Connect with us

ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ រកវិធីសាស្រ្ត​ឱ្យ​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យយោធា​ ពាណិជ្ជកម្ម​កាន់តែស៊ីជម្រៅ

បានផុស

នៅ

កម្ពុជា-កូរ៉េ រិះរកវិធីសាស្រ្ត​ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យយោធា​ ពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅថែមទៀត។

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា ក្នុងកិច្ចប្រជុំទ្វេភាគី (កម្ពុជា-កូរ៉េ) លោក ប្រាក់ សុខុន និងលោក CHUNG Eui-yong បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី  និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំក្រោយនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដ៏ល្អដែលមានស្រាប់បន្ថែមទៀត ដើម្បីជាប្រយោជន៍រួម នៃប្រជាជាតិទាំងពីរ និងសម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្រ្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ច​សហប្រតិបត្តិការក្នុងវិស័យយោធា ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការងារ សុខាភិបាល បច្ចេក​វិទ្យា​គមនាគមន៍និងព័ត៌មាន វិទ្យាសាស្រ្តនិងនវានុវត្តន៍ ទេសចរណ៍ ការអប់រំ និងបរិស្ថាន។

រដ្ឋមន្រ្តីទាំងពីរ ក៏មានការពេញចិត្តចំពោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA) ដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

នៅក្នុងឳកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសា​ធារណ​រដ្ឋកូរ៉េ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ 

លោកថា កម្ពុជាស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េក្នុងការពង្រីកជំនួយអភិវឌ្ឍន៍ក្រោមគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី និងស្វាគមន៍គោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីបូក ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាល និងវេជ្ជសាស្រ្ត។

លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើររដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យការស្តារសេដ្ឋកិច្ច-សង្គមមានសន្ទុះខ្លាំង និងបានវាយតំលៃខ្ពស់ ចំពោះតួនាទីដ៏សកម្មរបស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌវ៉ាក់សាំងពហុភាគីនិយម ហើយក៏បានសំដែងនូវអំណរចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានបរិច្ចាគ និងផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ចំណែករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលា នៅទូទាំងប្រទេស។ 

លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រទេសជិតខាង ដើម្បីជួយប្រទេសទាំងនោះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរអរគុណដោយស្មោះចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ខ្មែរនៅកូរ៉េ។

ជាការឆ្លើយតប លោក ឆុង អើយយ៉ុង បានថ្លែងអំណរគុណដល់សហគមន៍ខ្មែរនៅកូរ៉េ ដែលបានរួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពិពិធកម្មវប្បធម៌របស់កូរ៉េ។ សាធារណរដ្ឋកូរ៉េ បានសន្យាថា នឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត។

លោក CHUNG Eui-yong បានបញ្ជាក់សារជាថ្មីថា ដោយសារកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋកូរ៉េនឹងបន្តជួយ និងសហការជាមួយកម្ពុជា ក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា។

លោក CHUNG Eui-yong បានកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងនោះ ហើយក៏បានថ្លែងអំណរគុណកម្ពុជាចំពោះតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលទំនាក់ទំនងក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។

លោក ឆុង អើយយ៉ុង បានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់សាធារណរដ្ឋកូរ៉េ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងការទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម