Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ អនុញ្ញាតគ្រឹះស្ថានឧត្តមសិក្សាជាង ៥០ ទីតាំងបើកដំណើរការសាកល្បង

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាចំនួនជាង ៥០ ទីតាំង បើកដំណើរការបង្រៀន និងរៀនសាកល្បងឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី ២៦ ខែវិច្ឆិកានេះថា រហូតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ៥៥ ទីតាំងបើកដំណើរការសាកល្បងឡើងវិញ។

លោក រស់ សុវាចា បានបន្តថា៖ “គិតត្រឹមពេលនេះ មានគ្រឹះស្ថាន ៥៥ ទីតាំង បានទទួលការអនុញ្ញាតឱ្យបើកដំណើការសាកល្បងតាមផែនការរៀងៗខ្លួន ឈរលើអនុស្សារណៈនៃការយោគយល់ (MOU) រវាងគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងអប់រំ យុវជន និងកីឡា”។

លោក រស់ សុវាចា បានបន្តទៀតថា មុននឹងបើកដំណើរការសាកល្បងឡើងវិញគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ត្រូវដាក់ពាក្យស្នើសុំជាមុនសិន និងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួង។

លោកបានបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនត្រូវអនុវត្តន៍គោលការណ៍ ១១ ចំណុចសម្រាប់ការបើកដំណើរការឡើងវិញ កំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា÷

១. ត្រូវចាប់ផ្ដើមបើកដំណើរការជាកម្រិតសាកល្បងក្នុងទ្រង់ទ្រាយតូច និងអាចគ្រប់គ្រងបានតាមស្ថានភាពជាក់ស្ដែងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

២. ត្រូវគោរពតាមស្មារតីសេចក្តីណែនាំលេខ ៥០ ស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រួមទាំងវិធានការសុខាភិបាលនានា។

៣. ត្រូវធានាថានិស្សិតអាចទទួលបានការសិក្សាតាមបែបចម្រុះគឺរៀនក្នុងថ្នាក់ផង និងរៀនអនឡាញផងតាមគោលការណ៍ស្ម័គ្រចិត្ត។ និស្សិតដែលមិនស្ម័គ្រចិត្តមករៀននៅទីតាំងផ្ទាល់ត្រូវទទួលបានការរៀនអនឡាញ។

៤. ត្រូវវាយតម្លៃកម្រិតហានិភ័យជំងឺកូវីដ-១៩ តាមទីតាំងភូមិសាស្រ្តជាក់ស្ដែង។

៥. មានសិទ្ធិសម្រេចបន្តដំណើរការបង្រៀន និងរៀនតាមអនឡាញទាំងស្រុង ឬកំណត់កាលបរិច្ឆេទណាមួយសម្រាប់សាកល្បងបើកដំណើរការតាមស្ថានភាពជាក់ស្ដែង។

៦. ត្រូវកំណត់ចំនួនមិនឲ្យលើសពី ២០ នាក់ក្នុងមួយថ្នាក់សម្រាប់ដំណើរការ ដោយរក្សាគម្លាតសុវត្ថិភាព។

៧. ត្រូវបង្កើតគណៈកម្មការសុខភាពសិក្សា និងបន្ទប់សុខភាព។ បុគ្គលដែលមានវត្តមាននៅក្នុងបរិវេណគ្រឹះស្ថានសិក្សាត្រូវពាក់ម៉ាសជាប្រចាំ និងត្រូវពង្រឹងវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

៨. ត្រូវរៀបចំផែនការធ្វើតេស្តរហ័សសម្រាប់បុគ្គលិកអប់រំ និងនិស្សិតតាមលទ្ធភាព មុនពេលចាប់ផ្ដើមដំណើរការ។

៩. ត្រូវឱ្យមានការរៀន និងបង្រៀនក្នុងថ្នាក់ សម្រាប់បុគ្គលិកអប់រំ និងនិស្សិតដែលបានចាក់វ៉ាក់សាំង និងដែលគ្មានរោគប្រចាំកាយ។ បុគ្គលិកអប់រំ ឬនិស្សិតអាយុលើសពី ៥០ ឆ្នាំឡើង ឬដែលមានជំងឺប្រចាំកាយគួរបន្តបង្រៀន និងរៀនអនឡាញ។

១០. ត្រូវផ្អាកដំណើរការផ្នែកពាក់ព័ន្ធជាបណ្ដោះអាសន្ន និងចាត់វិធានការឆ្លើយតបជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ។

១១. ត្រូវដាក់សំណើស្ដីពីការសាកល្បងបើកដំណើរការមកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចុះអនុស្សារណៈនៃការយោគយល់។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី ២៦ ខែវិច្ឆិកានេះថា រហូតមកដល់ពេលនេះមានគ្រឹះស្ថានឧត្តមសិក្សាឯកជនប្រមាណ ៩០ ភាគរយហើយ បានបើកដំណើរការឡើងវិញ ខណៈ ១០ ភាគរយទៀតកំពុងរៀបចំឯកសារស្នើសុំទៅក្រសួងអប់រំ ព្រោះថាមានឯកសារជាច្រើនដែលត្រូវបំពេញ ហើយមុននឹងបើកដំណើរការ ត្រូវរៀបចំឯកសារឱ្យត្រូវជាមួយអ្វីដែលបានរៀបចំទៅតាមស្តង់ដារ SOP ស្របទៅតាមវិធានសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ម្យ៉ាងទៀតមុននឹងបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវចុះ MOU ជាមុនសិនជាមួយក្រសួងអប់រំទើបអាចបើកបាន។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១២៨ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមានចំនួន ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន ៨០ នៅតាមរាជធានីខេត្តចំនួន ២០ នៅទូទាំងប្រទេស។ ក្នុងនោះមានគ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ មានចំនួន ៨០ ក្នុងនោះមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ១៣ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ៦៧៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម