ព័ត៌មានជាតិ
មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានលើកឡើងពីការព្រួយបារម្ភអំពីជំងឺគ្រុនឈាម រួមជាមួយនឹងការកើនឡើងនៃចំនួនសត្វមូស។ ទោះយ៉ាងណា ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមក្នុងតំបន់នៅតែស្ថិតក្នុងការគ្រប់គ្រងបាន ខណៈរដ្ឋបាលខណ្ឌទាំង ១៤ បានចេញប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់ជម្រូកមូស ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី៧ ខែកុម្ភៈនេះ លោក ងី មានហេង បានថ្លែងប្រាប់ថា បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតនៅក្នុងស្ថានភាពដែលយើងគ្រប់គ្រងបាន បើទោះបីជាចំនួនសត្វមូសមានការកើនឡើងក្តី។ លោកបញ្ជាក់ថា៖ «បើយើងធៀបករណីគ្រុនឈាមក្នុងខែមករា ឆ្នាំ២០២៥ នេះ មានធៀបឆ្នាំ២០២៤ តិចជាងឆ្ងាយ។ អ៊ីចឹង!អត់មានអីគួរឱ្យបារម្ភទេ ដោយសារតែចំនួននេះស្ថិតក្នុងស្ថានភាពមួយដែលគ្រប់គ្រងបាន។ និយាយឱ្យខ្លីជំងឺគ្រុនឈាមមិនមានបញ្ហាដែលគួរឱ្យបារម្ភចំពោះរាជធានីភ្នំពេញទេ»។
លោកកត់សម្គាល់ថា ចំនួនអ្នកកើតជំងឺគ្រុនឈាមថ្មីនៅភ្នំពេញពិតជាមាន ប៉ុន្តែចំនួនដែលកើតថ្មីនេះមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភ ហើយមិនមានការរាតត្បាតនោះឡើយ។ លោកបញ្ជាក់ថា៖«ជំងឺគ្រុនឈាមអាចឆ្លងបានលុះត្រាតែមានភ្នាក់ងារចម្លង គឺមូសខ្លា រីឯមូសបច្ចុប្បន្ននេះមានទាំងមូសខ្លា និងមូសអង្កាម តែខ្ញុំជឿថាមូសខ្លាមានតិចព្រោះករណីគ្រុនឈាមមានតិច។ចឹងភាគច្រើនមូសសព្វថ្ងៃនេះ គឺមូសអង្កាម»។

លោកបញ្ជាក់ថា មូសដែលមានការកើនឡើងនាពេលបច្ចុប្បន្ននេះ គឺជាមូសអង្កាម ពុំមានជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ។ លោកពន្យល់ថា៖«មូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ តែមូសអង្កាមពេលខាំយើង ធ្វើឱ្យបង្កភាពរំខានដល់មនុស្ស។ទោះជាមានច្រើនក៏ដោយ យើងមិនបារម្ភអំពីការចម្លងជំងឺគ្រុនឈាមនោះទេ»។
រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមយុទ្ធនាការកម្ចាត់មូសនៅទូទាំង១០៥ខណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមករា។បន្ថែមលើនេះ នៅថ្ងៃទី៥ ខែកុម្ភៈ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំដល់មន្ត្រីសុខាភិបាលខណ្ឌ និងមណ្ឌលសុខភាព ធ្វើការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានមន្ទីរសុខាភិបាល។

លោក ងី មានហេង បញ្ជាក់បន្ថែមថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងស្នើសុំគោលការណ៍បន្ថែមពីលោកអភិបាលរាជធានីភ្នំពេញ ដើម្បីដឹកនាំឱ្យសហគមន៍ចូលរួមលុបបំបាត់ជម្រកមូស។ លោកបន្តថា ៖«ការលុបបំបាត់ជម្រកមូសនេះដែរ គឺត្រូវការការចូលរួមពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ថ្លុកដក់ទឹកដែលជាជម្រកមូស និងសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបាន៣០០ម៉ែត្រ គ្រប់ៗគ្នា ទើបអាចកាត់បន្ថយការកកើតមូសទាំងនេះបាន»។
បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ អនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងមូសអង្កាម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


