សុខភាព
មន្ត្រីជាន់ខ្ពស់ ៖ ឆ្នាំនេះ កម្ពុជា អាចមានជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បានល្អទេ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការប៉ាន់ស្មានសន្ទុះ នៃជំងឺគ្រុនឈាមនៅឆ្នាំ ២០២៥ នេះ កម្ពុជា អាចមានករណីជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ខណៈឆ្នាំ ២០២៤ កន្លងទៅ ប៉ាន់ស្មានត្រឹម ៧៥ ០០០ ករណី។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ កុម្ភៈ នេះថា ការប៉ាន់ស្មានករណីជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ ករណីនេះ ដោយសារឆ្នាំ ២០២៥ នេះ ស្ថិតក្នុងឆ្នាំដែលអាចនឹងផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ បន្ទាប់ពីជំងឺគ្រុនឈាមបានផ្ទុះលើកចុងក្រោយនៅឆ្នាំ ២០១៩ កន្លងទៅ។

លោកវេជ្ជបណ្ឌិត បានបន្តថា «ជាធម្មតាជំងឺគ្រុនឈាមតែងតែមានការផ្ទុះរៀងរាល់ ៥ ឆ្នាំ ម្តង តែឆ្នាំ ២០២៤ ដែលត្រូវផ្ទុះយើងបានទប់ស្កាត់បានជោគជ័យពីការប៉ាន់ស្មានថា នឹងកើតមាន ៧៥ ០០០ ករណី មកត្រឹម ១៨ ៧៤២ ករណី និងស្លាប់ចំនួន ៤៥ ករណី។ មានន័យថា ឆ្នាំ ២០២៤ យើងបានកាត់បន្ថយមិនឱ្យប្រជាពលរដ្ឋឆ្លងជំងឺគ្រុនឈាមប្រមាណពី ៤ ម៉ឺន ទៅ ៥ ម៉ឺនករណី។ ដូចនេះយើងរំពឹងថា ឆ្នាំ ២០២៥ នេះ ជំងឺគ្រុនឈាម អាចនឹងផ្ទុះដោយសារវាមានការប្រែប្រួលមុន ឬ ក្រោយ ១ ឆ្នាំ បន្ទាប់ពីផ្ទុះទ្រង់ទ្រាយធំចុងក្រោយ»។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា តាមការប៉ាន់ស្មានសន្ទុះ នៃជំងឺគ្រុនឈាមនៅឆ្នាំ ២០២៥ នេះ អាចមានករណីជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើយើងមិនបានធ្វើអន្តរាគមន៍បែបបុរេសកម្មបានល្អ និងមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ដាក់ក្តីសង្ឃឹមថា ឆ្នាំ ២០២៥ នេះ នឹងអាចទប់ស្កាត់ជំងឺគ្រុនឈាមបានជោគជ័យដូចឆ្នាំ ២០២៤ ដែរ ដោយសារស្ថានភាពជំងឺគ្រុនឈាមចាប់ពីខែមករា រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មានលក្ខណៈល្អប្រសើរជាងការរំពឹងទុកដោយមានករណីជំងឺគ្រុនឈាមចំនួន ៦៤០ ករណី មិនមានអ្នកស្លាប់ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការថយចុះ ៦៨% ក្នុងចំណោមករណីជំងឺគ្រុនឈាម ១ ៩៨៦ ករណី និងស្លាប់ ៦ ករណី។
ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនេះដែរ លោកវេជ្ជបណ្ឌិត បានអំពាវនាវអាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬ ត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬ ចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំណែកម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការិនីទាំងអស់ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាតនៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើងដែលអាចងាយនឹងខាំយើង។
លោកវេជ្ជបណ្ឌិត បានណែនាំទៀតថា ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង ៤៨ ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗ នេះ ដោយខ្លួនឯង ឬ ពន្យារពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ ព្រោះអាចធ្វើឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិតបាន៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


