Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ឥណ្ឌា ជួយ​បោសសម្អាត​មីន​ភូមិ​ចំនួន ០៤ ក្នុង​ខេត្តកោះកុង ដើម្បី​ឲ្យ​ក្លាយជា​ភូមិ​អស់​មីន​

បានផុស

នៅ

ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង ឯកឧត្តម​បណ្ឌិត Rajkumar Ranja Singh, Minister of State of External Affairs នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​គម្រោង​ភូមិ​អស់​មីន​នៅក្នុង​ខេត្តកោះកុង ក្រោម​ការអនុវត្ត “​គម្រោង​ផ្តល់​ផល​រហ័ស​” របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មីន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​នៅ​សណ្ឋាគារ Hyatt Regency រវាង ឯកឧត្តម ស៊ុយ ជី​ហ៊ាង អគ្គលេខាធិការ​ស្តីទី​នៃ​អាជ្ញាធរ​មីន និង​លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​មានប្រសាសន៍ថា ពិធី​ចុះហត្ថលេខា​អនុវត្ត “​គម្រោង​ផ្តល់​ផល​រហ័ស – ភូមិ​អស់​មីន​ក្នុង​ខេត្តកោះកុង​” នា​ថ្ងៃនេះ គឺជា​ជំហាន​ដ៏​រឹងមាំ ដើម្បី​ចូលរួម​នាំ​ឲ្យ​កម្ពុជា​ខិត​ទៅជិត​គោលដៅ​នៃ​ការ​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥ ក៏ដូចជា​ការបង្ហាញ​មួយទៀត នៃ​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ដ៏​យូរអង្វែង​រវាង​សាធារណរដ្ឋ​ឥណ្ឌា និង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អាយុកាល​ជិត ២៥០០​ឆ្នាំ និង​ចំណង​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ រយៈពេល ៧០​ឆ្នាំ​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​បាន​ចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ក្នុង​នោះបាន​ផ្តល់នូវ​អវយវៈ​សិប្ប​និមិត្ត​ដល់​ជន​មាន​ពិការភាព ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​អាជ្ញាធរ​មីន និង​ការចូលរួម​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​ឆ្នាំ​២០២៥​។

ឯកឧត្តម បាន​បន្តទៀតថា អាជ្ញាធរ​មីន បាន​នឹង​កំពុងដំណើរការ​យន្តកា​រ​ភូមិ​អស់​មីន និង​កំពុង​លុបបំបាត់​ការគំរាមកំហែង​ទាំងអស់​នៅក្នុង​ភូមិ​ជាក់លាក់ ដែល​នឹងមិន​ត្រឹមតែ​ជួយសង្គ្រោះ​អាយុជីវិត​របស់​អ្នកទទួលផល​ផ្ទាល់​ប៉ុណ្ណោះ​ទេ វា​នឹង​ធ្វើឱ្យ​ជីវភាព​ភូមិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កាន់តែ​ប្រសើរឡើង ដែល​ថ្ងៃនេះ សាធារណរដ្ឋ​ឥណ្ឌា នឹង​ជួយ​ប្រែក្លាយ​ភូមិ​ចំនួន ០៤ ស្ថិតក្នុង​ខេត្តកោះកុង ទៅជា​ភូមិ​អស់​មីន ក្នុងចំណោម​ភូមិ​ចំនួន ២៨ ដែល​កំពុង​រង​ការ​គម្រាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ក្នុងឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា រយៈពេល ៣០​ឆ្នាំ ដោយមាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ ផ្ទៃដី​ប្រមាណ ២.៣៧៩ គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត និង​ផ្តល់​ផលប្រយោជន៍​ជូន​ដល់​ប្រជាជន​ប្រមាណ ៧.៥ លាន​នាក់ ព្រមទាំង​បាន​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ពី ៤.៣២០ នាក់ ក្នុង​ឆ្នាំ ១៩៩៦ មក ៤៤ នាក់ ក្នុង​ឆ្នាំ ២០២១​។ ទោះបី​មាន​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ ប្រជាជន​កម្ពុជា ប្រមាណ​ជាង ១ លាន​នាក់ កំពុង​រស់នៅ និង​ប្រកបមុខរបរ​លើ​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លើ​ផ្ទៃដី ១.៩៩១ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន ៧៣៦ គីឡូម៉ែត្រ​ក្រឡា ដែល​នឹងត្រូវ​បោសសម្អាត​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥ ដើម្បី​ឆ្លើយតប​នឹង​កាតព្វកិច្ច​កម្ពុជា​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការហាម​ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន (​អនុសញ្ញា​អូ​តា​វ៉ា​) ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ឆ្នាំ ២០២៥ គឺជា​គោលដៅ​ដែល​អាច​សម្រេចបាន ប្រសិនបើ​រាជរដ្ឋាភិបាល សហគមន៍​ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​នានា ធ្វើការ​រួមគ្នា និង​ព​ន្លឿ​ន​ការគាំទ្រ​ការងារ​បោសសម្អាត​មីន​។

ឯកឧត្តម​បណ្ឌិត Rajkumar Ranja Singh បាន​មានប្រសាសន៍ថា ឯកឧត្តម មាន​សេចក្តី​សប្បាយរីករាយ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន លើ​គម្រោង​ធ្វើ​ឲ្យ​ភូមិ​ចំនួន ០៤ ក្នុង​ខេត្តកោះកុង ជា​ភូមិ​អស់​មីន ដោយ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ជិត ៨.000 នាក់ ដែល​កំពុង​រស់នៅក្នុង​ភូមិ​ទាំងនេះ តាមរយៈ​គម្រោង​ផ្តល់​ផល​រហ័ស​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​។​

ឯកឧត្តម​បណ្ឌិត Rajkumar Ranja Singh បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ​មីន ក្នុងការ​ដោះស្រាយ​បញ្ហា​មីន ដើម្បី​ធ្វើឱ្យ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។ ឯកឧត្តម​បណ្ឌិត បានបញ្ជាក់​បន្ថែមទៀត​ថា ឥណ្ឌា​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​មីន ដើម្បី​កំណត់​តំបន់​បន្ថែមទៀត​នៃ​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​មីន និង​រួមចំណែក​ដល់​កិច្ចខិតខំ​របស់​កម្ពុជា​ឲ្យ​សម្រេច​តាម​គោលដៅ ហើយ​រដ្ឋាភិបាល​ឥណ្ឌា បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការជួយ​ដល់​ការងារ​សកម្មភាព​មីន​កម្ពុជា នៅ​គ្រប់​កម្រិត និង​គ្រប់ពេលវេលា​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត Singh ក៏បាន​លើកឡើង​អំពី​គម្រោង​របស់​រដ្ឋាភិបាល​ឥណ្ឌា ក្នុងការ​ជួយសង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម តាមរយៈ​ការ​ផ្តល់នូវ​អវយវៈ​សិប្បនិម្មិត ដោយ​រៀបចំ​ឲ្យ​មាន​តំបន់​ចំនួន​ពីរ ក្នុង​ខេត្ត​ពីរ​នៃ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ក្រោម​កិច្ចប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មីន ផងដែរ៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម