ព័ត៌មានអន្ដរជាតិ
រដ្ឋ Queensland អូស្ត្រាលីរងការវាយប្រហារដោយជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល៦០ឆ្នាំ
ស្ត្រីម្នាក់បានស្លាប់ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែងកន្លែងនៅ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងពេកបង្កជាទឹកជំនន់នៅភាគខាងជើងនៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី។ យោងការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២ខែកុម្ភៈនេះ។

អាជ្ញាធរបាននិយាយថា ទឹកនឹងបន្តកើនឡើងបន្ថែមទៀត ហើយបានព្រមានអំពីស្ថានភាពគ្រោះថ្នាក់ និងការគំរាមកំហែងដល់អាយុជីវិត ដោយសារផ្នែកខ្លះនៃតំបន់នេះមានភ្លៀងធ្លាក់ច្រើនរហូតដល់កម្ពស់ជាង១.៣ ម៉ែត្រ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមកម្លេះ។
លោក David Crisafulli អភិបាលរដ្ឋ Queensland បានឱ្យដឹងថា ភ្លៀងធ្លាក់លើសកំណត់ត្រានឹងបន្តធ្លាក់ដល់ថ្ងៃចន្ទ ខណៈអ្នកឧតុនិយម ថា ជំនន់ទឹកភ្លៀងនេះអាចជាទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងតំបន់នេះក្នុងរយៈពេលជាង៦០ឆ្នាំមិនធ្លាប់មាន។
ពាក់ព័ន្ធទឹកជំនន់នេះស្ត្រីម្នាក់បានស្លាប់ នៅពេលនាងកំពិងជិះទូករបស់សេវាសង្គ្រោះបន្ទាន់ ដែលបានបុកដើមឈើ និងក្រឡាប់នៅក្រុង Ingham។ នាងគឺជាជនរងគ្រោះ ដែលកំពុងត្រូវបានជួយសង្គ្រោះនៅពេលនោះ ខណៈមនុស្ស៥នាក់ទៀតនៅលើទូកមានសុវត្ថិភាព។ ពាក់ព័ន្ធហេតុការណ៍នេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតផងដែរ។

ជាមួយគ្នានេះនៅក្រុង Townsville ផ្ទះចំនួន ២០០០ ខ្នងអាចនឹងត្រូវជន់លិច ខ្លះរហូតដល់ជាន់ទីពីរ ខណៈដែលកម្ពស់ទឹកទន្លេកើនឡើង។ មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ជាយក្រុង Townsville ត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថាប្រហែល ១០% នៃអ្នកស្រុកបានជ្រើសរើសបន្តស្នាក់នៅផ្ទះ។
ផ្នែកខ្លះនៃផ្លូវនៅលើមហាវិថីធំៗមួយបានដួលរលំ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានក្រុមជួយសង្គ្រោះ និងការបញ្ជូនថង់ខ្សាច់ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ ទន្ទឹមនឹងនេះ ផ្សារទំនើបបានអស់អាហារស្រស់ៗ ហើយផ្ទះរាប់ពាន់ខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងនៅក្រុង Ingham និងសហគមន៍ជនជាតិដើមភាគតិចនៃកោះ Palm ផងដែរ។ លើសពីនេះក៏មានការព្រមានដល់អ្នកស្រុកឲ្យប្រុងប្រយ័ត្នចំពោះសត្វក្រពើដែលលាក់ខ្លួនក្នុងទឹកជំនន់ និងនៅឲ្យឆ្ងាយពីជម្រកធម្មតារបស់វា។
គួរបញ្ជាក់ថាភាគខាងជើងរដ្ឋ Queensland ស្ថិតនៅតំបន់ត្រូពិចងាយដែលនឹងមានព្យុះស៊ីក្លូន ព្យុះ និងទឹកជំនន់។ អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា មហាសមុទ្រដែលកាន់តែក្តៅ និងភពផែនដីកាន់តែក្តៅ បង្កើតលក្ខខណ្ឌសម្រាប់បង្កឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


