Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនថៃជាង​៤០០កំពុង​ស្វែងរកឱកាសពង្រីកធុរកិច្ច​នៅកម្ពុជា​ក្រោយវិបត្តិជំងឺកូវីដ-១៩

បានផុស

នៅ

សមាគម Thai Subcontracting Promotion Association (Thai Subcon) ដែលមានសមាជិកក្រុមហ៊ុននវានុវត្ត និងឧស្សាហកម្មសរុបជាង​៤០០ក្រុមហ៊ុន កំពុងស្វែងរកដៃគូអាជីវកម្ម និងឱកាសពង្រីកប្រតិបត្តិការធុរកិច្ចនៅប្រទេសកម្ពុជា នេះបើតាមការឲ្យដឹងនៅក្នុង​កិច្ចពិភាក្សារវាង​លោក Kiattisak Jirakajonvong ដែល​ជា​ប្រធានសមាគម ជាមួយលោក អ៊ូក សោភ័ណ ​ កាលពីរសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតកម្ពុជា​ប្រចាំនៅប្រទេស​ថៃ​បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រម្សិលមិញ​ មាន​ជំនួប​​មួយ​​​តាមប្រព័ន្ធ Video Conference​ រវាងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ​ ជាមួយ​​លោក Kiattisak Jirakajonvong ដែល​ជា​ប្រធានសមាគម​នោះ ហើយ​នៅក្នុងជំនួបនោះ បាន​​ស្នើ​សុំស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការរៀបចំកម្មវិធីជំនួបធុរកិច្ច និងទស្សនកិច្ចស្វ័យសិក្សានៅតាមរោងចក្រ ដែលជាសមាជិក Thai Subcon និង​នៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់វិស័យឯកជន នៃប្រទេសទាំងពីរ ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោក អ៊ូក សោភ័ណ បានស្វាគមន៍សំណើខាងលើ និងបានជម្រាបជូនប្រតិភូ Thai Subcon អំពីគោលនយោបាយការទូតសេដ្ឋកិច្ច យុទ្ធសាស្ត្រថៃបូក១ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់បរិយាសធុរកិច្ច-វិនិយោគ ការធ្វើពិពិធកម្មទីផ្សារតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី ជាមួយប្រទស​ចិន កូរ៉េខាងត្បូង និងការ​ចូលរួម​ជាមួយប្លុក RCEP ជាដើម។

ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បាន​ជម្រាបជូនភាគីថៃ អំពីការរៀបចំបង្កើតឱ្យមានក្រុមប្រឹក្សា​ធុរកិច្ចកម្ពុជា (CBC) ប្រចាំទីក្រុងបាងកក ដើម្បីជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ក៏ដូចជាជំរុញវិស័យទេសចរណ៍ និងវប្បធម៌ សំដៅឆ្លើយតបយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា និងបំណងប្រាថ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យបានដល់ទឹកប្រាក់​១៥ប៊ីលានដុល្លារ នៅក្រោយវិបត្តិជំងឺកូវីដ-១៩៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម