Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យត្រួតពិនិត្យករណី ន​គរបាលខ្លះឡើងសក្ដិ ១ឆ្នាំម្ដង ខណៈខ្លះទៀត ៥ឆ្នាំមិនទាន់​ឡើង

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្ដេចបានឲ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ករណីមន្ត្រីន​គរបាលខ្លះឡើងឋានន្តរសក្ដិ ១ឆ្នាំម្ដង ខណៈដែលមន្ត្រីនគរបាលខ្លះទៀត ៤ ទៅ៥ឆ្នាំហើយ មិនទាន់បានឡើងឋានន្តរសក្ដិម្ដងផង។

ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១០ ខែធ្នូនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា កាល ពីពេលថ្មីៗនេះ សម្ដេចបានអញ្ជើញចុះត្រួតពិនិត្យការងារ និងការវិវត្តន៍ថ្មីៗ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយសម្ដេចថានឹងខិតខំថែមទៀត ដើម្បីឲ្យស្ថាប័នបណ្ដុះបណ្ដា​លនគរបាលមួយនេះ ក្លាយជាស្ថាប័នកម្រិតស្ដង់ដារអន្តរ ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីក្លាយខ្លួនជានគរបាល ត្រូវតែរៀនសូត្រពីវិជ្ជាជីវៈនគរបាល​ ហើយបើមិនរៀន មិនមែនជានគរបាលនោះទេ។ ដូច្នេះត្រូវតែរៀន។ តាមសម្ដេចក្រឡា​ហោម ស ខេង ការផ្ទេរក្របខណ្ឌមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងស្ថាប័នកងកម្លាំងនគរបាល មិនមែនជាចេះតែបាននោះទេ ពោលគឺផ្ទេរបាន តែត្រូវចូលទៅរៀនសូត្រវិជ្ជាជីវៈនគរបាលសិន។

«ប៉ូលីសវាខុសពីប្រជាពលរដ្ឋ ត្រង់ថាវាមានសិទ្ធិកាន់កាំភ្លើង មានសិទ្ធិពាក់ឯកសណ្ឋានអញ្ចឹងណា៎! អញ្ចឹងវាត្រូវតែដឹង អំពីចំណេះវិជ្ជា ជំនាញប៉ូលីសហ្នឹង ត្រូវទៅរៀន អត់រៀនម៉េចកើត»។ នេះជាការបញ្ជាក់បន្ថែមពីសម្ដេចក្រឡាហោម ស ខេង។

ជាមួយគ្នានេះសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហើបដែរថា សម្ដេចបានឲ្យមន្ត្រីជំនាញត្រួតពិនិត្យ មន្ត្រីនគរបាល ដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យ រហូតដល់អគ្គស្នងការរងនគរបាលជាតិ ថាតើនរណាខ្លះ បានរៀនសូត្រវិជ្ជាជីវៈនគរបាលត្រឹមត្រូវ និងនរណាខ្លះ ដែលមិនទាន់បានរៀនសូត្រ។ នៅពេលរកឃើញថា មន្ត្រីនគរបាលរូបណា មិនទាន់បានរៀនសូត្រ គឺត្រូវរៀបចំឲ្យទៅរៀនសូត្រតែម្ដង។

ចំណែកឯបញ្ហាឋានន្តរសក្ដិ មន្ត្រីនគរបាលវិញ សម្ដេចក្រឡាហោម ស ខេង កំពុងឲ្យមន្ត្រីជំនាញធ្វើសវ​នកម្ម (Audit) ដោយសម្ដេចលើកឡើងថា មន្ត្រីនគរបាលខ្លះ ១ឆ្នាំឡើងឋានន្តរសក្ដិម្ដង រីឯខ្លះទៀត ៥ឆ្នាំហើយ មិនទាន់បានឡើងម្ដងឡើយ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «ស័ក្តិក៏ដូច​គ្នាដែរ កំពុងឲ្យធ្វើ Audit ស័ក្ដិ ឋានន្តរសក្ដិនគរបាល អ្នកខ្លះឡើង ១ឆ្នាំម្ដង តែអ្នកខ្លះ ៣ឆ្នាំ ៤ឆ្នាំ ៥ឆ្នាំ មិនទាន់ឡើងម្ដងទេ ចឹងវាមិនអយុត្តិធម៌បាត់ហើយ អយុត្តិធម៌ ចឹងត្រូវមើលឡើងវិញ ធ្វើ Auditទាំងអស់ សវនកម្មទាំងអស់ ហើយរកឃើញហើយ យើងចាត់ការ ដើម្បីដោះស្រាយ បើអញ្ចឹងវាអយុត្តិធម៌ ចំពោះបងប្អូននោះៗ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម