ព័ត៌មានជាតិ
CCIFC នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅខែកក្កដា ខាងមុខនេះ
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ពិធីបើកវេទិកានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងក្នុងសន្និសីទសាព័ត៌មាន ស្តីពី ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក Jacques Pellet ឯកគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា វេទិកាធុរកិច្ចនេះ ធ្វើឡើងក្រោមកិច្ចសហការ ជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។ ព្រឹត្តិការណ៍ខាងលើ នឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ ក្នុងនោះ តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងមានវត្តមាន ដូចជា ក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្លឹក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
លោកឯកគ្គរដ្ឋទូត បានបញ្ជាក់ថា វេទិកាធុរកិច្ចលើកទី២ នេះ នឹងជួយពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ ហើយក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។

លោកបន្ថែមថា ក្នុងងអំឡុងវេទិកាធុរកិច្ចនេះ កិច្ចពិភាក្សាតាមប្រធានបទផ្សេងៗនឹងអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក កសិអាហារ កសិកម្ម សុខាភិបាល និងថាមពល។ បទបង្ហាញនឹងត្រូវធ្វើឡើងដោយតំណាងក្រសួងពាក់ព័ន្ធនីមួយៗ។ វេទិកានេះ ក៏មានបទបង្ហាញអំពីចក្ខុវិស័យសេដ្ឋកិច្ច និងគតិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហិរញ្ញប្បទានសាធារណៈ និងឯកជនផងដែរ។ កិច្ចពិភាក្សាតុមូលនឹងអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាលម្អិតអំពីកាលានុវត្តភាពក្នុងវិស័យអាទិភាពដូចជា ទេសចរណ៍ ឌីជីថល ការចែកចាយ សំណង់ សុខាភិបាល ថាមពល កសិកម្ម ឡូជីស្ទិក ដឹកជញ្ជូន និងបរិស្ថាន។
ដោយឡែក នៅថ្ងៃទី៣ នៃវេទិកានឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីទីតាំងសេដ្ឋកិច្ច សំខាន់ៗនៅក្រុងព្រះសីហនុ និងជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានៅទីនោះ។ វេទិកាធុរកិច្ចកម្ពុជា-បារាំង ឆ្នាំ២០២៤ គឺ ជាកាតាលីករមួយនៃកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីថ្មីៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។

សូមជម្រាបថា អស់រយៈពេលប្រមាណ ២ឆ្នាំ មកហើយ ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង មានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពី សករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។
កិច្ចព្រមព្រៀងខាងលើក៏បង្ហាញឱ្យឃើញផងដែរពីការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន។ ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺ ជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ ៣១% ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។
ចំណែក ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានទំហំទឹកប្រាក់ ១ ១៩២ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេស ក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។ ក្នុងទំហំប្រមាណ ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំង នៅកម្ពុជា (ជាង ៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា។ តួលេខទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ