច តួយ៉ាងដូចជាជំងឺកាមរោគ។

៦. តើធ្វើដូចម្ដេចដើម្បីបង្ការការមានផ្ទៃពោះដោយចៃដន្យ ក្រោយការរំលោភ?

ជាទូទៅក្រោយពេលរំលោភស្រ្តីអាចមានផ្ទៃពោះ ដូចនេះជនរងគ្រោះគួរប្រញាប់ទៅមន្ទីរពេទ្យ ជាបន្ទាន់ ដើម្បីជើសវាងការមានផ្ទៃពោះ និងដើម្បីចងក្រងឯកសារឲ្យមានប្រសិទ្ធភាព។ បន្ថែមពីនេះ ការចាក់ថ្នាំបង្អាក់កំណើតបន្ទាន់ អាចជួយស្រ្តីដែលត្រូវគេរំលោភមិនឲ្យមានផ្ទៃពោះបាន។ ទោះជាយ៉ាងណាក្ដី ជនរងគ្រោះត្រូវពិគ្រោះជាមួយគ្រូពេទ្យភា្លមៗ នៅពេលអ្នកសង្ស័យថា អាចមានផ្ទៃពោះក្រោយការរំលោភ។

 ៧. តើការគាំទ្រ និងលើកទឹកចិត្តដល់ជនរងគ្រោះសំខាន់ដែរឬទេ?

ជាទូទៅអ្នកដែលត្រូវគេរំលោភចង់បានការលើកទឹកចិត្ត ការគាំទ្រ ពីសំណាក់យើងរាល់គ្នា ហើយការស្រលាញ់រួមជាមួយនឹងការរាប់អាន ការមិនស្ដីបន្ទោស គឺបានជួយលើកទឹកចិត្តដល់ជនរងគ្រោះ។ ដោយឡែក បុរសដែលជាសមាជិក្នុងគ្រួសារនាង ឬមិត្តរបស់នាង គួរជួយលើកទឹកចិត្ត និងយកចិត្តទុកដាក់ចំពោះនារីរងគ្រោះ ឲ្យបានជាអតិប្បរមា។ លើសពីនេះទៅទៀត បទដ្ឋានអន្តរជាតិ ដែលមានចែងនៅក្នុងអនុសញ្ញា ស្ដីពី ការលប់បំបាត់រាល់ទម្រង់នៃការរើស​អើងប្រឆាំងនឹងស្រ្តីភេទ ក៏បានជំរុញឲ្យរដ្ឋដែលជាហត្ថលេខី ផ្ដល់ភាពងាយស្រួលដល់ស្រ្តី ក្នុងការទទួលបានអត្ថប្រយោជន៍ ដោយផ្ទាល់ពីកម្មវិធីសន្តិសុខសង្គម ដែលខ្លួនរស់នៅផងដែរ។

ឯកសារយោងៈ

១. ដំណោះស្រាយក្រោយការរំលោភផ្លូវភេទ (អង្គការរ៉ាក់កម្ពុជា) បោះពុម្ភឡើងវិញ ឆ្នាំ ២០២០

២. ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ការរំលោភសេពសន្ទវៈ ផ្សាយកាលពីថ្ងៃទី២២. ០៤. ២០២០

៣.ខាន់ សារ៉េត ចិត្តវិទ្យាសហគមន៍ ឆ្នាំ ២០១៣

៤. អនុសញ្ញា ស្ដីពី ការលប់បំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ។

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម