Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យនៅកុងហ្គោ ទទួលអ្នកជំងឺអេបូឡា លែងឈ្នះហើយ ខណៈករណីស្លាប់ ក៏កើនច្រើនឡើងៗ

បានផុស

នៅ

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាន់តែធ្ងន់ធ្ងរទៅៗ ដល់ថ្នាក់ឥឡូវ មន្ទីរពេទ្យខ្លះ ទទួលអ្នកជំងឺលែងឈ្នះហើយ ខណៈករណីស្លាប់ ក៏កើនរឹតច្រើនផងដែរ។

(រូប៖ Reuters)

តាមការផ្សាយរបស់ NPR កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦, គ្រូពេទ្យនៅតំបន់ Mongbwalu នៃខេត្ត Ituri ដែលជាកន្លែងផ្ទុះការឆ្លងខ្លាំង បានរាយការណ៍ពីកង្វះខាតឧបករណ៍វេជ្ជសាស្រ្ត និងគ្រឿងបរិក្ខានានា ដើម្បីទប់ទល់ការវាយលុកពីជំងឺអេបូឡា ឯបុគ្គលិកសុខាភិបាលក៏មានតិច ខណៈមន្ទីរពេទ្យខ្លះ ខ្វះសូម្បីតែថង់ ច្រកសព។

វេជ្ជបណ្ឌិត Esther Sterk ផ្នែកជំងឺតំបន់ត្រូពិក ដែលកំពុងបំពេញការងារនៅទីនោះ ជាមួយអង្គការគ្រូពេទ្យគ្មានព្រំដែន បានឲ្យដឹងថា ស្ថានភាពនាពេលនេះ គឺគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ព្រោះការចម្លងយ៉ាងសកម្ម កំពុងបន្តកើតមាននៅគ្រប់ទីកន្លែង។

(រូប៖ Reuters)

លោកស្រីបន្តថា៖ «ជារៀងរាល់ថ្ងៃ មានមនុស្សស្លាប់ជាច្រើននៅក្នុងសហគមន៍ ហើយមានអ្នកជំងឺដែលសង្ស័យថាមានផ្ទុកមេរោគ បានមកដល់មន្ទីរពេទ្យជាបន្តបន្ទាប់។ នេះប្រហែលជា គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៃករណីសរុប នាពេលបច្ចុប្បន្ន»។

អ្វីដែលកាន់តែពិបាកគ្រប់គ្រងនោះគឺថា មនុស្សជាច្រើន នៅតែមិនជឿថា ជំងឺអេបូឡា គឺជារឿងពិត ធ្វើឲ្យពួកគេមិនខ្វាយខ្វល់ នឹងការការពារខ្លួន ស្តាប់តាមគ្រូពេទ្យ។

(រូប៖ Reuters)

គិតត្រឹមថ្ងៃសុក្រ មនុស្សសង្ស័យឆ្លងជំងឺអេបូឡា នៅកុងហ្គោ បានកើនលើស ១ ០០០ករណីហើយ ខណៈករណីស្លាប់ ហក់ឡើងដល់ ២៤៦នាក់។

ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ នាពេលបច្ចុប្បន្ន គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ ​Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានអត្រាមរណភាពខ្ពស់ សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង៕

អត្ថបទ​៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម