ព័ត៌មានជាតិ
បិទការទស្សនាប្រាសាទភិមានអាកាស ផ្នែកខាងលិច ដើម្បីជួសជុល ក្រោយពីពិនិត្យឃើញមានការទ្រុឌទ្រោម
អាជ្ញាធរជាតិអប្សរា បានសម្រេចបិទការឡើងចុះទស្សនាតាមផ្នែកខាងលិច នៃប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំ ជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល ក្រោយពីពិនិត្យឃើញមានការទ្រុឌទ្រោម ហើយការជួសជុលធ្វើឡើងដោយក្រុមជំនាញចិន ក្នុងក្របខណ្ឌអាយស៊ីស៊ីអង្គរ ហើយប្រើប្រាស់អ្នកបច្ចេកទេសកម្ពុជា នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលទើបទទួលបាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ញើជូនអ្នកពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំ កំពុងមានសភាព ទ្រុឌទ្រោមប្រឈមហានិភ័យខ្ពស់ដោយសារកត្តាអាយុកាល និងធម្មជាតិ។ ដោយសង្កេតឃើញពីបញ្ហាចំពោះមុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោង សម្រាប់ការងារជួសជុលបន្ទាន់។
ក្នុងន័យដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរា សម្រេចបិទការឡើងចុះទស្សនាប្រាសាទភិមានអាកាសតាមច្រកផ្នែកខាងលិចជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។

ទាក់ទងបញ្ហានេះ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី០២ ខែកញ្ញា នេះថា នៅប្រាសាទភិមានអាកាសនេះមានហានិភ័យខ្ពស់ ហើយពីមុនក្រុមការងារជំនាញរបស់អាល្លឺម៉ង់ និងជប៉ុន ធ្លាប់បានធ្វើការស្រាវជ្រាវម្តងហើយ ដើម្បីធ្វើការជួសជុល។ តែក្រោយនេះ ក្រុមអ្នកជំនាញខាងប្រទេសចិន ជាអ្នកជួសជុល នៅក្នុងក្របខណ្ឌអាយស៊ីស៊ី-អង្គរ ICC-Angkor (គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ) ដោយប្រើប្រាស់អ្នកបច្ចេកទេសកម្ពុជា។
លោកបញ្ជាក់ថា ការសម្រេចជួសជុលនេះ ដោយសារតែប្រាសាទនេះមានបញ្ហាទ្រុឌទ្រោមយ៉ាងខ្លាំង ហើយមានហាភ័យខ្ពស់ ដោយកន្លងមកធ្លាប់ធ្លាក់ថ្ម និងមានបញ្ហាជាច្រើនទៀត ហើយកិច្ចសហប្រតិបត្តិការជាមួយខាងចិននេះ បានចុះហត្ថលេខារួចហើយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី