Connect with us

KPT+

ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង

បានផុស

នៅ

បាត់ដំបង ជាទឹកដីនៃសំណង់វិហារបុរាណច្រើនរាប់មិនអស់ ពិសេសវត្តចំណាស់ៗក្នុងខេត្តមួយនេះ សុទ្ធសឹងតែជាកន្លែង​​​សក្ការដែលពលរដ្ឋខ្មែរ​តែងមានជំនឿថាស័ក្តសិទ្ធិខ្លាំង ហើយទីអារាមនីមួយៗ សុទ្ធតែមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ ទាក់ទងនឹងជំនឿ ក៏ដូចជាមូលហេតុនៃការកសាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. វត្តឈើខ្មៅ
នៅតាមបណ្តោយតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ទីទួលមួយដែលស្ថិតនៅក្នុងភូមិកោះជឺវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៥៤គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង ដែលកាលដើមឡើយ ទីនេះគ្រាន់តែជាទីទួលមួយ សម្បូរទៅដោយដើមឈើខ្មៅប៉ុណ្ណោះ ហើយបើគិតទល់នឹងពេលនេះ អារាមនេះ មានអាយុកាលជាង ១០០ឆ្នាំ ហើយ។ សំណង់វិហារទីនេះ ត្រូវបានសាងសង់ឡើងនាអំឡុងឆ្នាំ១៨៨៧ ធ្វើឡើងពីឈើខ្មៅក្នុងតំបន់នេះតែម្តង និងឱ្យឈ្មោះថា «វត្តឈើខ្មៅ» ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះគ្រូចៅអធិការមួយអង្គ ព្រះនាម សឿ ។

ទីអារាមនេះ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយហេតុថា ជារៀងរាល់ឆ្នាំ មិនថាមានទឹកជន់ធំប៉ុណ្ណានោះទេ ក៏ទីទួលនៃព្រះវិហារនេះ ពុំដែលលិចលង់ដោយជំនន់ទឹកភ្លៀងនោះដែរ។ ហេតុនេះហើយ ទើបអ្នកភូមិមានជំនឿ និងទុកជាទួលទួលស័ក្តិសិទ្ធិ ហើយបានប្រសិទ្ធនាមមួយទៀតឱ្យអារាមនេះថា «ទួលអណ្តែត» ។ ឯរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍​មួយទៀតនោះគឺ ទូក ង មួយដែលធ្វើឡើងស្របពេលជាមួយវត្ដចំណាស់នេះ (ធ្វើឡើងពីឈើគគីរ ដែលដុះនៅលើទួលនោះ) ត្រូវបានអ្នកស្រុកជឿថា មានរិទ្ធិបារមីនៅថែរក្សា ព្រោះ​ប្រណាំងពេលណា មិនដែលចាញ់ឡើយ។

២. វត្តកែវ
វត្តកែវមុនីរតនារាម ឬ វត្តកែវ ជាទីអារាមមួយ មានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ ទឹកដីនៃភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង។ 
អារាមដ៏ចំណាស់នេះ ត្រូវបានកសាងឡើងនៅ ឆ្នាំ១៧៧២ ដែលកាលដើមឡើយ វត្តនេះ គេឱ្យឈ្មោះថា «វត្តកោះកែវ» ដោយសារតែទីអារាមនេះ គឺជាកោះមួយមានទឹកព័ទ្ធជុំវិញ។ លុះក្រោយមក ក៏ត្រូវបានប្តូរឈ្មោះថា «វត្តកែវមុនីរតនារាម» វិញ រហូតមកដល់ពេលបច្ចុប្បន្ន។

៣. វត្តវិបុលត្ថារាម ហៅវត្តកណ្តាល
វត្ត វិបុលត្ថារាម ហៅ វត្តកណ្តាល កសាង​ឡើង​អំឡុង​ឆ្នាំ​១៨១៣ ដោយ​ព្រះ​គ្រូ​ចៅ​អធិការ​មួយ​អង្គ និង​អ្នក​ភូមិ នាំគ្នា​​កាប់​ឆ្ការ​ព្រៃ និង​សង់​សាលា​បុណ្យ​​មួយ​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក និង​កុដិ​តូចៗ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិរំចេក៤ ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ពុទ្ធសករាជ ២៤៦២ ដែលត្រូវនឹងគ្រិស្តសករាជ ១៩១៨ ព្រះវិហារមួយ ក៏ត្រូវ​បាន​កសាង​បន្ថែមទៀត ក្នុង​បរិវេណ​វត្តនេះ និង​មាន​ការស្ថាបនា​សាង់សង់​ជា​បន្ត​បន្ទាប់​នូវ កុដិ សាលាបាលី សាលាឆាន់-ល- ដែលមានពុទ្ធបរិស័ទមកធ្វើបុណ្យ ជាហូរហែរ។ ប៉ុន្តែបន្ទាប់​ពី​ស្ថានភាព​កម្ពុជាធ្លាក់​ចូល​ក្នុង​វិបត្តិ​សង្គ្រាម ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អារាមចំណាស់អាយុកាលជាង ២០០ឆ្នាំនេះ ត្រូវ​បាន​ខ្មែរ​ក្រហម​កែ​ប្រែ​ធ្វើ​ជា​កន្លែង​ឃុំ​ឃាំងអ្នក​ទោស និង​ធ្វើ​​ទារុណកម្ម​​យ៉ាង​ព្រៃ​ផ្សៃ និងត្រូវរង​ការ​បំផ្លិច​បំផ្លាញ។ 

បើ​តាម​ប្រភព​រដ្ឋបាលខេត្តបាត់ដំបង​ ក្រោយថ្ងៃរំដោះ ១៣មករា ឆ្នាំ១៩៧៩ ក្រោមការដឹក​នាំ​របស់ កងរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា ទទួល​បាន​ជ័យជំនះលើ​កងកម្លាំង​ខ្មែរក្រហម ទីនេះក៏​កែប្រែ​ជា​ទី​អារាម​វិញរហូតមកទល់ពេល បច្ចុប្បន្ន។

៤. វត្តសំរោងក្នុង
ដើមឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាន ដែលរៀបចំដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ» ប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើអំពីឈើ និងបន្តសាងសង់អំពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយថែមទាំងបានកសាងប្រាសាទផងដែរ។ សំណង់ទាំងនេះ សុទ្ធសឹងតែមានបន្សល់ទុក នៅក្នុងបរិវេណ វត្តសំរោងក្នុង ។

ព្រះវិហារ​ចំណាស់​មួយ​​ស្ថិត​ក្នុងបរិវេណ​ វត្តសំរោងក្នុង​ ត្រូវបានកសាង​ឡើង​ អំឡុង​ពុទ្ធសករាជ ២២៥០ ត្រូវ​នឹង គ្រិស្ត​សករាជ ១៧០៧ ។ នាសម័យ ​លោកម្ចាស់ ​អ្នកស្រុកតំបន់នោះ​ តែងតែនិយមទៅកម្សាន្តរាល់ពេល​ចូលឆ្នាំ​ម្តងៗ ដោយសារតែ​ទីនេះ​ មានទីធ្លា ធំទូលាយ ម្លប់ឈើធំៗ និងប្រាង្គប្រាសាទបុរាណ។ 

ប៉ុន្តែវាសនាអារាមនេះ មិនជាខុសគ្នានឹងវត្តវិបុលត្ថារាម ប៉ុន្មាននោះទេ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ១៩៧៥​ ដល់ ឆ្នាំ១៩៧៩ ខ្មែរក្រហម យកទីអារាមនេះ ធ្វើជាកន្លែងឃុំឃាំងធ្វើទារុណកម្ម និងសម្លាប់មនុស្សសាហាវព្រៃផ្សៃបំផុត​។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងទីអារាមដែលធ្លាប់តែមានការជួបជុំពុទ្ធបរិស័ទអ៊ូអរមួយនេះ ត្រូវរងការបំផ្លាញទាំងស្រុង។ លុះក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អារាមនេះ ត្រូវបានគេរៀបចំឡើងវិញ ដើម្បីបន្តទុកជាទីសក្ការបូជា​សម្រាប់ ពុ​ទ្ធបរិស័ទ​ ដោយ​បាន​រៀបចំ​អណ្តូង​​ខាងជើង​វត្ត ​ជា​បូជនីយដ្ឋាន​​​​​ និងរក្សាទុកអគារ​សួរចម្លើយ​​មក​ដល់​​បច្ចុប្បន្ន​​ ដើម្បីអាចឱ្យទេសចរ និងពុទ្ធបរិស័ទ បានមកទស្សនាស្វែង​យល់ពីអតីតកាលដ៏ឈឺចាប់របស់កម្ពុជា នាសម័យនោះ។

៥. វត្តសង្កែ
បើ​​យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្បធម៌ និង​មន្ទីរ​ទេសចរណ៍ ព្រះ​វិហារ​នៃ​វត្ត​សង្កែនេះ ​កសាង​ឡើង​ដោយ​លោក ក​ឋា​ថន ញ៉ុញ ឬ​លោក​ម្ចាស់​ព្រះ​កោដ្ឋ ។ វត្ត​នេះ​ គឺជា​វត្ត​ដែល​ធំ​ជាងគេ​នៅ​ក្នុងក្រុង​បាត់ដំបង នា​សម័យ​ចៅពញា ក​ឋា​ថន ឈុំ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩០០ ។ ស្ថាបត្យកម្ម​នៃ​ព្រះ​វិហារ គឺជាស្ថាបត្យកម្មប្រភេទ​សំណង់​មុខដាច់ ​ដែលបច្ចុប្បន្ន​កម្រ​នឹង​ជួប​ប្រទះ ប៉ុន្តែត្រូវបានយកមក ប្រើឡើងវិញជាបណ្ដើរៗ ដូចជាអគារទីស្ដីការក្រសួងដែនដី និងនគររូបនីយកម្ម ក៏ដូចជាអគារសារមន្ទីរកោះថ្ម ក្នុងស្រុក ក្រូចឆ្មារជាដើម។ ​

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រះ​វិហារ​នៃទីអារាមនេះ ត្រូវបានយក​ធ្វើ​ជា​ឃ្លាំង​ដាក់​គ្រាប់ ហើយ​ជា​តំបន់ហាមឃាត់។ នៅថ្ងៃរំដោះទឹកដីបាត់ដំបងពីរបបខ្មៅងងឹត ត្រូវបំផ្លាញដោយការទម្លាក់គ្រាប់។ នៅពេលនោះ ព្រះ​វិហារ​ ត្រូវរងការ​ខូច​ខាត​ទាំងស្រុង ប៉ុន្តែ​អ្វី​ដែលគួរឱ្យភ្ញាក់ផ្អើលនោះ ​គឺ​តួ​រូប​ព្រះ​អង្គ​ជីវ៍ ក្នុង​ព្រះ​វិហារ ​មិន​ខូចខាត​អ្វី​ឡើយ ជាហេតុដែលធ្វើឱ្យពលរដ្ឋខ្មែរ ពិសេសអ្នកនៅតំបន់នោះ មានជំនឿថា ព្រះ​អង្គ​មាន​បារមី​ខ្លាំងពូកែ​។ ក្រោយមក អំឡុងឆ្នាំ​១៩៩៣ ព្រះ​វិហារ​ថ្មី ត្រូវបានសាងសង់លើ​ខឿន​ នៃ​ព្រះ​វិហារ​ចាស់​ដដែល ដើម្បីជាទីសក្ការរបស់ពុទ្ធបរិស័ទជិតឆ្ងាយ។

៦. វត្តបាឡាត់
វត្តបាឡាត់ ជាសំណង់ក្នុងសម័យកាល លោកម្ចាស់ មានទីតាំងស្ថិតនៅមាត់ច្រាំងដងស្ទឹងសង្កែត្រើយខាងកើត ផ្តួចផ្តើមកសាងដោយមន្រ្តីក្រមការ នៅខេត្តបាត់ដំបងមួយរូប ឈ្មោះលោក​ បាឡាត់ រស់ ដែលមានដំណាលតគ្នាថា ជាការលាបំណន់​របស់លោក ដោយសារតែ កាលនោះ លោក បាឡាត់ រស់ និងក្រុមគ្រួសារ​ ត្រូវ​ពួក​អាណ្ណាម​ចាប់ខ្លួន​ទៅឃុំទុកប្រមាណជា ១០ឆ្នាំ ។ គ្រានោះ លោកបានបន់ស្រន់ថា នឹងសង់ព្រះវិហារមួយ ដើម្បីបូជាដល់ព្រះពុទ្ធសាសនា បើលោក និងក្រុមគ្រួសារបានរួចផុតទុក្ខភ័យ និងវិលត្រឡប់មកស្រុកកំណើតវិញបាន។ ​

ព្រះវិហារសព្វថ្ងៃ ជាព្រះវិហារថ្មី កសាងក្នុងឆ្នាំ១៩៣១ មានភាពធំសំបើម ចំណែកឯតួនៃព្រះវិហារ មិនសូវមានការតុបតែងលម្អប៉ុន្មានទេ តែនៅលើហោជាង មានចម្លាក់ល្អឯក ដែលដកស្រង់ពីរឿងរាមកេរ្តិ៍ ចំណែកឯគំនូរនៅលើវិហារ ជាគំនូរឆ្នាំ១៩៥០ (តែត្រូវបានគេគូឡើងវិញ) ។ លក្ខណៈប្លែករបស់ព្រះវិហារមួយនេះ គឺមានរបៀងដែលទ្រដោយសសរ គ្មានបង្កាន់ដៃ។

៧. វត្តក្តុល
វត្តប្រាប្បច្ចាមិត្ត ឬ វត្តក្តុល ជាវត្តបុរាណមួយផ្សេងទៀត ក្នុងចំណោមវត្តចំណាស់ជាច្រើន ទឹកដីនៃក្រុងបាត់ដំបង ដែលសាងសង់ឡើងក្នុងសតវត្សទី១៩ អំឡុងឆ្នាំក្នុង១៩៣០ ក្នុងសម័យលោកម្ចាស់ កថាថនឈុំ ។ ដើមឡើយ វត្តនេះ គឺជាទីតាំងបន្ទាយរបស់ ចៅពញាបឌិន លុះក្រោយគាត់មរណកាលទៅ កូនចៅរបស់គាត់ បានថ្វាយទីតាំងនេះ ចំពោះ ព្រះពុទ្ធសាសនា កសាងជាទីអារាម ដើម្បីឧទ្ទិសបុណ្យកុសលជូន ចៅពញាបឌិន ។

បើតាមប្រភពក្រសួងព័ត៌មាន បញ្ជាក់ដោយផ្អែកលើឯកសារព្រឹទ្ធាចារ្យ តូច ឈួង បានឱ្យដឹងថា វត្តនេះមានឈ្មោះថា «វត្តប្រាប្បច្ចាមិត្ត» ប្រែឱ្យចំន័យទៅគឺ វត្ត បង្រ្កាបសត្រូវ ដែលមានទីតាំងស្ថិតនៅ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អារាមអាយុកាល ជាង ១០០ឆ្នាំនេះ មានភាពល្បីល្បាញថាស័ក្តិសិទ្ធិខ្លំាំងណាស់ ព្រោះរាល់ពេលដែលពួកគេមកបន់ស្រន់ សុំសេចក្តីសុខ និងទាក់ទងនឹងការប្រកបរបររកស៊ីជួញដូរផ្សេងៗ គឺតែងទទួលបានផលជានិច្ច។ ដោយហេតុថា មានអ្នកមកលាបំណន់ នៅចំពោះ ព្រះអង្គមុខបួន ដែលមានបល្ល័ង្កតម្កល់រូបបដិមា ធ្វើពីសំរិទ្ធលង្ហិនមួយអង្គ នៅក្នុងព្រះវិហារ អាយុកាលជាង ១០០ឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

UN៖ សម្ដេចតេជោ នាំឱ្យកម្ពុជាមានសន្តិភាពហើយ ថែមទាំងផ្ដល់សន្តិភាពដល់ប្រទេសក្នុងពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវ

បច្ចេកវិទ្យា៤០ នាទី មុន

របាយការណ៍របស់ក្រុមហ៊ុនVisa សង្កេតឃើញការឆបោកតាមប្រព័ន្ធអនឡាញទូទាំងសកលលោក ហាក់មានការកើនឡើង ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវករ  ពិសេសប្រភេទ Ransomware ឬ ​ការវិនិយោគឆបោក (Pig butchering) ជាដើម

សេដ្ឋកិច្ច៤២ នាទី មុន

តម្លៃជ្រូករស់ផ្ដើមធ្លាក់ចុះបន្តិច ដែលនាំឱ្យកសិករប្រឈមការខាតបង់

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

តៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ធ្វើត្រាប់តាមសមរភូមិជាក់ស្តែងជាមួយចិន​

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋបាលរាជធានី អំពាវនាវឲ្យសិល្បករសិល្បការិនីចូលរួមសម្តែងក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៥សីហា

Sokha Hotels

ព័ត៌មានពេញនិយម