រដ្ឋបាល​ភ្នំពេញ​បន្ត​ជួសជុល​និង​អ៊ុត​ផ្លូវ​ជាច្រើន​ខ្សែ​ ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាល​ភ្នំពេញ​បន្ត​ជួសជុល​និង​អ៊ុត​ផ្លូវ​ជាច្រើន​ខ្សែ​ ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

បានផុស

នៅ

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​សកម្មភាព​ជួសជុល​និង​អ៊ុត​កៅស៊ូ​កំណាត់​ផ្លូវ​លេខ​៧៤​ប្រប​នឹង​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដោយ​បាន​ធ្វើ​សកម្មភាព​នា​ថ្ងៃ​ទី​១៧ ​ធ្នូ​នេះ ​ក្រោយពី​ផ្លូវ​នេះ​ ទទួលរង​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោម​ការណែនាំ​ពី​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​ សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ​នេះ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការ​ជួសជុល​កែ​លំអរ​ផ្លូវ​ជាច្រើន​ខ្សែ​នេះ ដើម្បី​ឲ្យ​ការដ្ឋាន​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​។

ក្រុម​មន្ត្រី​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​លេខ​៧៤​ ដែល​ត្រូវ​អ៊ុត​កៅស៊ូ​បន្ថែម​នា​ពេល​នេះ​ មាន​ប្រវែង​២៦០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ​ ដោយ​កែ​លំអរ​គ្រឹះ និង​ចាក់​អ៊ុត​កៅស៊ូ​ពីលើ​កៅស៊ូ​ចាស់​ដែល​បាន​ធ្វើ​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ចាក់​អ៊ុត​កៅ​បន្ថែម​ជា​លើកដំបូង​ ដើម្បី​ធានា​ការប្រើប្រាស់​បាន​យូរ។​ ម្យ៉ាងទៀត​កំណាត់​ផ្លូវ​នេះ ក៏​ជា​ផ្លូវ​ដែល​មាន​សារសំខាន់​លើ​ការ​រំដោះ​ចរាចរ និង​សម្រួល​លំហូរ​ចរាចរ​ណ៍​នៅ​តំបន់​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ ផង​ដែរ​។

​លោក​ សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា ក្រោយ​ទឹកជំនន់​ទឹកភ្លៀង​ស្រក​អស់ ផ្លូវ​ចំនួន ២៩​ខ្សែ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការខូចខាត​។​ ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការដឹកនាំ​ផ្ទាល់ពី​លោក​ ឃួ​ង ស្រេង ផ្លូវ​ដែល​ខូចខាត​ទាំងអស់ ​នឹង​ត្រូវ​បាន​ជួសជុល​កែ​លំអរ​ឡើងវិញ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ក្តី​សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើដំណើរ​បាន​ងាយស្រួល​។ អាជ្ញាធរ​ក៏​ដូច​មន្ត្រី​ជំនាញ បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ ​ចំពោះ​ការ​រំខាន​ដោយមាន​ការ​បិទផ្លូវ ឬ​បិទ​ទីតាំង​បណ្ដោះអាសន្ន​នៅ​ពេល​ការដ្ឋាន​ចាប់​ដំណើរការ​។​ ការ​យក​ចិត្តទុកដាក់​របស់​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ពិតជា​បាន​ជួយ​សម្រាល​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​កែប្រែ​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ស្រស់បំព្រង​ថែមទៀត​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ការ​ជួសជុល​ផ្លូវ និង​ពង្រីក​ផ្លូវ​ទៅ​ដំណាលគ្នា​តែ​ម្តង​។​ ចំពោះ​មុខ​ក្នុង​ខណ្ឌ​ដូនពេញ មាន​ផ្លូវ​លេខ ៧៤,​ផ្លូវ​លេខ​៧២,៧៦,​រង្វង់​មូល​គួច​កាណុង​និង​កំណាត់​ផ្លូវ​ប៉ាស្ទ័រ​ចាប់ពី​ផ្លូវ​លេខ​១១៤(​ផ្លូវ​ក្រមួនស​)​ដល់​ផ្លូវ​ព្រះសីហនុ​ប្រវែង​១៨០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​កន្លះ​ នឹង​ត្រូវ​ធ្វើការ​ជួសជុល​កែ​លំអរ​ដោយ​ធ្វើ​គ្រឹះ​ជាថ្មី និង​ពង្រីក​បន្ថែម​នៅ​កន្លែង​ខ្លះ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ថៃ​ស្នើ​បើក​ច្រក​ស្ទឹង​បត់ ដើម្បីកាត់​បន្ថយ​ការ​កក​ស្ទះនៅ​​ច្រកប៉ោយ​ប៉ែត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services