Connect with us

ព័ត៌មានជាតិ

ស្ថានទូតបារាំង​ប្រចាំកម្ពុជា​ទទួលស្វាគមន៍​គ្រូពេទ្យវ័យក្មេង​កម្ពុជា ៧៩ នាក់ ​ត្រលប់​មក​ពីប្រទេស​បារាំង​

បានផុស

នៅ

ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ​បានរៀបចំពិធីទទួលស្វាគមន៍​គ្រូពេទ្យ​វ័យក្មេង​កម្ពុជា​ចំនួន​៧៩នាក់ ដែល​បានបញ្ចប់​កម្មសិក្សារយៈពេលមួយឆ្នាំនៅ​តាមមន្ទីរពេទ្យនានា​នៅប្រទេសបារាំង ដែលនៅទី​នោះ​ពួកគេបានផ្តល់ការជួយជ្រោមជ្រែងដ៏មាន​តម្លៃ​ដល់គ្រូពេទ្យ​បារាំង ព្រមទាំងបានរៀនសូត្រពីក្រុមគ្រូពេទ្យ​ដ៏មាន​បទ​ពិសោធន៍ទាំងនោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីខាងលើ មានការចូលរួមពីសំណាក់អ្នកប្រកបអាជីពក្នុងវិស័យសុខាភិបាលកម្ពុជា-បារាំង​ជាច្រើននាក់ គឺជាឱកាសសម្រាប់​គូស​បញ្ជាក់​អំពីតួនាទីដ៏សំខាន់របស់ក្រុមគ្រូពេទ្យ ដែលបាន​បំពេញ​ការងារជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩ ក៏ដូចជាបំពេញការងារលើសមរភូមិនានា​នៃវិស័យសុខាភិបាលដើម្បីព្យាបាលអ្នកជំងឺ។ ​

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានរំលឹកអំពី​សារសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាងប្រទេសបារាំង និងកម្ពុជាក្នុង​វិស័យសុខាភិបាល ដែលកាន់​តែ​មានអត្ថន័យថែមទៀតនៅក្នុងបរិបទបច្ចុប្បន្ននៃវិបត្តិកូវីដ១៩។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរគ្រូពេទ្យវ័យក្មេងខាងលើ ហើយបានថ្លែងអំណរគុណចំពោះ​ដៃគូកម្ពុជា ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។

សុខាភិបាលស្ថិតនៅក្នុងចំណោម​វិស័យនានានៃភាពជាដៃគូដែលមានតាំងពីយូរ​លង់ណាស់មកហើយរវាង​បារាំង និងកម្ពុជា ហើយក៏ជាវិស័យដ៏រស់រវើក និងសំខាន់បំផុតមួយផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជាង៩០០នាក់បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យកជំនាញវេជ្ជសាស្រ្ត​   ផ្សេងៗក្នុងក្រប​ខ័ណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/វេជ្ជសាស្រ្តជាន់ខ្ពស់)។

ក្នុងចំណោម៤៤ប្រទេស កម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូននិស្សិតទៅសិក្សាផ្នែកសុខាភិបាលនៅបារាំងច្រើនជាងគេ។

ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា តាមរយៈការផ្តល់ជំនួយដល់គម្រោងនានា និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារនៅកម្ពុជា ដូចជាអ្នកជំនាញរបស់     ទីភ្នាក់​ងារ​ ANRS (ទីភ្នាក់ងារជាតិបារាំងសម្រាប់ការស្រាវជ្រាវវិស័យសុខាភិបាល)។

ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ដល់មូលនិធិសាកលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាយ៉ាងហោចណាស់​១០៨លានដុល្លារសម្រាប់​ឆ្នាំ២០២១-២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម