ព័ត៌មានជាតិ
រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី
រាជរដ្ឋាភិបាល បានប្រកាសលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់ពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលនាពេលខាងមុខ។ នេះបើយោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះកាលពីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។

ក្រសួងការងារ បានជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា យោងស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅព្រះរាជាណាចក្រថៃឡង់ដ៍ , យោងជំនួបទ្វេភាគី លោករដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោករដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃឡង់ដ៍ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី ២៨ (ALMM) នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ និង ជំនួបទ្វេភាគីរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៍ បានឯកភាពតាមសំណើរបស់ក្រសួងការងារថៃ លើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។

ក្រសួង បានបញ្ជាក់ថា ការលើកលែងតម្លៃសេវានេះ គឺផ្តល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន/លិខិត ធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើសពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ ការលើកលែងនេះ ក៏បូករួមទាំងកូនក្រោមអាយុ ១៨ ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃដោយរលូន សូមពលករខ្មែរត្រូវធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ ត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន/លិខិតធ្វើដំណើរ TD ដែលមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដោយមិនចាំបាច់បំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាត ចេញ-ចូលប្រទេសថៃ (Re-Entry Permit)។ ត្រូវធ្វើដំណើរចូលប្រទេសថៃវិញយ៉ាងយូរត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ ករណីធ្វើដំណើរចូលប្រទេសថៃវិញ ក្រោយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ពលករត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) មុនធ្វើដំណើរចេញពីប្រទេសថៃ ដោយគិតតម្លៃសេវាជាធម្មតា បើមិនដូច្នេះ ទិដ្ឋាការការងារ (Non-Immigration L-A Visa) របស់ពលករខ្មែរ នឹងអស់សុពលភាព។

បន្ថែមលើនេះ ក្រសួងការងារ ក៏បានសហការជាមួយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថានឯកអគ្គរាជទូតកម្ពុជា/អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកស្ថានឯកអគ្គរាជទូត/អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈទូរសព្ទលេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៦២ ០៨៩ ៨៩១៨ និង +៦៦ ៩២ ២៩៩ ០១៣៣ ឬតាមរយៈប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជាលេខ “១២៨៦” ឬ “១២៩៧” ឬលេខទូរសព្ទ ០៩៧ ៩២០ ២០២៣ ឬក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” តាមតំណភ្ជាប់ https://t.me/KhmerMigrantWorker។
ក្រសួងការងារ សូមជូនពរដល់ពលករខ្មែរធ្វើដំណើរប្រកបដោយសុវត្ថិភាពពីតំបន់ផ្សេងៗ នៃប្រទេសថៃមកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជាទៅស្រុកកំណើត៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


