Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត៤ជុំវិញតំបន់ការពារធម្មជាតិ «ព្រៃឡង់»  និងសហគមន៍ រួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ

បានផុស

នៅ

អភិបាលខេត្តព្រះវិហារ រួមជាមួយអភិបាលកំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានជួបសំណេះសំណាលជាមួយ តំណាងបណ្ដាសហគមន៍តំបន់ការពារធម្មជាតិ «ព្រៃឡង់» ចំនួន ២១សហគមន៍ ក្នុងភូមិសាស្ត្រខេត្តទាំងបួន ព្រមទាំងបានស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានាដើម្បីស្វែងយល់ស៊ីជម្រៅអំពីឧបសគ្គដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបរិស្ថានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី៤ ខែឧសភា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងគោលបំណងបង្កើនកិច្ចសហការអន្ដរខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍អោយមានចីរភាព ក៏ដូចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់សហគមន៍ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិឱ្យបានគង់វង្ស។

របាយការណ៍ក្រសួងបរិស្ថានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦ កម្លាំងចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត និងសហគមន៍មូលដ្ឋាន បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ៨៥៣លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៧៨ករណី (ភាគច្រើនជាករណីទន្ទ្រានដីព្រៃ និងការកាប់ឈើខុសច្បាប់)។

ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន ៨៣ករណី ទៅកាន់តុលាការ និងឃាត់ខ្លួនជនសង្ស័យបាន ១៣នាក់។ ប្រតិបត្តិការនាពេលកន្លងមកនេះ ក្រុមការងារបានរឹបអូសសម្ភារៈបទល្មើសដូចជា ម៉ាស៊ីនអារឈើ យានយន្ត និងកម្ទេចអន្ទាក់សត្វជាច្រើន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការលើកកម្ពស់ជីវភាព និងការបង្កើតសក្តានុពលលំហែបៃតង ដើម្បីពង្រឹងការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

នៅក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យអាជ្ញាធឬថ្នាក់ក្រោមជាតិបន្តកិច្ចសហប្រតិបត្តិការ រួមជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចុះល្បាតធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក៏ដូចជាបន្តយកចិត្តទុកដាក់លើការបណ្តុះ និងការដាំដើមឈើឡើងវិញឱ្យបានច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើគម្របបៃតង នៅកម្ពុជា និងដើម្បីប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម