Connect with us

ព័ត៌មានជាតិ

អតីតបុគ្គលិកណាហ្គា​ ៣នាក់ នឹង​ត្រូវដោះលែង​ឱ្យ​នៅក្រៅឃុំ​នាពេល​ឆាប់ៗ​នេះ

បានផុស

នៅ

ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​មានក្តីរំពឹងថា​ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍​ ចំនួន ៣ នាក់​ដែលកំពុងជាប់ឃុំ​ អាចនឹង​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ ក្រៅឃុំជា​បណ្តោះអាសន្ន​នា​ពេល​ ឆាប់ៗ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីបំភ្លឺ​របស់ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ចុះថ្ងៃទី១៧ មីនា​នេះបាន​ឱ្យដឹងថា​ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិក​នៃក្រុមហ៊ុនណាហ្គាវើលដ៍​ចំនួន ៣នាក់​ រួម​មាន​ឈ្មោះ​លោក ជួប ចាន់ណាត​ លោក សេង វណ្ណារិទ្ធ និងលោក សៅ សម្បត្តិ បានធ្វើលិខិត​​មកក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំជួយផ្ដល់កិច្ចអន្តរាគមន៍​តាមផ្លូវច្បាប់​ឱ្យពួក​គាត់​បាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីបានចូលរួមស្វែងរក ដំណោះស្រាយ និងឈានទៅ​បញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៏ និងបានសន្យាថា សហការជាមួយ អាជ្ញាធរក្នុង​ការ​អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការសុខាភិបាល មិនរារាំងការយកអំណាច មិនធ្វើការប្រមូលផ្ដុំ ឬដឹក​នាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ​នោះ​ឡើយ។

ក្រសួងបានបន្តថា​ ដើម្បីបន្តសម្រប​សម្រួលដោះស្រាយបញ្ចប់វិវាទ​ការងាររួម​នៅក្រុមហ៊ុន​ ណាហ្គា​វើលដ៍ ដូចដែលក្រសួង បានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើ ក្រសួង​បានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និង បានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌​ក៏បាន​ធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ​ស្របតាមនីតិវិធីច្បាប់​រួចហើយដែរ​។

ប៉ុន្តែមេធាវី​របស់អតីតបុគ្គលិកទាំង៣នាក់​ មានការយឺតយ៉ាង​ក្នុងការដក​ពាក្យ បណ្តឹង​របស់ខ្លួននៅ​សាលា​ឧទ្ធរណ៍​ ដែលធ្វើឱ្យរាំងស្ទះ​ដល់ដំណើរ​ការ​នីតិវិធីតាមផ្លូវច្បាប់​។

ក្រសួងបានបន្តទៀតថា​ ដូច្នេះដើម្បីអាចអនុវត្ត​តាមនីតិវិធីតាមផ្លូវច្បាប់ក្នុង​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្ដោះអាសន្ន អតីតបុគ្កលិកទាំង ៣នាក់ និង មេធាវីតំណាង ត្រូវផ្តល់ការសហការ​និង​ដក​ពាក្យ​បណ្ដឹងរបស់ខ្លួន​នៅសាលាឧទ្ធរណ៍​ជាមុនសិន​។

ក្រសួងបានបន្ថែមថា នៅព្រឹកនេះ អតីតបុគ្គលិកទាំង ៣នាក់ កំពុងស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ទរណ៍។ ដូចនេះ តាមនីតិវិធីច្បាប់ ក្រសួងរំពឹងថា អតីតបុគ្គលិកទាំង ៣នាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាយ អាសន្នពេលឆាប់ៗនេះ។

ក្នុងការដោះស្រាយបញ្ចប់វិវាទការងាររួមជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងការងារបានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល។

ក្រសួងបានបន្តថា ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីនិយោជកបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ចំណែកតំណាងភាគីកម្មករនិយោជិតមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ។ ក្រសួងមានការសោកស្តាយ ដែលកិច្ចប្រជុំនេះមិនអាចដំណើរការបាន។

ជាថ្មីម្តងទៀត ក្រសួងការងារក៏បានអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីដោះស្រាយបញ្ចប់ករណីវិវាទរួមនេះឱ្យបានឆាប់ស្របតាមនីតិវិធីច្បាប់ និងតាមការសន្យារបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទីរសៀល នៅទីស្តីការក្រសួង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម