Connect with us

ព័ត៌មានជាតិ

ទំនាស់​ក្នុង​គ្រួសារ​ញឹកញាប់ពេក ប្រពន្ធ​ចាក់​សាំង​ដុត​ប្តី​របួសធ្ងន់ ហើយ​កូន​២នាក់រងរបួស​ស្រាល​

បានផុស

នៅ

កម្លាំង​នគរបាល​ជំនាញ​ខេត្ត​សៀមរាប ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​យក​សាំង​មក​ចាក់​លើ​ដងខ្លួន​ប្តី​រួច​ដុត​បណ្តាល​ឲ្យ​របួសធ្ងន់​កូនស្រី​២​នាក់​និង​ឆេះ​រោង​ចាំ​ចម្ការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ ​ខែ​ឧសភា នេះ​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡូ​ន សាន្ត ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ករណី​ប៉ុនប៉ង​ឃាតកម្ម កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​៣០​មេសា​ឆ្នាំ​២០២១​។​ លោក​បន្ថែមថា កម្លាំង​សមត្ថកិច្ច​យើង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឡូញ ឡា បាន​រាយការណ៍​ថា ​មាន​ករណី​ភ្លើង​ឆេះ​លើ​ជនរងគ្រោះ​ឈ្មោះ គង់ ឆាយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ដី​ចម្ការ​របស់ខ្លួន (​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប្រហែល ៤​គីឡូ​) ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ កង​កម្លាំង​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជុំវិញ​ករណី​ខាង​លើ​នេះ​។​ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ គេ​បាន​ឃើញ​ជនរងគ្រោះ​ឈ្មោះ គង់ ឆាយ ស្ថិតក្នុង​ស្ថានភាព​ឆេះ​ខ្លោច​លើ​ដងខ្លួន និង​ផ្ទៃមុខ បាន​រត់​មកដល់​ភូមិ ហើយ​ត្រូវ​គេ​បាន​ជូន​ទៅ​មណ្ឌល​សុខភាព​ខ្នងភ្នំ តែ​ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​ លោក​បន្ថែម​ថា តាម​ការ​ស្តាប់​បំភ្លឺ​ឈ្មោះ ឆាយ គង់​វង់ ភេទ​ប្រុស អាយុ៦​ឆ្នាំ (​ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​) បាន​ឲ្យ​ដឹងថា ម្តាយ​របស់គេ​ជា​អ្នក​ចាក់​សាំង​ដុត​ឪពុក​របស់ខ្លួន ដោយសារ​កាលពី​ព្រឹក​ចន្លោះ​ម៉ោង​៩ នៃ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ឪពុកម្តាយ​ខ្លួន​មាន​ជម្លោះ​និង​គ្នា លុះ​ពេល​រសៀល​ខណៈ​ពេល​ជនរងគ្រោះ​ជា​ឪពុក​កំពុង​ដេកលក់ ត្រូវ​បាន​ម្តាយ​យក​សាំង​ចាក់​ស្រោច​ពីលើ​ដុត​តែ​ម្តង ក្នុង​ហេតុការណ៍​នោះ​ ក៏​បណ្តាល​ឲ្យ​ប្អូនៗ​របស់​ខ្លួន​២​នាក់​ទៀត​មានឈ្មោះ ឆាយ ស្រី​មួយ ភេទ​ស្រី អាយុ៤​ឆ្នាំ​និង​ឈ្មោះ ឆាយ ស្រី​ពីរ ភេទ​ស្រី​អាយុ ៣​ឆ្នាំ​រលាកភ្លើង​រង​របួស​ផង​ដែរ ដោយ​ពួកគេ​ដេក​នៅ​ក្បែរ​ឪពុក​។​ លុះដល់​ថ្ងៃទី​០២​ ខែឧសភា ​ឆ្នាំ​២០២១ វេលា​ម៉ោង ៩:៣០​នាទី កម្លាំង​នគរបាល បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ឡូញ សាន្ត មក​ធ្វើការ​សាកសួរ ដោយ​គេ​បាន​ឆ្លើយ​សារ​ភាព​ថា រូបគេ​និង​ជនរងគ្រោះ​ គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​តែង​តែ​មាន​ទំនាស់​ពាក្យសំដី​និង​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​។

ជាក់ស្ដែង​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ប្ដី​របស់​ខ្លួន​បាន​ផឹក​ស្រា​ស្រវឹង វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​វាយ​សម្លាប់​មាន់​ចោល​អស់​ចំនួន ៤​ក្បាល​ហើយ​ខ្លួន​បាន​ស្ដីបន្ទោស​ធ្វើ​ឲ្យ​ប្ដី​ខឹង​ស្ទុះ​មក​ធ្លាក់ខ្លួន​ចំ​ចង្កេះ​ចំនួន ២​ជើង​បណ្ដាល​ឲ្យ​ដួល​។​ ក្រោយមក​នៅវេលា​ម៉ោង ១៤:០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​ ខណៈ​ពេលដែល​ប្ដី​កំពុង​ដេក​លង់លក់​នៅ​ក្នុង​ខ្ទម​ចាំ​ចម្ការ​ខ្លួន​បាន​យក​សាំង​ចាក់​ស្រោច​ទៅលើ​ខ្លួន​របស់​ប្ដី​ហើយ​ដុត​តែម្ដង​បណ្ដាល​ឲ្យ​ឆាបឆេះ​រលាក​ពេញ​ខ្លួន ហើយ​ក្នុង​ហេតុការណ៍​នោះ​ បណ្ដាល​ឲ្យ​កូនស្រី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ខាងលើ​រងរបួស​ផងដែរ​។​

បច្ចុប្បន្ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឃាត់ខ្លួន និង​រៀបចំ​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទ៖ កុសល

សូមចុចអាន៖ ​ផ្ទះ​ប្រជាពលរដ្ឋ១៦​ខ្នង​រងគ្រោះស្ទើររាបដល់ដីដោយសារខ្យល់​កន្ត្រាក់​ភ្លៀង​កក់ខែ​មួយមេធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម