Connect with us

ព័ត៌មានជាតិ

ពលរដ្ឋចំនួន ៦២៧គ្រួសារ រងគ្រោះដោយសារទឹកជំនន់ នៅរតនៈគិរី ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ៦២៧ គ្រួសាររងគ្រោះដោយសារទឹកជំនន់ នៅស្រុកតាវែង និងស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី ១៥ ខែវិច្ឆិកា ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ ញាន ទិត្យចិន្តា និងលោក គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ព្រមទាំងសមាជិក សមាជិកា គណៈកម្មា​ធិការ​សាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៣៧៣គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត មកពី១៩ភូមិ នៅឃុំតាវែងលើ និងឃុំតាវែងក្រោម ស្រុកតាវែង និងនៅស្រុកលំផាត់ចំនួន ២៥៤គ្រួសារ សរុបទាំងពីរស្រុកចំនួន​៦២៧ គ្រួសារ ដែលពិធីចែកអំណោយមនុស្សធម៌ខាងលើនេះ ពេលព្រឹកប្រារព្ធធ្វើនៅស្រុកតាវែង ហើយរសៀលថ្ងៃខែឆ្នាំដ៏ដែលប្រារព្ធធ្វើនៅស្រុកលំផាត់។

លោក អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនក្នុងខេត្តរតនគិរីទាំងអស់ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

លោក អ៊ុយ សំអាត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនទាំងអស់ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឲ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។

ហើយនៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កើនផលដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ជាពិសេសសូមរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ និងចូលរួម ប្រកប​ដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចែកជូនគ្រួសារនីមួយៗ​នាពេលនេះទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីអ៉ីវ៦ដប និងប័ណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន​២សន្លឹក៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម