Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា​ ប្តូរផ្តាច់​ចំពោះ​យុទ្ធនាការ​ការពារ​បឹង​ទន្លេសាប​ឱ្យបាន​ជាដាច់ខាត

បានផុស

នៅ

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្តូរផ្តាច់​ចំពោះ​យុទ្ធនាការ​ការពារ​បឹង​ទន្លេសាប​ឲ្យ​បាន​ជាដាច់ខាត​ដោយ​បន្ត​ចាត់ វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជាបន្ទាន់​ចំពោះ​ការ​លួច​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​អានាធិបតេយ្យ​នៅ​តំបន់​ស្នូល​ផ្ទៃ​បឹង​ទន្លេសាប​និង​ការ​វាតទី​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ល្ងាច​ថ្ងៃទី ១៦ ខែធ្នូ ២០២១។

ជា​មួយ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មានការ​ដកហូត​យក​មក​ប្រគល់​ជូន​រដ្ឋ​វិញ​ជា​បន្តបន្ទាប់​នូវ​ដែនដី​ព្រៃ​លិច​ទឹក​ទាំងឡាយ​ណា​ដែល​កាន់កាប់​ដោយ​ខុសច្បាប់ នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដែល​រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ការ​កោតសរសើរ​នូវ​កិច្ច​ខិតខំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​និង​ជា ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន និង ផ្នែក​អធិការកិច្ច​នៃ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច អាជ្ញាធរ​ទន្លេសាប​ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បាន​ចុះ​ដោះស្រាយ​បញ្ហា​កាប់​ទន្ទ្រាន​ដែនដី ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប។

ចំណាត់ការ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នៅតែ​បន្ត​ធ្វើ​ឡើង​គិត​ចាប់តាំងពី​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨​វិច្ឆិកា​កន្លងមក​។ ទោះយ៉ាងណា​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយចំនួន​បញ្ជាក់ថា​ ទិន្នន័យ​ដែល​បាន​រកឃើញ​មកហើយ​នោះ​នៅ​ជា​តួលេខ​បឋម​នៅឡើយ ព្រោះថា​នៅ​ពេល​នេះ​ទឹក​នៅ​មិនទាន់​ស្រក​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​វាស់វែង​។

គួរ​បញ្ជាក់​ថា ​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ត្រូវ​បាន​រក​ឃើញ​ថា​ មានការ​ទន្ទ្រាន​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​លោក សុខ ទូច បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​។ បន្ទាប់មក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ស្រាវជ្រាវ​វែកមុខ​ជនល្មើស​និង​យកមក​ផ្តន្ទាទោស​តាមច្បាប់។ ភ្លាមៗ​ក៏​មាន​មន្ត្រី​ខ្លះ​និង​ប្រជា ពលរដ្ឋ​ខ្លះ​បាន​ចេញមក​សារភាព​និង​ប្រគល់​ផ្ទៃដី​ទាំងនោះ​ឲ្យ​មក​អាជ្ញាធរ​គ្រប់គ្រង​និង​ការពារ​ឡើងវិញ​៕

ដោយ​ ៖​ ណា​រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម