ព័ត៌មានជាតិ
ដើមឆ្នាំនេះ កម្ពុជា មានអ្នកជំងឺគ្រុនឈាមជាង ៦០០ ករណី ថយចុះជិត ៧០%
នៅដើមឆ្នាំ ២០២៥ នេះ ស្ថានភាពជំងឺគ្រុនឈាមមានលក្ខណៈល្អប្រសើរ ដោយមានករណីជំងឺគ្រុនឈាមជាង ៦០០ ករណី មិនមានអ្នកស្លាប់ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ កន្លងទៅ ថយចុះជិត ៧០% ក្នុងចំណោមករណីជំងឺគ្រុនឈាមជិត ២ ពាន់ករណី និងស្លាប់ ៦ ករណី។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ កុម្ភៈ នេះថា ចាប់ពីខែមករា រហូតមកដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីជំងឺគ្រុនឈាមចំនួន ៦៤០ ករណី មិនមានអ្នកស្លាប់ទេ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការថយចុះ ៦៨% ក្នុងចំណោមករណីជំងឺគ្រុនឈាម ១ ៩៨៦ ករណី និងស្លាប់ ៦ ករណី។

លោកវេជ្ជបណ្ឌិត បានបន្តថា តាមការប៉ាន់ស្មាន កម្ពុជា ត្រូវផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំ ២០២៤ បន្ទាប់ពីកម្ពុជាបានផ្ទុះចុងលើកចុងក្រោយនៅឆ្នាំ ២០១៩។ ប៉ុន្តែដោយសារឆ្នាំមុន ក្រសួងសុខាភិបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ បានចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមបានជោគជ័យ ដោយមានករណីជំងឺគ្រុនឈាមចំនួន ១៨ ៧៤២ ករណី និងស្លាប់ចំនួន ៤៥ នាក់ បើធៀបទៅនឹងឆ្នាំ ២០២៣ មានការថយចុះចំនួន ១៦ ០២០ ករណី ឬ ស្មើនឹង ៤៦% ក្នុងចំណោម ៣៤ ៧៦២ ករណី ស្លាប់ចំនួន ៩៤ នាក់ ថយចុះ ៥១ នាក់ ឬ ៥៣%។ មានន័យថា ឆ្នាំ ២០២៤ យើងបានកាត់បន្ថយមិនឱ្យប្រជាពលរដ្ឋឆ្លងជំងឺគ្រុនឈាមប្រមាណពី ៤ ទៅ ៥ ម៉ឺនករណី តាមការប៉ាន់ស្មានសន្ទុះ នៃជំងឺគ្រុនឈាម ៧៥ ០០០ ករណី។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា សម្រាប់ឆ្នាំ ២០២៥ នេះ អាចជាឆ្នាំផ្ទុះជំងឺគ្រុនឈាមម្តងទៀត បន្ទាប់ពីប៉ាន់ស្មានថានឹងផ្ទុះនៅឆ្នាំ ២០២៤ ព្រោះបន្ទាប់ពីឆ្នាំ ២០១៩ នៅ ៥ ឆ្នាំក្រោយ ជំងឺគ្រុនឈាមអាចផ្ទុះមុន ១ ឆ្នាំ ឬ ក្រោយ ១ ឆ្នាំ ប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។ តាមការប៉ាន់ស្មានសន្ទុះ នៃជំងឺគ្រុនឈាមនៅឆ្នាំ ២០២៥ អាចមាន ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើមិនធ្វើអន្តរាគមន៍បែបបុរេសកម្ម និងមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានបង្ហាញនូវក្តីសង្ឃឹមថា ឆ្នាំ ២០២៥ នេះ នឹងមានវិធានការទប់ស្កាត់បានល្អដូចឆ្នាំ ២០២៤ កន្លងទៅ ក្រោមការចង្អុលបង្ហាញ និងលើកទឹកចិត្តជាប្រចាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រាប់គ្រប់សកម្មភាពអន្តរាគមន៍បែបបុរេសកម្មប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ។ ជាងនេះ ការផ្តល់សេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋប្រកបដោយសារគុណភាព និងសមត្ថភាព ក្នុងការព្យាបាលជំងឺគ្រុនឈាមមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការដាក់ថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសបានទាន់ពេលវេលាសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីវិធានការអនាម័យ និងបរិស្ថាននៅតាមសហគមន៍បានល្អប្រសើរដូចជា សំអាតលំនៅដ្ឋានបានស្អាត លុបបំបាត់ ឬ ដុតកម្ទេចចោល ឬ ទុកដាក់មានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជា សំបកកង់ឡាន សំបកដប កំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រ ដែលជាជម្រក នៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ