ព័ត៌មានជាតិ
«ពាណិជ្ជកម្ម» ជារឿងសំខាន់ដែលសម្ដេចតេជោ ពិភាក្សាជាមួយទូតឥណ្ឌា ដើម្បីជំរុញបន្ថែមលើវិស័យនេះ
ដោយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា នាពេលបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយ សម្តេចតេជោ ហ៊ុន សែន បានស្នើឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា យកចិត្តទុកដាក់ជំរុញលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈជាការឆ្លើយតប ទូតឥណ្ឌា សន្យាពង្រីកពាណិជ្ជកម្ម តាមរយៈការទាក់ទងវិនិយោគិនឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររបស់សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា គឺបានធ្វើឡើងនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក វ៉ាន់ឡាល់វ៉ូណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងពីចំណុចសំខាន់ជាច្រើនដែលកម្ពុជា និងឥណ្ឌា ត្រូវពង្រឹងជាមួយគ្នាបន្ថែមទៀត ពិសេសនោះ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម ដែលជាចំណុចសំខាន់ ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

តាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា គឺសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងមក គឺមានភាពល្អប្រសើរ ប៉ុន្ដែសម្ដេចចង់ឃើញទំនាក់ទំនងនេះនឹងឈានទៅដល់មួយកម្រិតបន្ថែមទៀត ទាំងក្នុងក្របខណ្ឌនីតិបញ្ញតិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោ បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
សម្រាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម សម្ដេចតេជោ បានអបអរសាទរដែលពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានការកើនឡើង ប៉ុន្ដែសម្ដេចបញ្ជាក់ថា កំណើននេះមិនទាន់ឆ្លើយតបចំពោះសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ខណៈបច្ចុប្បន្ននេះ ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួនត្រឹមជាង៣៤០លានដុល្លារ។ ក្នុងន័យនេះ តាមការបញ្ជាក់របស់អ្នកនាំព្រឹទ្ធសភា គឺសម្ដេចតេជោចង់ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគមានកំណើនបន្ថែមទៀត ឱ្យស្របទៅនឹងសក្ដានុពលរបស់ប្រទេសទាំងពីរបច្ចុប្បន្ននេះ។

ភ្ជាប់គ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងពីការចង់ឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាជួយជំរុញជើងហោះហើររវាងកម្ពុជា-ឥណ្ឌាឱ្យមានចំនួនកាន់តែច្រើនថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតខណៈឥណ្ឌាមានប្រជាជនច្រើន ហើយសម្ដេចរំពឹងថា នឹងមានកំណើនទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដាក់ក្ដីសង្ឃឹមលើលោកឯកអគ្គរដ្ឋទូត ថា ក្នុងអាណត្តិការទូតនៅកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ឈានទៅមួយកម្រិតទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានសន្យានឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាជំរុញការធ្វើការងារជាមួយគ្នារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសគឺការទាក់ទងអ្នកវិនិយោគឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត និងពន្យល់ពលរដ្ឋឥណ្ឌាឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន។
កម្ពុជា និងឥណ្ឌា មានចំណងទំនាក់ទំនងដ៏យូរអង្វែង ចាប់តាំងពីឆ្នាំ១៩៥២ ហើយក្នុងឆ្នាំ២០២៧ខាងមុខ ជាខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ដូច្នេះ លោករដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌា ក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសខួប៧៥ឆ្នាំនេះ ឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


