ព័ត៌មានជាតិ
អ្នកវិភាគនៅកម្ពុជា ៖ រុស្ស៊ីមិនមានជម្រើសច្រើន ក្រៅតែពីការវាយចូលអ៊ុយក្រែន នោះទេ
អ្នកវិភាគនៅកម្ពុជា បានលើកឡើងថា ក្រុមបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងអង្គការណាតូ ហាក់ដូចជាមិនផ្ដល់ជម្រើសច្រើនឲ្យរុស្ស៊ី មានលទ្ធភាពដើម្បីអង្គុយចរចាជាមួយគ្នានោះទេ។ ដូច្នេះហើយ ទើបប្រទេសរុស្ស៊ីមិនមានជម្រើសច្រើន ក្រៅតែពីការវាយចូលប្រទេសអ៊ុយក្រែននោះ។ យ៉ាងណាក៏ដោយ បញ្ហាអ៊ុយក្រែន និងរុស្ស៊ីនេះ មិនអាចអូសបន្លាយយូរអង្វែងនោះទេ ពោលគឺនឹងដល់ពេលវេលាមួយ ត្រូវជជែកចរចាគ្នាបន្តទៀត។
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានបញ្ជាឲ្យវាយប្រហារប្រទេសអ៊ុយក្រែន ហើយនិយាយថា លោកចង់បានតំបន់គ្មានយោធា និងមិនកាន់កាប់ប្រទេសឡើយ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានប្រាប់កងទ័ពអ៊ុយក្រែនឲ្យទម្លាក់អាវុធចុះ ហើយវិលត្រលប់ទៅផ្ទះវិញ នៅពេលលោកប្រកាសសង្រ្គាមលើអ៊ុយក្រែន។
លោក ពូទីន និយាយថា រុស្ស៊ីមិនអាចរងការគំរាមកំហែងឥតឈប់ឈរ ចេញពីទឹកដីអ៊ុយក្រែនបានទេ ហើយការប៉ះទង្គិចគ្នារវាងទាហានរុស្ស៊ី និងទាហានអ៊ុយក្រែនគឺ “ចៀសមិនរួចឡើយ”។ ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីសុន្ទរកថាជាសាធារណៈរបស់លោក ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានីគៀវ ក៏ដូចជាទីក្រុង Kramatorsk កណ្តាលប្រទេសអ៊ុយក្រែន និងទីក្រុង Odessa នៅភាគខាងត្បូងផងដែរ។


លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែកុម្ភៈនេះថា ស្ថានភាពនៅអ៊ុយក្រែននាពេលនេះ គឺជាវិបត្តិសន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ លោកថា រុស្ស៊ីមិនមានជម្រើសច្រើន ក្រៅតែពីការវាយចូលប្រទេសអ៊ុយក្រែននោះទេ ដែលនេះជាស្ថានភាពចាប់បង្ខំ ដោយសារតែក្រុមបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងអង្គការណាតូ ហាក់ដូចជាមិនផ្ដល់ជម្រើសច្រើនឲ្យរុស្ស៊ី មានលទ្ធភាពដើម្បីអង្គុយចរចាជាមួយគ្នា ដោយសុទិដ្ឋិនិយមឡើយ។
ដូច្នេះហើយ រុស្ស៊ីមានជម្រើសតែមួយគត់ គឺត្រូវតែប្រើប្រាស់កម្លាំង ដើម្បីយកប្រៀបសម្រាប់ការចរចានាពេលខាងមុខ។ ទោះជាបែបណាក៏ដោយ លោកបណ្ឌិត គិន ភា បានមើលឃើញថា សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី មិនអាចអូសបន្លាយយូរអង្វែងនោះទេ ពោលគឺនឹងដល់ពេលវេលាមួយ ត្រូវជជែកចរចាគ្នាបន្តទៀត ហើយសម្រាប់នាពេលនេះ រុស្ស៊ីហាក់ដូចជាមានប្រៀបធៀប ហើយអង្គការណាតូក៏មិនទាន់អាចធ្វើអ្វីបាន ពីព្រោះតែអ៊ុយក្រែនមិនមែនជាសមាជិក របស់ណាតូនោះទេ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់បន្ថែមថា «ខ្ញុំយល់ថា រុស្ស៊ីក្តី ក៏ប្រហែលជាគាត់មិនអាចរ៉ាំរ៉ៃជាមួយសង្គ្រាមដែរ គាត់ក៏ត្រូវការស្ដារសេដ្ឋកិច្ចឡើងវិញដែរ អញ្ចឹងទេការវាយលុកនេះ គឺជាការវាយលុក ដើម្បីយកប្រៀបធៀប ទៅលើតុចរចានាពេលខាងមុខ ហើយយើងជឿជាក់ថា ណាតូគាត់មិនអាចផុងខ្លួនសង្រ្គាមជាមួយរុស្ស៊ីដែរ ពីព្រោះវាអត់មានលក្ខន្តិកៈ ដែលណាតូអាចចូលមកសង្រ្គាមនេះបាន សហរដ្ឋអាមេរិក ក៏អត់អាចចូលនៅក្នុងសង្រ្គាម មកដល់ថ្ងៃនេះយើងអត់ទាន់ឃើញ សហរដ្ឋអាមេរិក អត់ទាន់ឃើញណាតូ អត់ទាន់ឃើញប្រទេសអឺរ៉ុបណាមួយ គឺបានបោះដៃជួយអ៊ុយក្រែនដោយផ្ទាល់ នៅក្នុងសង្គ្រាមនេះនៅឡើយទេ បានត្រឹមចេញសេចក្ដីថ្លែងការណ៍ ចេញកញ្ចប់ទណ្ឌកម្មផ្សេងៗ ប៉ុន្តែជារូបភាពយោធា គឺអត់ទាន់មានប្រទេសណាមួយចេញទេ»។
ចំណែកឯលោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានស្ថានការណ៍ព័ត៌មានអន្តរជាតិ បានមើលឃើញថា ស្ថានភាពនៅប្រទេសអ៊ុយក្រែន បានឈានដល់ជំហានទីពីរហើយ បន្ទាប់ពីជំហានទីមួយ កើតឡើងតាមរយៈការកំញើញគ្នាទៅវិញទៅមក ការតស៊ូមតិ ការទាមទារ នៅគ្រប់លក្ខខណ្ឌទាំងអស់ រវាងភាគីពាក់ព័ន្ធ។
លោកថា ស្ថានភាពនៅប្រទេសអ៊ុយក្រែន គឺកើតចេញពីចំណុចពីរ គឺទីមួយប្រទេសក្នុងតំបន់អឺរ៉ុប មានការសម្របសម្រួលច្រើន ជាមួយប្រទេសរុស្ស៊ី។ រីឯអាមេរិកតែងតែចាក់សាំងបន្ថែម នៅក្នុងស្ថានការណ៍នៃប្រទេសអ៊ុយក្រែននេះ ដែលនេះជាជំហានទីមួយ។ ចំពោះជំហានទីពីរ គឺការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រោយពីតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន បានប្រកាសផ្ដាច់ខ្លួន ហើយរុស្ស៊ី បានប្រកាសគាំទ្រ។

ជាមួយគ្នានេះ ក៏មានការដាក់សម្ពាធជាច្រើនមកលើប្រទេសរុស្ស៊ី។ ដូច្នេះហើយ ទើបរុស្ស៊ីចាប់ផ្ដើមការវាយលុកទៅលើប្រទេសអ៊ុយក្រែនតែម្ដង ដែលនេះជាជំហានទីពីរ។ លោក ជា ច័ន្ទបរិបូរណ៍ បានបន្ថែមថា ចំពោះជំហានទីបី គឺយើងមើលមិនទាន់ឃើញ តែប្រសិនបើអង្គការណាតូ និងអាមេរិក មិនលូកដៃ ឬក៏មិនអន្តរាគមន៍ ជួយប្រទេសអ៊ុយក្រែនទៅលើយោធា ទេនោះ គឺនឹងអាចស្ថិតក្នុងស្ថានភាពមិនរីករាលដាលខ្លាំង។
ប៉ុន្តែប្រសិនបើអង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិក ចេញមុខអន្តរាគមន៍យោធាជួយអ៊ុយក្រែននោះ នឹងអាចក្លាយជារឿងធំ រហូតដល់អាចផ្ទុះសង្រ្គាមនុយក្លែអ៊ែរ ផងក៏ថាបានដែរ។ អ្នកតាមដានស្ថានការណ៍ព័ត៌មានអន្តរជាតិ លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងទៀតថា ទោះបីជាសង្គ្រាមកើតឡើងនៅអ៊ុយក្រែនក៏ពិតមែន តែវាអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច, នយោបាយ និងជាពិសេសការហក់ឡើងនៃតម្លៃប្រេងសាំង ជាដើម។ លើសពីនេះទៀត ស្ថានភាពនៅប្រទេសអ៊ុយក្រែន បានបង្ហាញដល់ប្រទេសកម្ពុជាយើង កាន់តែមើលឃើញអំពីតម្លៃសន្តិភាព ដែលមានសារៈសំខាន់ និងបង្ហាញឲ្យឃើញចំណុចមួយទៀតថា តើមេដឹកនាំដែលឆ្លាតវៃប៉ុណ្ណា ដើម្បីបញ្ជៀសសង្គ្រាមពីប្រទេសរបស់ខ្លួន។
បើតាមលោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ ដើមចមដែលនាំឲ្យរុស្ស៊ី វាយចូលប្រទេសអ៊ុយក្រែន គឺពាក់ព័ន្ធនឹងសមាជិកភាព របស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ និងការធានាដែលរុស្ស៊ីស្នើទៅណាតូ ក៏ដូចជាសហរដ្ឋអាមេរិក អំពីបញ្ហាសន្តិសុខរបស់ខ្លួន គឺបន្ទាត់ក្រហមរបស់រុស្ស៊ី ដែលដាក់ទៅដល់អាមេរិក និងណាតូនោះ គឺមិនឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូ ពីព្រោះបើសិនជាអ៊ុយក្រែននៅតែមានការប៉ុនប៉ង ក្នុងចូលណាតូគឺរុស្ស៊ីយល់ថា សន្តិសុខជាតិរបស់ខ្លួន នឹងត្រូវរងការគំរាមកំហែង។
ចំណែកឯអង្គការណាតូវិញ បានដាក់បន្ទាត់ក្រហមមួយថា បើសិនជារុស្ស៊ី ឈ្លានពានអ៊ុយក្រែន គឺនឹងមានវិធានការឆ្លើយតបដ៏ស៊ីជម្រៅមួយ ហើយឥឡូវនេះយើងឃើញថា រុស្ស៊ីហាក់ដូចជាបានដើរក្នុងជំហានមួយ ដែលជាបន្ទាត់ក្រហមរបស់អង្គការណាតូ។ ប៉ុន្តែតាមលទ្ធផល មកដល់ពេលនេះ យើងមិនទាន់ឃើញ ណាតូ ឆ្លើយតបបែបណាមួយ ក្នុងយុទ្ធនាការយោធានោះទេ ដោយសារតែអ៊ុយក្រែន មិនទាន់ជាសមាជិករបស់ណាតូ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ