KPT+
ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ
អ្នកនិពន្ធ អ៊ុច ថាវី ជាម្ចាស់ស្នាដៃប្រលោមលោកដ៏ល្បីរឿង “តាមប្រមាញ់ឧក្រិដ្ឋជន” និងរឿង “សំណាញ់ជីវិត” ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនស្នេហាអំណាន។ កវីជើងចាស់រូបនេះ ក៏ជាម្ចាស់ស្នាដៃមួយចំនួននៅលើគេហទំព័រប្រលោមលោក Sabbay ស្នាដៃរឿងខ្លី និងរឿងអប់រំច្រើនទៀត។
នាពេលថ្មីៗ អ្នកនិពន្ធដែលមាននាមប៉ាកកា មេអំបៅ រូបនេះ បានចែករំលែកបទពិសោធន៍ទាក់ទិននឹងអាជីពជាអ្នកសរសេរ នូវរឿង ៦ ចំណុចដែលអ្នកនិពន្ធគួរពិចារណា និងចៀសវាងក្នុងនាមជាសិល្បករ-សិល្បការិនីមួយរូបរបស់សង្គម។
១. មោទកភាពចំពោះខ្លួនឯងហួសហេតុ
អួតសរសើរស្នាដៃខ្លួនឯងថាល្អ អ្នកអានត្រូវតែអាន ឬមិនគួររំលង អានហើយដឹងតែអ៊ីចេះ អានហើយដឹងតែអ៊ីចុះជាដើម។ រឿងស្នាដៃល្អឬមិនល្អនេះ ទុកឱ្យអ្នកអានជាអ្នកអួតសរសើរជំនួសអ្នកនិពន្ធទៅទើបមានតម្លៃជាង។
២. មិនទទួលយកការរិះគន់
គិតថាអ្វីដែលខ្លួនគិត អ្វីដែលខ្លួនសរសេរគឺល្អប្រសើរហើយ។ ដើម្បីមើលឃើញរាងកាយយើងខ្លួនឯង ក៏យើងត្រូវការកញ្ចក់ដើម្បីឆ្លុះ ឬកាមេរ៉ាដើម្បីថតផ្តិតរូបភាពដែរ។ ការរិះគន់ ការកែលម្អពីសំណាក់រៀមច្បង អ្នកជំនាន់ក្រោយ ឬពីអ្នកអាន គឺសុទ្ធតែជាអ្វីដែលយើងមិនត្រូវបដិសេធ។ ទទួលយកគ្រប់ការរិះគន់ ហើយវិភាគដោយខ្លួនឯងថាគួរតាម ឬមិនគួរតាម។
៣. លង់នឹងការសរសើររបស់ហ្វេន
សូមកុំភ្លេចថា «ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ» ដូច្នេះពេលដែលហ្វេនស្រឡាញ់អាយដលខ្លួន ហ្វេននឹងមើលឃើញចំណុចល្អរបស់អ្នកនិពន្ធ ច្រើនជាងចំណុចខ្វះខាត ឬខ្លះអាចនឹងមិនមានតែម្ដង។ ប៉ុន្តែត្រូវចាំថា យើងមិនមែនសរសេរដើម្បីតែហ្វេនមួយមុខទេ តែយើងសរសេរដើម្បីអប់រំ ចែករំលែកដល់អ្នកអានទូទៅដែរ។ ជាការពិតណាស់ អ្នកនិពន្ធត្រូវការហ្វេន អ្នកនិពន្ធក៏ត្រូវការអ្នកលើកទឹកចិត្តដែរ ពួកគាត់គឺជាកម្លាំងចិត្តមួយផ្នែកធំក្នុងការសរសេររបស់យើង។ ប៉ុន្តែយើងមិនអាចរវល់តែលង់នឹងការសរសើររបស់ហ្វេន ភ្លេចកែលម្អចំណុចខ្វះខាតរបស់យើងទេ។
៤. សរសេរដើម្បីតែការកម្សាន្តមួយមុខ
វាមិនមែនជារឿងខុសទាស់អ្វីនោះទេ បើគ្រាន់តែចង់ធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ឬចង់ឱ្យអ្នកអានទទួលបានការកម្សាន្ត វាគួរតែបានបុណ្យវិញផង។ ប៉ុន្តែទន្ទឹមនឹងការកម្សាន្ត ក្នុងនាមជាអ្នកនិពន្ធយើងគួរតែមានសារអប់រំ ការផ្សព្វផ្សាយវប្បធម៌ ឬផ្ដល់ចំណេះដឹង ដោយប្រយោលនៅក្នុងការកម្សាន្តនោះដែរ។ ស្នាដៃដែលមានតម្លៃយូរអង្វែង កប់ក្នុងក្រអៅបេះដូងអ្នកអាន គឺជាស្នាដៃដែលមានទាំងការអប់រំនិងការកម្សាន្ត។
៥. សរសេរតាមតែនឹកឃើញ
គំនិតច្នៃប្រឌិត ពេលខ្លះគ្មានប្រភពទេ! សុខៗក៏ផុសឡើងមក សុខៗក៏កើតតាមយល់សប្ដិ។ ប្រាកដណាស់ រាល់ការសរសេរយើងគួរធ្វើការស្រាវជ្រាវ សួរអ្នកជំនាញនូវបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ តថភាព និងភាពអាចទៅរួច ដើម្បីធ្វើឱ្យរឿងមានទម្ងន់ និងមិនឆ្គង។ ការសរសេរចងមុង ជាស្នាដៃដែលមើលងាយសមត្ថភាពអ្នកអាន និងជាការចែករំលែកតថភាពក្លែងក្លាយដល់អ្នកអានវ័យក្មេង។
៦. មិនខ្វល់ពីអក្ខរាវិរុទ្ធ
អក្ខរាវិរុទ្ធសំខាន់ណាស់ មិនថាអ្នកជាអ្នកណាក៏ដោយ សរសេរលើសៀវភៅ លើទូរសព្ទ ឱ្យតែមានអ្នកផ្សេងក្រៅពីខ្លួនអ្នកនឹងឃើញការសរសេរនោះ អក្ខរាវិរុទ្ធចាំបាច់សរសេរឱ្យត្រូវ។ បើអ្នកកាន់តែល្បី អ្នកកាន់តែត្រូវប្រយ័ត្នចំពោះអក្ខរាវិរុទ្ធ ពីព្រោះថាអ្នកគាំទ្រ និងក្មេងៗដែលបានឃើញ តែងតែជឿជាក់លើអ្វីដែលអ្នកសរសេរ។
អ្នកស្រី អ៊ុច ថាវី បញ្ចប់ថា
“ទាំង ៦ ចំណុចខាងលើជាការចែករំលែកផ្ទាល់ខ្លួនប៉ុណ្ណោះ ក៏មិនមែនមានន័យថា ស្នាដៃខ្ញុំល្អឥតខ្ចោះនោះដែរ ពិសេសគឺចំណុចចុងក្រោយ ហើយបើគិតថាចំណុចណាត្រូវ អាចរៀនសូត្របានក៏ទទួលយក បើគិតថាមិនត្រូវ ក៏បោះចោលទៅ”។
នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់អ្នកនិពន្ធផ្ទាល់។
អត្ថបទ៖ សន្យា
ចុចអាន៖ បើមិនចង់នាំទុក្ខដាក់ខ្លួនមិនគួរធ្វើរឿង ៧ យ៉ាងនៅលើ facebook ទេ
ចុចអាន៖ Yakmob យក្សសម័យថ្មីពីវិចិត្រការិនីវ័យក្មេង ហេន វឌ្ឍនាស្ថាពរ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)