Connect with us

ព័ត៌មានជាតិ

ខេត្តកែប រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តកែប កាលពីរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» ដែលប្រារព្វធ្វើនៅបរិវេណមណ្ឌលសុខភាពចំការបី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី  អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក តំណាងអង្គការ CMEP2/URC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ ១៥៥នាក់។

តាមរបាយការណ៍ របស់លោកឧត្តមឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ ២០២១កន្លងទៅនេះ មានជំងឺគ្រុនចាញ់ ០៣ ករណី (ប្លាស្មូដ្យូមវឺវ៉ាក់)។ ក្នុងនោះមិនមានករណីធ្ងន់ធ្ងរ និងករណីស្លាប់នោះឡើយ។ ចំណែកក្នុងឆ្នាំ ២០២០ បើធៀបនឹងរយៈពេលដូចគ្នា មានការថយចុះ ៦៣% និងអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់ គឺសូន្យក្នុងខេត្តកែប នៅពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ដែរថា ដំណើរការនៃការអនុវត្តការងារលុបបំបាត់ជំងឺគ្រុនចាញ់ គឺទទួលបាននូវភាពជោគជ័យមួយកម្រិតទៀតហើយ ដោយសម្រេចបានមុនផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលមានទិសដៅទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ដែលបង្កដោយមេរោគប្លាស្មូដ្យូហ្វាល់ស៊ីប៉ារូម ( P.F ) ត្រឹមឆ្នាំ ២០២៣ ហើយឈានទៅរកការលុបបំបាត់ចោលទាំងស្រុងនៅជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០២៥។

ក្នុងពិធីដ៏មានសារ:សំខាន់នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ នូវផែនការជាច្រើន រាប់ទាំងផែនការបំបាត់ជំងឺគ្រុនចាញ់ អោយបាននៅឆ្នាំ ២០២៥ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើអោយប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង ជំងឺគ្រុនចាញ់មានខ្ពស់ណាស់ នៅតាមដងទន្លេមេគង្គ ដែលដៃគូទាំងអស់រួមទាំងកម្មវិធីមេគង្គ-ឡាងឆាង ជុំទី១ ទី២ និងទី៣ ក៏បានផ្កោតការយកចិត្តទុកដាក់លើការបំបាត់ជំងឺគ្រុនចាញ់នេះដែរ។

បើទោះបី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ កំពុងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធិភាពខ្ពស់យ៉ាងណាក៏ដោយ ក៏យើងត្រូវតែខិតខំបង្កើនល្បឿនថែមទៀត  ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០១១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ពិសេសត្រូវរួមគ្នាសម្រេចអោយបានជោគជ័យនូវគោលដៅគន្លឹះដែលបានដាក់ចេញ ៖

១-ធានាទាំងប្រសិទ្ធភាព និងគុណភាពលើគ្រប់សកម្មភាពយុទ្ធសាស្រ្ត ព្រមជាមួយកិច្ចសហការដៃគូរជាតិ អន្តរជាតិ លើការបន្តប្រតិបត្តិការផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ រហូតទទួលបានជោគជ័យទាំងស្រុង។

២-លុបបំបាត់ជំងឺគ្រុនចាញ់ទម្រង់សន្ធំ (ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូម) អោយអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២៣ ដោយបញ្ចូលបន្ថែមនូវវិធីសាស្រ្តជំហានចុងក្រោយលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងលេបថ្នាំបង្ការជាមុនចំពោះគ្រប់បុគ្គលដែលត្រូវធ្វើដំណើរចូលទៅកាន់តំបន់ប្រឈមការចម្លងជំងឺគ្រុនចាញ់ និងចូលរួមគាំទ្រផ្សព្វផ្សាយសារអប់រំសុខភាពអោយបានទូលំទូលាយតាមគ្រប់បណ្តាញនិងមជ្ឍដ្ឋាន។

៣-លុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ទូទាំងស្រុកប្រតិបត្តិអោយអត្រាជំងឺតិចជាង ៥,០ករណី ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅឆ្នាំ២០២៣ និងលុបបំបាត់ទាំងស្រុងគ្រប់ទម្រង់គ្រុនចាញ់ នៅដំណាច់ឆ្នាំ ២០២៥។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងតែបានផ្តល់លទ្ធភាព និងលើកទឹកចិត្តអោយមានចលនាកៀងគរប្រមូលប្រភពធនធានអោយកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត តាមរយៈមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត  និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធក្រោមការយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា ពិសេសការទទួលខុសត្រូវខ្ពស់របស់គណៈអភិបាលខេត្តទទួលបន្ទុកជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លើការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យទទួលបានជោគជ័យ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម