ព័ត៌មានជាតិ
មិនទុកពលរដ្ឋចោល! រដ្ឋរៀបចំជម្រកបណ្ដោះអាសន្នជូនជនភៀសសឹកជាមួយរចនាសម្ព័ន្ធខ្វាត់ខ្វែង ឱ្យងាយស្រួលរស់នៅ ខណៈការទាមទារទឹកដីពីថៃនៅតែបន្ត
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ ឱ្យដឹងថា រាជរដ្ឋាភិបាល បានសាងសង់ជម្រកបណ្ដោះអាសន្នប្រមាណ៣ពាន់ខ្នង នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ជូនពលរដ្ឋភៀសសឹកដែលមិនអាចវិលទៅរស់ផ្ទះសម្បែងវិញបានព្រោះយោធាថៃរារាំង ដោយភ្ជាប់មកនូវហេដ្ឋារចនាសម្ព័ន្ធតបណ្ដាញទឹកស្អាត អគ្គិសនីចូលដល់ក្នុងខ្នងផ្ទះ ផ្លូវខ្វាត់ខ្វែង និងមានផ្លូវធំចាក់បេតុង សាលារៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ និងមន្ទីរពេទ្យ វត្តអារាម និងរៀបចំគម្រោងផ្សេងៗគាំទ្រដល់ការរស់នៅចិញ្ចឹមជីវិតពលរដ្ឋ ដែលរៀបចំជាលក្ខណៈទីប្រជុំជន ខណៈការទាមទារទឹកដីពីភាគីថៃមកវិញនៅតែបន្ត។

ថ្លែងនៅថ្ងៃទី២១ ខែមីនា នៅលើផ្លូវកំពុងសាងសង់ ខាងមុខជម្រកបណ្ដោះអាសន្ន ស្របពេលក្រុមជាងមមាញឹកតទឹកស្អាត បណ្ដាញអគ្គិសនី លោក ឃ្លោក នួយ ប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះ៖« ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គឺមានផ្ទះសរុបប្រមាណជា៣ពាន់ខ្នង មានទឹកស្អាត មានភ្លើងអគ្គិសនីភ្ជាប់គ្រប់ផ្ទះ ផ្លូវខ្វាត់ខ្វែង ហើយផ្លូវធំយើងចាក់បេតុងទៀត ហើយក្នុងនោះយើងបានរៀបចំសាលារៀន ចាប់តាំងពីបឋមសិក្សារហូតដល់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការភូមិតាមប្លុកទាំង៦។ »។

អភិបាលរងខេត្តបន្ទាយមានជ័យ អះអាងថា រដ្ឋាភិបាលបានសាងសង់រោងសាលារៀនបណ្ដោះអាសន្ន ដើម្បីបម្រើឱ្យការសិក្សាររបស់កុមារបន្តទៅមុខជានិច្ច មិនឱ្យអាក់ខាន ស្របពេលដែលសាលារៀនបេតុងរឹងមាំបន្តសាងសង់ត្រូវការរយៈពេលយូរ។ នៅទីតាំងជម្រកស្នាក់នៅបណ្ដោះអាសន្ននោះ ក៏មានក្រុមគ្រូពេទ្យប្រចាំការជាប់ជានិច្ច ដើម្បីមើលថែពលរដ្ឋជាជនភៀសសឹក។

សម្រាប់ប្រពលរដ្ឋភៀសសឹកស្នាក់នៅជាបណ្តោះអាសន្នដោយក្នុងមួយគ្រួសារ ទទួលបានជម្រកបណ្ដោះអាសន្នមួយខ្នង មានទំហំទទឹង៥ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ នៅលើក្បាលដី ដែលមានទទឹង២០ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ។ ជម្រកបណ្ដោះអាសន្ននោះ ពលរដ្ឋមានបង្គន់អនាម័យ ទឹកស្អាត អគ្គិសនីសម្រាប់ប្រើប្រាស់។ ដើម្បីសម្រាលបន្ទុកជីវភាពជនភៀសសឹកឱ្យបានជាអតិបរមា ពលរដ្ឋក៏ទទួលបានការឧបត្ថម្ភថ្លៃប្រើប្រាស់ទឹកស្អាត និងអគ្គិសនីរយៈពេលពេញមួយឆ្នាំ។

តាមរយៈនេះ អភិបាលរងលោក ឃ្លោក នួយ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺមិនដែលបោះបង់ចោលពលរដ្ឋខ្មែរឡើយ ព្រោះយល់ច្បាស់ពីការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក ដែលត្រូវភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅតាមព្រំដែន។ ការផ្តល់ជម្រកថ្មីនេះ គឺជាការធានានូវសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព ខណៈដែលរដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនៅតំបន់ដើម។
រដ្ឋាភិបាលបានសងសង់ជម្រកបណ្ដោះអាសន្នប្រមាណ៣ពាន់ខ្នង នៅក្នុងភូមិសាស្ត្រភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក សម្រាប់ជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងពលរដ្ឋមកពីភូមិចំនួន៥នៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាង២៨០០គ្រួសារ ចូលទៅរស់នៅអន្តរកាល ក្នុងពេលដែលរដ្ឋាភិបាលកំពុងទាមទារទឹកដីដែលថៃកាន់កាប់តាមវិធានការការទូត និងផ្លូវច្បាប់។

អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី២១ ខែមីនា ពលរដ្ឋសរុប៨២២គ្រួសារមកពីតំបន់បឹងត្រកួន ក្នុងនោះភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ ដែលចាប់ឆ្នោតចូលរស់នៅជម្រកបណ្ដោះអាសន្នជាលើកទី១ កាលពីថ្ងៃ១៨ ខែមីនា បានបន្តរៀបចំ និងចូលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរ។ ក្រុមការងារ និងរៀបចំការចាប់ឆ្នោតជាលើកទី២ នៅថ្ងៃទី១០ខែមេសា ខាងមុខ ដើម្បីឱ្យពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យអាចចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នមុនរដូវវស្សារមកដល់។

ពលរដ្ឋភៀសសឹកប្រាប់អ្នកយកព័ត៌មានរបស់«កម្ពុជាថ្មី»ថា ការរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀបចំជូន គឺងាយស្រួលរស់នៅ ស្រឡះមុខស្រឡះមាត់ ជាងមណ្ឌលសុវត្ថិភាព ការរស់មណ្ឌលសុវត្ថិភាពវត្តកណ្ដោលជាង២ខែ គឺជួបប្រទះនូវបញ្ហាមួយចំនួនដូចជា បរិយាកាសមិនអំណោយផល អាកាសធាតុអាក្រក់ កង្វះទឹកបន្ទប់ទឹក និងទឹកប្រើប្រាស់បន្តិចបន្តួច ព្រោះនៅទីនោះមានពលរដ្ឋភៀសសឹករស់នៅច្រើនគ្រួសារ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែនឹកផ្ទះសម្បែងដែលធ្លាប់រស់នៅជាច្រើនឆ្នាំយ៉ាងកក់ក្ដៅ សុខសាន្ត និងចង់ត្រឡប់ទៅរស់នៅផ្ទះសម្បែងដូចដើមវិញ ដោយបានទាមទារឱ្យយោធាថៃដកកងកម្លាំង ទូរកុងតឺន័រ បន្លាលួសចេញពីទឹកដីកម្ពុជា។ ជនភៀសសឹក ប្រកាសថាពួកគាត់គាំទ្រចំពោះដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការទាមទារយកទឹកដីមកវិញ។

គួររម្លឹកថា សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


