ព័ត៌មានជាតិ
ត្រៀមថ្នាំអាបេត ១០០ តោន ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ទប់ស្កាត់ជំងឺគ្រុនឈាម
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែមីនានេះថា ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនៅឆ្នាំនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមថ្នាំអាបេតប្រមាណ ១០០ តោន សេរ៉ូម ៦ ទៅ ៧ម៉ឺន ប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំស្តីពី ជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ត្រឹមរយៈពេល ២ខែនេះ មានករណីជំងឺគ្រុនឈាមចំនួន ៣១៥ ករណី និងមិនមានអ្នកស្លាប់ទេ។ តួលេខនេះបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅឃើញថា មានចំនួនប្រហាក់ប្រហែលគ្នា និងមិនមានអ្នកស្លាប់ដូចគ្នាដែរ។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ករណីជំងឺគ្រុនឈាមអាចនឹងមានការកើនឡើងខ្ពស់ដោយសារកត្តាប្រែប្រួលអាកាសធាតុ ពិសេសអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន ដោយឆ្នាំ២០២២នេះ ជាឆ្នាំទី៣ស្ថិតក្នុងវដ្តឆ្នាំមានការផ្ទុះជំងឺគ្រុនឈាមមានលក្ខណៈទ្រង់ទ្រាយធំដែលតែងតែផ្ទុះឡើងរយៈពេល៥ឆ្នាំម្តង។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់សាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមសំអាតអនាម័យនៅជុំវិញលំ នៅដ្ឋាន និងទីសាធារណៈឱ្យបានស្អាតដូចជា លប់បំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗ និងរាល់វត្ថុដែលអាចដក់ទឹកបាន ព្រោះវាជាជម្រកនៃការកកើតដង្កូវទឹកដែលវិវត្តទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដើម្បីការពារកុំឱ្យឆ្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។

លោកប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមរូបនេះ បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបបើសង្ស័យថាមានជំងឺគ្រុនឈាមដូចជា មានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សារ និងមានរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលទាន់ពេលវេលា។
យោងតាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងថា ឆ្នាំ២០២១ មានកុមារ និងមនុស្សពេញវ័យឆ្លងជំងឺគ្រុនឈាមចំនួន ១ ៨១១ ករណី និងស្លាប់ ៨ ករណី មានការថយចុះប្រហែលជាង ៦ ដង បើធៀបនឹងឆ្នាំ ២០២០ កន្លងទៅ មានចំនួនរហូតដល់ទៅ ១១ ៦៩៩ ករណី និងស្លាប់ចំនួន ១៦ ករណី។
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានបញ្ជាក់ថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះបណ្តាលមកពីប្រជាជនមានការយល់ដឹងច្រើន បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវារបស់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះអាចបណ្តាលមកពីការអនាម័យខ្លួនប្រាណ លាងសំអាតដៃញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែល ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ក៏ជាកក្តាមួយនាំឱ្យជំងឺគ្រុនឈាមមានការថយចុះផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


