ព័ត៌មានជាតិ
ចូលប្រគល់សារតាំងជូនប្រមុខរដ្ឋស្ដីទីកម្ពុជា, ទូតថ្មីរបស់ថៃ ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកអគ្គរាជទូតថ្មីរបស់ថៃ បានចូលប្រគល់សារតាំងជូនប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយលោកឯកអគ្គរាជទូតបានបង្ហាញការប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានស្វាគមន៍ចំពោះដំណើរបំពេញបេសកកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) មកកាន់កម្ពុជានៅពេលនេះ។ តាមរយៈឯកអគ្គរាជទូតថ្មីនេះ សម្ដេចតេជោ សង្ឃឹមថា នឹងបន្តធ្វើឱ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ ដែលមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងថៃ ជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា។

សម្ដេចតេជោ ក៏បានរំលឹកអំពីការរៀបចំសកម្មភាពនានារវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅដើម្បីអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៥នេះ ជាពិសេសព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាព ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងថៃ ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។ នេះបើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយបញ្ចប់ជំនួប។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានលើកឡើងពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០២៤កន្លងទៅ បានកើនឡើងរហូត១០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹម៨ពាន់លានដុល្លារ។ សម្ដេច ថា ការកើនឡើងនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំផ្នែកពាណិជ្ជកម្ម និងវិនិយោគ ដែលដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ ក៏កាន់តែល្អប្រសើរ តាមរយៈការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។ តួយ៉ាងកន្លងទៅ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះ នាយករដ្ឋមន្ត្រីរបស់ថៃ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដង ក្នុងឱកាសខួប៧៥ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំពោះវិស័យទេសចរណ៍ សម្ដេចតេជោ ក៏បានសម្ដែងក្ដីរីករាយ ដែលកំណើនភ្ញៀវទេសចរថៃមកកាន់កម្ពុជា មានការកើនឡើង ឈរនៅលំដាប់ទី១ ក្នុងឆ្នាំ២០២៤ ក្នុងចំណោមទេសចរបរទេស ហើយដោយឡែក ទេសចរកម្ពុជាទៅប្រទេសថៃវិញ គឺប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។
ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អនេះ លោកឯកអគ្គរាជទូតថៃ បានប្តេជ្ញាចិត្តបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀងគរអ្នកវិនិយោគរបស់ថៃមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


