ចៅអធិការវត្តសំរោងធំ ប្រឆាំងសាលដីកាតុលាការកំពូល ដែលចូលជាស្ថាពរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចៅអធិការវត្តសំរោងធំ ប្រឆាំងសាលដីកាតុលាការកំពូល ដែលចូលជាស្ថាពរ

បានផុស

នៅ

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ព្រះសង្ឃ យ៉ាន់ វណ្ណ​ធឿន ចៅអធិការ​វត្ត​សំរោង​ធំ នៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​មិនបាន​គោរព​ច្បាប់​ប្រទេស ប្រឆាំង​សាលដីកា​តុលាការ​កំពូល ដែល​ចូល​ជា​ស្ថាពរ និង​មិន​គោរព​តាម​ការ​ត្រាស់បង្គាប់​ពី​ព្រះមហាក្សត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បញ្ហា​នេះ​ទាក់ទង ក្នុង​រឿងក្តី​ជាមួយ​ប្រជាពលរដ្ឋ អតីត​ជា​សេនាជន​ចំនួន ១៥​គ្រួសារ ឈ្នះក្តី ដែលមាន​សាលដីកា​ចូល​ជា​ស្ថាពរ ហើយ​បាន​ដំណើរ​ការសុំ​អនុវត្ត​សាលដីកា តាម​នីតិវិធី​តាំងពី​អំឡុង​ឆ្នាំ​២០១៦ មកម្ល៉េះ ប៉ុន្តែ​ការស្នើសុំ​អនុវត្ត​សាលដីកា​នេះ តែងតែមាន​ការរាំងស្ទះ​អូសបន្លាយ​រហូត មិន​ព្រមឱ្យ​អនុវត្ត មើលស្រាល​យ៉ាងធ្ងន់ធ្ងរ​ដល់​សាលដីកា​តុលាការ​កំពូល​។ ដូច្នេះ​ប្រជាពលរដ្ឋ អតីត​ជា​សេនាជន​ចំនួន ១៥​គ្រួសារ ដែល​ឈ្នះក្តី មាន​ចម្ងល់​ថា មាន​សាលដីកា​ស្ថាពរ​ហើយ ដល់ពេល​ស្នើសុំ​អនុវត្ត​ទាល់តែ​តុលាការ​ក្នុង​សំណុំរឿង​អនុវត្ត ស្នើសុំ​មក​អភិបាលខេត្ត ហើយ​លុះ​ណា​អភិបាលខេត្ត​ឯកភាព​ទើប​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​អនុវត្តបាន បើ​អភិបាលខេត្ត​មិន​ឯកភាព​ទេ​អនុវត្ត​មិន​បានជា​រៀងរហូត​។

​សូម​ជម្រាបជូន​ថា ករណីនេះ​កើតឡើង​តាំងពី​សម័យ លោក ម៉ៅ ភិ​រុណ ធ្វើជា​អភិបាល​ខេត្តកណ្ដាល​។ ប្រជាពលរដ្ឋ អតីត​ជា​សេនាជន​ចំនួន ១៥​គ្រួសារ ដែល​ឈ្នះក្តី បាន​លើកឡើងថា ការដែល​អនុវត្ត​មិនបាន​នេះ គឺ​តាំងពី​ជំនាន់​លោក ម៉ៅ ភិ​រុណ នៅ​ធ្វើជា​អភិបាលខេត្ត​រហូតមក​ដល់​បច្ចុប្បន្ន​។ ប្រជាពលរដ្ឋ​បាន​រៀបរាប់​ទៀតថា នៅ​អំឡុង​ឆ្នាំ​១៩៧៩ អតីត​កង​សេនាជន​ទាំង​១៥​គ្រួសារ បាន​បង្កបង្កើនផល​លើដី​ដែលមាន​ទំហំ ២​ហិកតា​ជា​ក្រុមសាមគ្គី​ទី​១៦​។ ក្រោយមក​នៅ​ឆ្នាំ​១៩៨៨ គណៈកម្មការ​ភូមិ សំរោង​ក្អែរ ឃុំសំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានធ្វើការ​បែងចែក​ដី​ទំហំ ២​ហិកតា ដែលមាន​ទទឹង ៤០​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដែលមាន​ព្រំប្រទល់​ខាងជើង​ទល់​ក្រុមហ៊ុន ចំរើន​ចំកាត់ ខាងត្បូង​ទល់​ផ្លូវលំ​ទៅ​ទន្លេ ខាងកើត​ទល់​ទន្លេមេគង្គ ខាងលិច​ទល់​ផ្លូវលំ​ក្នុងភូមិ ឱ្យមក​កង​សេនាជន​ឃុំ​សំរោង​ធំ​ទាំង​១៥​គ្រួសារ បង្កបង្កើនផល ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។

​នៅ​ឆ្នាំ​១៩៩០ អង្គភាព​សេនាជន​បានដាក់​ពាក្យសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ទៅ​រដ្ឋអំណាច​ភូមិ​-​ឃុំ តាម​ចំណារ​លេ​ខៈ ៤៩៩១ ចុះ​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ​១៩៩០ របស់លោក ទេព ឈួន ជា​មេឃុំ​សំរោង​ធំ​។ ​នៅ​ឆ្នាំ​១៩៩៧ គណៈកម្មការ​វត្ត​សំរោង​ធំ និង​ព្រះសង្ឃ​ព្រះនាម យ៉ាន់ វណ្ណ​ធឿន បានមក​បង្កទំនាស់​ជាមួយប្រជាពលរដ្ឋ​ ដែលជា​កង​សេនាជន​ទាំង​១៥​គ្រួសារ ដោយ​អះអាងថា ​ជា​ដី​របស់​វត្ត​សំរោង​ធំ​។ ដោយ​ពុំ​អា​ចរក​ដំណោះស្រាយ​បាន កង​សេនាជន​ទាំង​១៥​គ្រួសារ​ បានដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ឱ្យជួយ​ដោះស្រាយ ពេលនោះ​មាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី បាន​ចុះទៅ​ដោះស្រាយ​ដល់ទី​តាំង​ដី​ទំនាស់​រួមមានៈ ឯកឧត្តម ប៉ុល លឹម តំណាង​ក្រសួងមហាផ្ទៃ​, ឯកឧត្តម ប្រាក់ សាវុធ តំណាង​សាលាខេត្ត​កណ្ដាល​, លោក គាត ហូរ តំណាង​សាលាស្រុក​កៀនស្វាយ និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចូលរួម​ដោះស្រាយ​ករណី​វិវាទ​នេះ​ផងដែរ​។

បន្ទាប់ពី​ធ្វើការ​ដោះស្រាយ​រួចរាល់​មក​លទ្ធផល​ចុងក្រោយ សាលាខេត្ត​កណ្ដាល​បានចេញ​លិខិត​លេ​ខៈ ០២៥ ស​.​ជ​.​ណ ចុះ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​១៩៩៨ បានសម្រេច​ប្រគល់​ដី​ទំនាស់​នេះ​ មកឱ្យ​ប្រជាពលរដ្ឋ​១៥​គ្រួសារ ជា​អតីត​សេនាជន​ឃុំ​សំរោង​ធំ​បន្ដ​គ្រប់គ្រង​ប្រើប្រាស់​ដូច​ពលរដ្ឋ​ដទៃទៀត​។ ក្រោយមកទៀត​សាលាស្រុក​កៀនស្វាយ ​បានចេញ​លិខិត​លេ​ខៈ ០៥៣ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៩៨ បានសម្រេច​រក្សា​ដី​ទំនាស់​នោះ​ទុកឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ជា​អតីត​សេនាជន​ឃុំ​សំរោង​ធំ បន្ត​គ្រប់គ្រង​ប្រើប្រាស់​ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ​។ ចំពោះ​ដី​វត្ត​ពិតប្រាកដ ​ក្នុង​បរិវេណ​វត្ត​សំរោង​ធំ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ត្រឹមត្រូវ មិនមាន​ការរំលោភបំពាន​ពី​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។

​ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​ឆ្នាំ​២០០៣ កង​សេនាជន​បាន​ជួល​ទីតាំង​ដី​ខាងលើ​ឱ្យទៅ​ឈ្មោះ ឃឹម វ៉ា និង​ប្រពន្ធ​ឈ្មោះ អ៊ូ ចុច ក្នុងតម្លៃ ៧​ម៉ឺន​រៀល​ក្នុង​មួយឆ្នាំ​។ ​ស្រាប់តែ​នៅ​ឆ្នាំ​២០០៥ គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ព្រះនាម យ៉ាន់ វណ្ណ​ធឿន បាន​ទៅ​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​លួច​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេ​ខៈ ០១១៧៧១ ដោយ​ពុំ​ឱ្យ​ម្ចាស់​ដី​បានដឹង និង​បាន​យក​ដី​ដែល​អាជ្ញាធរ​ខេត្តកណ្ដាល​ បានប្រគល់​ឱ្យ​កង​សេនាជន​ទាំង​១៥​គ្រួសារ​កំពុង​គ្រប់គ្រង ទៅធ្វើជា​កម្មសិទ្ធិ​របស់​វត្ត (​ជាក់ស្ដែង​ដាក់ឈ្មោះ ជា យ៉ុ​ន ពុំបាន​បញ្ជាក់ថា តំណាងឱ្យ​វត្ត​ទេ​) ដោយ​បំភ្លៃ​ការពិត និង​បំភាន់​ដល់​មន្ត្រី​សុរិយោដី និង​អាជ្ញាធរ​ ដើម្បីឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​វត្ត​សំរោង​ធំ​។

​បន្ទាប់ពី​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេ​ខៈ ០១១៧៧១ ចុះ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០០៥ ដែល​កំណត់ថា ដី​ទំហំ ២​ហិកតា ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ដែល​កង​សេនាជន​ទាំង ១៥​គ្រួសារ​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល​នោះ​ជា​កម្មសិទ្ធិ​របស់​វត្ត​សំរោង​ធំ រួចមក ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន បាន​ប្ដឹង​ប្រជាពលរដ្ឋ​១៥​គ្រួសារ ដែលជា​អតីត​សេនាជន​ទៅ​តុលាការ​មាន​ទាំង​រឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី ក្រោយមក​ប្រជាពលរដ្ឋ​ក៏​ចាប់ផ្ដើម​ប្ដឹង​តប​វិញ​ដោយមាន ឈ្មោះ ឈុំ មុន្នី ជា​តំណាងឱ្យ​ប្រជាពលរដ្ឋ ១៥​គ្រួសារ​ដែលជា​អតីត​សេនាជន ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានដាក់​ពាក្យបណ្ដឹង​មក​តុលាការ ប្ដឹង​សុំឱ្យ​តុលាការ​លុប​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេ​ខៈ ០១១៧៧១ ចុះ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០០៥ របស់​វត្ត​សំរោង​ធំ ដែល​គណៈកម្មការ​វត្ត​ភិក្ខុសង្ឃ​ព្រះនាម យ៉ាន់ វណ្ណ​ធឿន បាន​លួច​ធ្វើ​ប័ណ្ណ​យក និង​សុំឱ្យ​តុលាការ​ប្រគល់​ដី​នោះ ដែលមាន​ទំហំ ២​ហិកតា ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ឱ្យមក​អតីត​សេនាជន​ឃុំ​សំរោង​ធំ​ទាំង​១៥​គ្រួសារ​វិញ​។

​ក្រោយ​ដាក់ពាក្យ​បណ្ដឹង​រួចមក​តុលាការ​គ្រប់​ជាន់ថ្នាក់​ទាំង​សាលាដំបូង​ខេត្តកណ្ដាល សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បានសម្រេច​សេចក្ដី​ដូចៗ​គ្នា គឺ “​ប្រគល់​ដី​ក្នុង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេ​ខៈ ០១១៧៧១ ចុះ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០០៥ ឱ្យទៅ​ឈ្មោះ ឈុំ មុន្នី ជា​តំណាងឱ្យ​ប្រជាពលរដ្ឋ ១៥​គ្រួសារ​ ដែលជា​អតីត​សេនាជន ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាន់កាប់​ជា​កម្មសិទ្ធិ ប៉ុន្ដែ​ត្រូវ​រក្សា​ផ្លូវ​ទុកជា​សម្បត្តិ​សាធារណៈ​ទំហំ ៥,៥​ម X ៥០០​ម ខាងលិច​ទល់​ផ្លូវលំ ខាងកើត​ទល់នឹង​ច្រាំងទន្លេ ខាងជើង​ជាប់​ដី​ទំនាស់ ខាងត្បូង​ជាប់​ដី​របស់​ឈ្មោះ ព្រុំ សុវណ្ណ​។ ការដែល​តុលាការ​គ្រប់​ជាន់ថ្នាក់​វិនិច្ឆ័យ​សេចក្ដី​ឱ្យ​ប្រជាពលរដ្ឋ​១៥​គ្រួសារ​ឈ្នះក្ដី​នេះ គឺ​តុលាការ​ បានធ្វើការ​ស៊ើប​អង្កេត ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ដី និង​សាកសួរ​សាក្សី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​យ៉ាង​ល្អិតល្អន់ និង​មាន​ភស្តុតាង ទឡ្ហីករណ៍​គ្រប់គ្រាន់​ដូច​មាននៅ​ក្នុង​សំអាង​ហេតុ​នៃ​សាលក្រម សាលដីកា​ហូរហែ​ជាក់ស្ដែង​សាលក្រម​សាលាដំបូង​ខេត្តកណ្ដាល​។

​សំណុំរឿង​រដ្ឋប្បវេណី​ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០០៧ នៃ​សាលក្រម​លេខ​: ១៤”​ន​”​ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០០៩ បាន​បញ្ជាក់ថា៖

១- ភាគី​ប្រជាជន ១៥​គ្រួសារ​ជា​ចុង​ចម្លើយ​ និង​ជាដើម​បណ្តឹងតប​ធ្លាប់មាន​ទំនាស់​គ្នា​ម្ដង​រួចហើយ​ ជាមួយ​ភាគី​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជាដើម​ចោទ​និង​ជា​ចុង​បណ្តឹងតប នៅក្នុង​ឆ្នាំ​១៩៩៨ ហើយ​ទំនាស់​នោះបាន​ដោះស្រាយ​ចប់សព្វគ្រប់​ហើយ​ នៅ​ថ្នាក់​ខេត្ត​អំពី​ដី​ទំនាស់​ខាងលើ ដោយ​សាលា​ខេត្តកណ្ដាល សម្រេច​ប្រគល់​ដី​ទំនាស់​ឱ្យទៅ​ភាគី​ដើមបណ្តឹង​តប​ជា​កង​សេនាជន​ទាំង​១៥​គ្រួសារ​បន្ត​ប្រើប្រាស់​ និង​កាន់កាប់​ដី​ទំនាស់​ខាងលើ​រហូតមក​។​

២-​ការអះអាង​របស់​ភាគី​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ចុង​បណ្តឹងតប​ដែលថា មាន​កិច្ចសន្យា​ដែល​អតីត​សេនាជន​ឈ្មោះ​៖ ឡុង ឡេង , អាន នី​, ផល ភូ​ន​, វ៉ង់ ចន្ថា​, ឃុំ សាវឿន​, ឃី បូរ​, យី វិ​ន​, និង ឈ្មោះ ហ៊ីង សុខុន បានធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ទំនាស់​ឱ្យទៅ​វត្ត​វិញ​នោះ​ពិត​ជាមាន​មែន ប៉ុន្តែ​អតីត​សេនាជន​ទាំងអស់​ខាងលើ​ យល់ព្រម​ប្រគល់ឱ្យ​ភាគី​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជា​ចុង​បណ្តឹងតប លុះត្រាតែ​ចុង​បណ្តឹងតប​ប្រគល់​ប្រាក់​៩០០​ដុល្លារ ថ្លៃ​ទិញ​ដី​ទំនាស់​នោះ នៅពេលដែល​ប្រជាជន ១៥​គ្រួសារ​ជាដើម​បណ្តឹងតប​ទៅយក​ប្រាក់ បែរជា​មិនបាន​ទៅវិញ​។ ចំពោះ​កិច្ចសន្យា​ខាងលើ​ គឺ​បានធ្វើ​មុនពេល​ទទួលបាន​ប្រាក់។

៣-​ស្តីពី​កិរិយា​កាន់កាប់​ដី​ទំនាស់​របស់​ប្រជាជន​១៥​គ្រួសារ​ជាដើម​បណ្តឹងតប ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៨ ជា​ដី​របស់​ក្រុមសាមគ្គី​ទី​១៦ ពី​ឆ្នាំ​១៩៨៨ កង​សេនាជន​ទាំង​១៥ គ្រួសារ បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​ទំនាស់​នោះ រហូតដល់​ឆ្នាំ​១៩៩០ កង​សេនាជន បានដាក់​ពាក្យសុំ​កាន់កាប់​ដី​ទំនាស់​នោះ ហើយ​បានទទួល​ស្គា​ល់ពី​អាជ្ញាធរ​មូលដ្ឋាន​។ នៅ​ឆ្នាំ ១៩៩២ វត្ត​សំរោង​ធំ​បានធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​របស់​វត្ត​សំរោង​ធំ នៅក្នុង​ប័ណ្ណ​នោះ​គ្មាន​ដី​ទំនាស់​ដាក់​ជា​កម្មសិទ្ធិរ​បស់​វត្ត​ទេ ព្រោះ​អាជ្ញាធរ និង​ចៅអធិការ​វត្ត​ព្រមទាំង​គណៈកម្មការ​វត្ត នៅពេលនោះ​សុទ្ធសឹង​ដឹងថា ដី​ទំនាស់​ជា​ដី​របស់​កង​សេនាជន​។

​ដូច្នេះ​កិរិយា​កាន់កាប់​ដី​របស់​ភាគី​ប្រជាពលរដ្ឋ​១៥​គ្រួសារ ​ជា​ចុង​ចម្លើយ​ និង​ជាដើម​បណ្តឹងតប​មាន​រហូត​តាំងពី​ឆ្នាំ​១៩៧៩​មក ដោយ​សន្តិវិធី​គ្មាន​ការរំខាន​ពី​ជនណាម្នាក់​ឡើយ រហូតដល់​ឆ្នាំ​២០០៨ ទើប​មាន​ការបង្ក​ជម្លោះ​ពី​ភាគី​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន​ដើមចោទ​ជា​ចុង​បណ្តឹងតប។​

៤-​ស្ដីពី​នីតិវិធី​នៃ​ការចុះបញ្ជី​ដី​ដាច់​ដោយ​ដុំ​ ដើម្បី​ស្នើ​ធ្វើ​ប័ណ្ណ​កាន់កាប់​អចលវត្ថុ​លេខ កណ ០១១៧៧១ ចុះ​ថ្ងៃ​០២ ខែកុម្ភៈ ឆ្នាំ​២០០៥ មាន​លក្ខណៈ​ខ្វះចន្លោះ​មិនបាន​បំពេញ​តាម​នីតិវិធី​នៃ​ការចុះបញ្ជី​ដី ក្នុង​អនុ​ក្រឹត្យ​ស្តីពី​ការចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ដាច់​ដោយ​ដុំ លេខ​៤៨​អនក្រ​/​បក​ចុះ​ថ្ងៃទី​៣១-០៥-២០០២​។ ម្យ៉ាងវិញទៀត ផ្អែក​តាម​កំណត់ហេតុ​ពិនិត្យ និង​វាស់វែង​ទីតាំង​ដី​ទំនាស់​របស់​សាលាដំបូង​ខេត្តកណ្ដាល ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០០៩ បាន​លទ្ធផល​ដូចតទៅៈ​

-​ប្រវែង​ទទឹង​ក្បាលដី : គិត​ចាប់ពី​របង​ថ្ម​ក្រុមហ៊ុន​សហគ្រាស​ចំរើន​ចំកាត់​ ដោយ​គិត​ទាំង​ផ្លូវ​ចុះទៅ​ទន្លេ (​ពី​ជើង​ទៅ​ត្បូង​) ទៅ​ទល់នឹង​បង្គោល​ថ្ម​ព្រំដី​ឈ្មោះ ព្រុំ សុវណ្ណ ៤៩.២០​ម ។ និង​សាក្សី​គ្រប់គ្រាន់​សមស្រប​តាមច្បាប់ គប្បី​តុលាការ​ច្រានចោល​ការអះអាង និង​ការទាមទារ​របស់​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ដើមចោទ​និង​ជា​ចុង​បណ្តឹងតប​។

​យោងតាម​អង្គហេតុ និង​ស្ថានភាព​ទាំងអស់​ខាងលើ​ តុលាការ​សម្រេច​ទទួលស្គាល់​នូវ​អត្ថិភាព​នៃ​សិទ្ធិ​ទាមទារ​របស់​ប្រជាជន១៥​គ្រួសារ​ចុង​ចម្លើយ និង​ជាដើម​បណ្ដឹងតប​។ ដូច្នេះ​ការទាមទារ​បស់​ដើម​បណ្ដឹងតប មាន​មូលដ្ឋាន​គ្រប់គ្រាន់​ ក្នុងការ​ទទួលស្គាល់​នូវ​ការទាមទារ​នេះ និង​ច្រានចោល​ការទាមទារ​រប​ស់​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជាដើម​ចោទ ​និង​ជា​ចុង​បណ្តឹងតប​។ បន្ទាប់ពី​ចៅអធិការ​វត្ត​សំរោង​ធំ​ ចាញ់ក្តី​នៅ​សាលាដំបូង ក៏បាន​សម្រេច​បន្ត​ប្តឹងទៅ​សាលា​ឧឧទ្ធរណ៍ ក៏​សាលា​ឧទ្ធរណ៍​វិនិច្ឆ័យ​សេចក្តី​

-​តម្កល់​សាលក្រម​រដ្ឋប្បវេណី​លេខ​១៤”​ន​”​ចុះ​ថ្ងៃទី​០៣-១២-២០០៩ របស់​សាលាដំបូង​ខេត្តកណ្តាល ទុកជាបានការ​។

​សូមបញ្ជាក់ថា ដោយសារតែ​ភាព​លោភលន់​របស់​ចៅអធិការ​វត្ត​សំរោង​ធំ នៅតែ​បន្ត​ប្ដឹងទៅ​តុលាការ​កំពូល​ទៀត ប៉ុន្តែ​តុលាការ​កំពូល​បានចេញ​សាលដីកា​ឱ្យ​សេនាជន​ទាំង ១៥ គ្រួសារ​នោះ​ឈ្នះ​ជា​ស្ថាពរ​ដដែល​។

​ក្នុងនោះ​តុលាការ​កំពូល :

-​យល់ឃើញថា ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជា​ចៅអធិការ​វត្ត​សំរោង​ធំ​ជា​ចុង​ចម្លើយ​បាន​រំលោភបំពាន​យក​ដី​វត្ត សំរោង​ធំ ដែលជា​ដី​សម្បត្តិ​គរុភណ្ឌ ហើយ​ដី​នេះ​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា លេខ ៤២ សសរ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៩៣ បានប្រគល់​ដី​វត្ត​ទុកឱ្យ​វត្ត​វិញ រហូតដល់​វត្ត​បានធ្វើ​ប្លង់​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​របស់​វត្ត​ទៀតផង ប៉ុន្តែ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០០៩ ដើមចោទ​ព្រះនាម យ៉ាន់ វណ្ណ​ធឿន បាន​សុំ​ដក​ពាក្យបណ្ដឹង​ទាំងអស់​ចេញពី​សំណុំរឿង​ក្តី​នេះ ដោយ​សំអាង​ហេតុថា មិន​ចង់​ប្តឹងផ្តល់​ពុទ្ធបរិស័ទ​ណាមួយ​ឡើយ ម្យ៉ាងទៀត ដោយសារ​រឿងនេះ​ពុំទាន់​មាន​បញ្ហា​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដី​វត្ត​នៅឡើយ​ដែរ​។ ដូច្នេះ តុលាការ​កំពូល​អាច​កំណត់​បាន​ថា ប្រជាជន​១៥​គ្រួសារ​ជា​ចុង​ចម្លើយ ​ពុំបាន​ប៉ះពាល់​ដល់​ដី​របស់​វត្ត​ឡើយ​។​

-​យល់ឃើញថា ពិនិត្យ​តាម​លិខិត​លេខ ០២៥ សជណ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៩៨ របស់​សាលា​ខេត្តកណ្តាល ក្រោយពី​បាន​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ជាក់ស្តែង ខេត្ត​បានសម្រេច ឯកភាព​ជា​គោលការណ៍​រក្សា​ដី​ទំនាស់​នេះ​ទុក​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៥ គ្រួសារ ជា​អតីតសេនាជន ឃុំ​សំរោង​ធំ ខេត្តកណ្តាល​គ្រប់គ្រង ប្រើប្រាស់​ដូច​ពលរដ្ឋ​ដទៃទៀត​ដែរ ព្រមទាំង បញ្ជាក់​បន្ថែមថា ដី​បរិវេណ​វត្ត​សំរោង​ក្អែរ មិនមាន​ការរំលោភបំពាន​ពី​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។ ដូច្នេះ ការលើកឡើង​របស់​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជាដើម​ចោទ​ក្នុង​ពាក្យសុំ​ដក​បណ្ដឹង​ថា មិនមាន​ការបំពាន​ដី​វត្ដ​នោះ​ជាការ​ត្រឹមត្រូវ​។​

-​យល់ឃើញថា ភាគី​ប្រជាពលរដ្ឋ​១៥​គ្រួសារ​ជា​ចុង​ចម្លើយ​ បាន​កាន់កាប់​ដី​ទំនាស់​នេះ ជា​អង្គភាព​សេនាជន​ ដែលមាន​សមាជិក ១៥​គ្រួសារ ហើយ​បានដាក់​ពាក្យសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៩០​។ នៅលើ​ពាក្យសុំ​នេះ មានការ​បញ្ជាក់​ពី​ប្រធាន គណៈកម្មការ​ភូមិ​សំរោង​ក្អែរ និង​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ឃុំ​សំរោង​ធំ​លេខ​៤៩៩១ ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​១៩៩០ មុន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ G៨, ១៨២៦ ចុះ​ថ្ងៃ ទី​២៤ ខែសីហា ឆ្នាំ​១៩៩២ របស់​វត្ត​សំរោង​ធំ​ទៅទៀត​។​

-​យល់ឃើញថា ពិនិត្យ​តាម​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ G៨ ១៨២៦ ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៩២ ព្រំប្រទល់​ដី​វត្ត​សំរោង​ធំ​ផ្នែក​ខាងកើត គឺ​ទល់នឹង​ដី​ផ្នូរ ហើយ​ពាក្យសុំ​កាន់កាប់​ដី​របស់​ប្រជាជន ១៥​គ្រួសារ​ជា​ចុង​ចម្លើយ ព្រំប្រទល់​ខាងលិច គឺ​ទល់​ផ្លូវ​ភូមិ ឃើញថា ដី​វត្ត និង​ដី​ដែល​ចុង​ចម្លើយ​សុំ​កាន់កាប់ គឺ​ខណ្ឌ​ចែកដាច់​ពីគ្នា​ដោយ​ផ្លូវ​ភូមិ​។​

-​យល់ឃើញថា នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៨ បន្ទាប់ពី​មាន​លិខិត​លេខ ០២៥ សជណ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៩៩៨ របស់​សាលា​ខេត្តកណ្ដាល​រួចមក ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជាដើម​ចោទ​បាន​សុំ​បិណ្ឌ​បាត្រដី​នេះ​(​ទិញ​ដី​ទំនាស់​នេះ​) នៅក្នុង​តម្លៃ ៩០០​ដុល្លារ​អាមេរិក ពី​ចុង​ចម្លើយ​ទាំង ១៥​គ្រួសារ ក៏ប៉ុន្តែ​ពុំបាន​ប្រគល់​ប្រាក់​ទេ​។ ដូច្នេះ អាច​បញ្ជាក់បាន​ថា ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ជា​ដើមចោទ​ទទួលស្គាល់​សិទ្ធិ​ជា​ម្ចាស់​របស់​ប្រជាជន ១៥​គ្រួសារ​ចុង​ចម្លើយ​លើដី​ទំនាស់​នេះ​។​

-​យល់ឃើញថា ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ០១១៧៧១ ចុះ​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០០៥ ដែល​ធ្វើ​លើដី​ទំនាស់​នេះ ​ពុំ​ត្រឹមត្រូវ​ទេ ពីព្រោះ​ពុំមាន​លទ្ធកម្ម​សិទ្ធិ​ពី​ភាគី​ប្រជាជន ១៥​គ្រួសារ​ជា​ចុង​ចម្លើយ​។​

​និយាយ​ជារួម​ទៅ ភិក្ខុសង្ឃ​ឈ្មោះ យ៉ាន់ វណ្ណ​ធឿន ចៅអធិការ​វត្ត​សំរោង​ធំ ​មិន​គោរព​ច្បាប់​ប្រទេស ប្រឆាំង​សាលដីកា​តុលាការ​កំពូល ដែល​ចូល​ជា​ស្ថាពរ និង​មិន​គោរព​តាម​ការ​ត្រាស់បង្គាប់​ពី​ព្រះមហាក្សត្រ។​

​ក្នុងនោះ ​ព្រះចៅអធិការ​វត្ត​ ថែមទាំង​បាន​ប្តឹង​ប្រជាពលរដ្ឋ​ដាក់គុក​ទាំង​បំពាន មាន​ចេតនា​លោភលន់​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​សុទ្ធតែជា​អ្នកក្រីក្រ ពិការ ដើម្បី​ចង់បាន​ដី សុខចិត្ត​ឱ្យ​តាអាចារ្យ​ឈរឈ្មោះ​ជំនួស រួចហើយ​លួច​សាងសង់​សំណង់ ជា​រូប​ព្រះពុទ្ធ​ចូល​និព្វាន ក្នុងន័យ​បន្លំ​ភ្នែក​មហាជន​ថា ព្រះអង្គ​គិតគូរ​លើ​វិស័យ​ព្រះពុទ្ធសាសនា តែ​ធាតុពិត​ក្នុង​គោលបំណង​ចង់បាន​ដី​ប្រជាពលរដ្ឋ​ទោះ​ដឹងថា មាន​សាលដីកា​ស្ថាពរ​ទៅហើយ ដោយ​ដី ២​ហិកតា សង់​រូប​ព្រះពុទ្ធ​ចូល​ព្រះ​និព្វាន​លើដី​មិនបាន ១​ពាន់​ម៉ែត្រការ៉េ​ផង។

​ក្នុង​រឿងនេះ សូម្បីតែ​អាជ្ញាសាលា​ក៏​មិនបាន​ចុះ​អនុវត្តសាលដីកា​ឱ្យ​ដែរ ដោយ​រង់ចាំ​ការអនុញ្ញាត​ពី​ប្រធាន​តុលាការ បើ​ខាង​សាលាដំបូង​ខេត្តកណ្ដាល​វិញ មិន​ព្រម​អនុវត្ត​សាលដីកា ដោយសារ​រង់ចាំ​ការអនុញ្ញាត ​ឬ​ការចេញ​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត សុទ្ធតែ​ផ្ទុយ​អំពី​នីតិវិធី​ទាំងស្រុង។ បញ្ហា​នេះ ត្រូវបាន​លេច​ឮថា មាន​អ្នកធំ​នៅ​ខេត្តកណ្ដាល​នៅ​ពី​ក្រោយខ្នង ​ដើម្បី​ឃុបឃិត​ជាមួយនឹង​ចៅអធិការ​វត្ត ក្នុង​គោលបំណង​យក​ដី​នេះ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បដិសេធ​មិន​ព្រម​ទិញ​ដោយ​យល់ឃើញថា ដី​ទាំងនោះ​ជា​ដី​ស្របច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​អតីត​ជា​សេនាជន​ចំនួន ១៥​គ្រួសារ ដែលមាន​សាលដីកា​ស្ថាពរ​។

​ថ្មីៗ​នេះ ចៅអធិការ​វត្ត​ខាងលើ បានរៀបចំ​ធ្វើ​កម្មវិធី​អភិសេក ទាំង​រូប​ព្រះពុទ្ធ​ចូល​និព្វាន​មិនទាន់​សាងសង់​ហើយ​ជា​ស្ថាពរ ហើយ​ស្ថិតក្នុង​បរិបទ​នៃ​ការហាមឃាត់​ក្នុងការ​ជួបជុំ​ធ្វើ​បុណ្យទាន​ក្នុងសម័យ​កូ​វីដ​-១៩​នេះ ដោយ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ​។

​ពាក់ព័ន្ធ​ករណីនេះ លោក សៀក សារឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា កាល​ពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ មិនបាន​ធ្វើការ​បកស្រាយ​ដល់​សារព័ត៌មាន​ទេ ដោយ​លោក​បញ្ជាក់ថា កំពុង​ជាប់រវល់​ការងារ​រួច​ក៏​បិទ​ទូរស័ព្ទ​។ ដោយឡែក​លោក ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល ដែលជា​អតីត​ជា​អភិបាល​ខេត្តកណ្ដាល ជាមួយនឹង​ការលើក​ជា​សំណួរ​ថា កាលពី​អតីត​កាលពី​ឯកឧត្តម​នៅ​កាន់តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល គឺមាន​ដីការ​រក្សា​ការពារ​ចេញមក​មិនឱ្យ​ភិក្ខុសង្ឃ យ៉ាន់ វណ្ណ​ធឿន ចៅអធិការ​វត្ត​សំរោង​ធំ សាងសង់​រូប​ព្រះពុទ្ធ​ចូល​និព្វាន​លើដី​មានទំនាស់​នេះ​ទេ​។ ប៉ុន្ដែ​ខាង​អាជ្ញាធរខេត្ត​ អត់​ដែល​ឃាត់​ទេ គឺ​អនុញ្ញាតឱ្យ​សាងសង់​រហូត​។ ក្រោយមក​ប្រជាពលរដ្ឋ​ជា​អតីត​សេនាជន​ទាំង​១៥​គ្រួសារ ស្នើសុំ​អនុវត្ត​សាលដីកា​ស្ថាពរ​ពី​តុលាការ​កំពូល មិន​អនុញ្ញាតឱ្យ​អនុវត្ត​ទៀត​។

ក្រោយមក​ព្រះចៅអធិការ​វត្ត​ បានរៀបចំ​ធ្វើ​អភិសេក​មាន​ពាក្យ​ចចាមអារ៉ាម​ថា មានការ​សម្របសម្រួល​ពី​ឯកឧត្តម​ ដើម្បីឱ្យ​ព្រះអង្គ​ចៅអធិការ​វត្ត​រៀបចំ​ធ្វើបុណ្យ​ក្នុងសម័យ​បរិបទ​កូ​វីដ​-១៩​នេះ។ លោក​បានបញ្ជាក់​តាម Telegram ថា “​ខ្ញុំ​មិនដែល​ណែនាំ​ឱ្យ ឬ​អនុញ្ញាតឱ្យ​ព្រះចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត​ធ្វើ​ពិធីបុណ្យ​ក្នុងសម័យ​បរិបទ​កូ​វីដ​-១៩ ​ដូច​ខាង​សារព័ត៌មាន​លើក​មក​និយាយ​នោះទេ​”​។ ចំពោះ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ចំពោះ​សំនួរ​សួរថាៈ មាន​ប្រជាពលរដ្ឋ​លើកឡើងថា នៅ​ខេត្តកណ្ដាល​រាល់​ការអនុវត្ត​សាលា​ដីកា​ស្ថាពរ ឬ​សាលក្រម​ស្ថាពរ គឺ​ទាល់តែ​ស្នើសុំ​ទៅ​អភិបាលខេត្ត ហើយ​បើ​មាន​សេចក្ដីជូនដំណឹង​ពី​អភិបាលខេត្ត​ឯកភាព​ឱ្យ​អនុវត្ត ទើប​អនុវត្ត​បាន​។ មានន័យថា បើ​អភិបាលខេត្ត​មិន​ឯកភាព​ទេ គឺ​អនុវត្ត​មិនបាន ខុសប្លែក​ពី​ខេត្ត​ដទៃ ឬមួយ​អាជ្ញាសាលា​ដែល​ត្រូវអនុវត្ត​សាលដីកា​ស្ថាពរ សាលក្រម​ស្ថាពរ ចំណុះ​នៅក្រោម​អភិបាលខេត្ត ហើយ​បើ​អភិបាល​ព្រម​ទើប​អនុវត្ត​បាន ឬមួយ​យ៉ាងណា​? លោក​បានធ្វើ​ការបកស្រាយ​ថា “​ការជូនដំណឹង​ទៅ​អាជ្ញាធរ​ដែនដី ​គឺ​ដើម្បី​ស្នើសុំ​កម្លាំង និង​កិច្ចសហការ មិនមែន​សុំ​ការអនុញ្ញាត​នោះទេ​។

​ករណី​ព្រះសង្ឃ យ៉ាន់ វណ្ណ​ធឿន ចៅអធិកា​វត្ត​សំរោង​ធំ ​មិន​បានគោរព​ច្បាប់​ប្រទេស ប្រឆាំង​សាលដីកា​តុលាការ​កំពូល ដែល​ចូល​ជា​ស្ថាពរ និង​មិន​គោរព​តាម​ការ​ត្រាស់បង្គាប់​ពី​ព្រះមហាក្សត្រ គឺ​ខាង​សារព័ត៌មាន​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ទូរស័ព្ទ​ខ​ល​មិន​ចូល ឬ​ត្រូវ​បិទ​ទូរស័ព្ទ​។

​ដោយឡែក​នៅ​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ផងដែរ កម្ពុ​ជាថ្មី ក៏​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា ដោយ​ទូរស័ព្ទ​របស់គាត់​ស្ថិត​នៅក្រៅ​តំបន់​សេវា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services